តើហេតុអ្វីបានជាកម្ពុជាចាំបាច់ត្រូវតាក់តែងច្បាប់ស្តីពីសំណង់ថ្មី?
ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់បានរៀបចំតាក់តែងច្បាប់ស្តីពីសំណង់ ដែលកាលពីខែ សីហា កន្លងទៅនេះ ច្បាប់មួយនេះ ក៏ត្រូវបានទទួលការឯកភាពពីគណៈរដ្ឋមន្រ្តី។តើហេតុអ្វីបានជាកម្ពុជាចាំបាច់ត្រូវតាក់តែងច្បាប់ស្តីពីសំណង់នេះ?
ច្បាប់ស្តីពីសំណង់កម្រាស់ ៣១ ទំព័រនេះ គឺចែកចេញជា ២២ជំពូក និង ១១៣មាត្រា ដែលត្រូវបានតាក់តែងឡើងជាលើកដំបូងនៅឆ្នាំ២០១៧ ដោយមន្ត្រីជំនាញនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមផ្ដល់មតិយោបល់ និងធាតុចូលពីអ្នកជំនាញនៃក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន។
យោងតាមសេចក្តីថ្លែងហេតុដែលត្រូវបានផ្សព្វផ្សាយក្នុងសិក្ខាសាលាស្វែងយល់ពីច្បាប់មួយនេះកាលពីថ្ងៃទី២០ ខែកញ្ញា នៅវិមានរដ្ឋសភា ច្បាប់សំណង់នេះ គឺតាក់តែងឡើងដើម្បីឆ្លើយតបនឹងសន្ទុះនៃការរីកចម្រើនរបស់វិស័យសំណង់ ដែលតម្រូវឲ្យមានការពង្រឹងការគ្រប់គ្រងរាល់ដំណើរការ និងប្រតិបត្តិការក្នុងវិស័យសំណង់ និងអ្នកពាក់ព័ន្ធនឹងការងារសំណង់។
សេចក្តីថ្លែងហេតុបានសរសេរថា៖ «សំណង់កាន់តែធំ កាន់តែខ្ពស់ និងកាន់តែស្មុគស្មាញ កាន់តែទាមទារឲ្យមានការអនុវត្តឲ្យបានត្រឹមត្រូវតាមបទដ្ឋានគតិយុត្ត បច្ចេកវិទ្យា ស្តង់ដា និងបទប្បញ្ញាត្តិបច្ចេកទេស ដើម្បីធានាភាពរឹកមាំ គុណភាព សោភណភាព និងចីរភាពនៃសំណង់»។
ជាក់ស្តែង ចាប់តាំងពីឆ្នាំ ២០០០ ដល់ខែមិថុនា ឆ្នាំ ២០១៩ គម្រោងសំណង់ចំនួន ៤៥ ៦០៥ គម្រោងត្រូវបានអនុមត័ជាមួយនឹងទុនវិនិយោគប្រមាណជាង ៤៥ ពាន់លានដុល្លារអាមេរិក សម្រាប់បំរើដល់ វិស័យពាណិជ្ជកម្ម ទេសចរណ៍ លំនៅដ្ឋាន សាធារណៈ និងឧស្សាហកម្មជាដើម។ (អានបន្ថែម)
ក្រៅពីឆ្លើយតបទៅនឹងកំណើននៃវិស័យសំណង់ ការតាក់តែងច្បាប់ស្តីពីសំណង់ គឺដើម្បីឲ្យកម្ពុជាអាចសម្របខ្លួនជាមួយនឹងបដិវត្តន៍សេដ្ឋកិច្ចជំនាន់ទី៤ ដែលជាកម្រិតឧស្សាហកម្មចុងក្រោយបង្អស់ដែលសកម្មភាពសេដ្ឋកិច្ចគឺសុទ្ធសឹងតែពឹងផ្អែកទៅលើបច្ចេកវិទ្យា។
សេចក្តីថ្លែងហេតុបានបន្តថា៖«រៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថលដើម្បីឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤ផង និងដើម្បីលើកតម្កើងអត្តសញ្ញាណជាតិ និងភាពសុខដុមរមនានៅក្នុងសង្គមផង»។
បន្ថែមជាងនេះទៀត ច្បាប់សំណង់ថ្មី ក៏នឹងដើរតួរជាមូលដ្ឋានគ្រឹះដើម្បីអាចឲ្យកម្ពុជាសម្រេចចក្ខុវិស័យអភិវឌ្ឍន៍របស់ខ្លួនក្នុងឆ្នាំ ២០៥០ផងដែរ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលពី៤របស់រាជរដ្ឋាភិបាលកម្ពុជា។
គួរបញ្ជាក់ថា បន្ទាប់ពីអនុម័តដោយគណៈរដ្ឋមន្ត្រី ច្បាប់ស្តីពីសំណង់នឹងបញ្ជូនទៅរដ្ឋសភា ពិនិត្យ និងផ្តល់យោបល់ មុននឹងដាក់ឆ្លងសភាពេញអង្គ ពិនិត្យ និងអនុម័ត៕
- Video Advertisement -