តើអ្នកត្រូវធ្វើដូចម្តេច ប្រសិនបើសំណង់មួយសាងសាង់លើពីច្បាប់អនុញ្ញាត?
មុននឹងធ្វើការសាងសង់សំណង់លើដីណាមួយ អ្នកត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិន។ ចុះបើអ្នកចង់ ឬជ្រុលសាងសង់សំណង់ណាមួយលើសកម្រិតដែលរដ្ឋកំណត់ ឬ ហៅថា ការសាងសង់លើសកម្រិតសន្ទស្សន៍ប្រើប្រាស់ដីអតិបរមាផ្លូវការ តើអ្នកត្រូវធ្វើដូចម្ដេច?
កម្រិតសន្ទស្សន៍ប្រើប្រាស់ដីអតិបរមាផ្លូវការ គឺជាប្រភេទសន្ទស្សន៍ប្រើប្រាស់ដីដែលកំណត់ដោយរាជរដ្ឋាភិបាល តាមរយៈអនុក្រឹត្យលេខ៤២ អ.ន.ក្រ.បក ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥ ស្តីពីនគរូបនីយកម្ម រាជធានី ក្រុង និងទីប្រជុំជន។
សន្ទស្សន៍ប្រើប្រាស់ដី ជាមេគុណកំណត់ពីលទ្ធភាពនៃការប្រើប្រាស់ដី ការអភិវឌ្ឍ ការអភិរក្ស និងការសាងសង់។ អគារមួយត្រៀមនឹងសាងសង់លើដីមួយកន្លែង គឺត្រូវគណនារកមើលមេគុណនៃសន្ទស្សន៍ប្រើប្រាស់ដីជាមុនសិន ថាតើវាលើសពីសន្ទស្សន៍ប្រើប្រាស់ដីផ្លូវការអតិបរមាដែរឬទេ។
របៀបនៃការគណនានេះ មានភ្ជាប់នៅក្នុងឧបសម្ព័ន្ធនៃប្រកាសលេខ២១៧ ប្រក.ដ.ន.ស ចុះថ្ងៃទី៣០ ខែធ្នូ២០១៥ ស្តីពីវិធានគណនាសន្ទស្សន៍ប្រើប្រាស់ដី។
ការប្រើប្រាស់សន្ទស្សន៍អតិបរមាផ្លូវការនេះ គឺប្រើទៅលើការសាងសង់អគារនៅក្នុងប្រភេទដីសម្រាប់សាងសង់ និងប្រភេទដីកម្រិតការសាងសង់ ហើយប្រភេទទាំងពីរនេះ មានកម្រិតសន្ទស្សន៍មិនដូចគ្នាទេ។ តួយ៉ាង សន្ទស្សន៍ប្រើប្រាស់ដីអតិបរមាសម្រាប់ប្រភេទដីកម្រិតការសាងសង់នៅទីក្រុង ត្រូវកំណត់១,៥ (មួយកន្លះ)។ (អានបន្ថែម)
បើការសាងសង់មួយដែលលើសកម្រិតសន្ទស្សន៍ប្រើប្រាស់ដីអតិបរមាផ្លូវការ តើត្រូវធ្វើដូចម្តេច?
បើការសាងសង់មួយលើសពីកម្រិតសន្ទស្សន៍ប្រើប្រាស់ដីអតិបរមាផ្លូវការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងតម្រូវឱ្យម្ចាស់សំណង់ ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ ព្រមទាំងបង់ថ្លៃសេវាទៅលើផ្ទៃក្រឡាសំណង់ ដែលសាងសង់លើសកម្រិតសន្ទស្សន៍ប្រើប្រាស់ដីអតិបរមាផ្លូវការ។ ផ្ទៃក្រឡាសំណង់ដែលលើសកម្រិតសន្ទស្សន៍ប្រើប្រាស់ដីអតិបរមាផ្លូវការ គឺគិតចាប់ពី១០០ ម២ ចុះ រហូតដល់លើសពី ២០ ០០០ ម២ ។
ប្រភេទអគារដែលជាកម្មវត្ថុសម្រាប់ការផ្តល់លិខិតអនុញ្ញាតសាងសង់លើសកម្រិតសន្ទស្សន៍ប្រើប្រាស់ដីអតិបរមាផ្លូវការ រួមមាន៖
– អគារលំនៅឋានដែលមានកំពស់ខ្ពស់ (លើសពី១២ ជាន់គិតពីជាន់ផ្ទាល់ដី)
– អគារពាណិជ្ជកម្ម
– អគារពហុមុខងារ
– អគារបម្រើសេវាកម្មទេសចរណ៍
– អគារសណ្ឋាគារ។
ចំពោះសំណង់អគារទាំងឡាយណាដែលពុំតម្រូវឱ្យមានលិខិតអនុញ្ញាតសាងសង់ ពុំតម្រូវឱ្យដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់លើសកម្រិតសន្ទស្សន៍ប្រើប្រាស់ដីអតិបរមាផ្លូវការទេ ដូចជាគ្រឹះសា្ថនសាធារណៈ ឬអគាររដ្ឋបាលសាធារណៈជាដើម។
- Video Advertisement -