ត្រឹមឆ្នាំ២០២៤៖ កម្ពុជាបណ្ដុះអ្នកជំនាញទេសចរណ៍កម្រិតស្តង់ដាអាស៊ានបានជាង២ពាន់នាក់
ត្រឹមឆ្នាំ២០២៤ កម្ពុជាបានបណ្ដុះបណ្ដាលអ្នកជំនាញទេសចរណ៍ដែលមានសមត្ថភាពស្របតាមស្តង់ដារអាស៊ាន និងបានឆ្លងកាត់ការវាយតម្លៃសមត្ថភាពលើការសិក្សាពីមុន (Recognition of Prior Leaming RPL) បានប្រមាណ ២,២០០នាក់។ នេះបើតាមសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការកសាងសមត្ថភាពរបស់អ្នកវាយតម្លៃបង្គោលអាស៊ាន លើគោលការណ៍ណែនាំស្តីពីការវាយតម្លៃការសិក្សាពីមុនលើអ្នកជំនាញទេសចរណ៍អាស៊ាន» នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
ឯកឧត្តម ហួត ហាក់ បានថ្លែងថា ការកសាងសមត្ថភាពរបស់អ្នកវាយតម្លៃបង្គោលអាស៊ានលើគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃការសិក្សាពីមុនលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN RPL Guidelines) ពិតជាឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារនៃឧស្សាហកម្មទេសចរណ៍នាពេលបច្ចុប្បន្ន ពិសេសបានអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍។
ឯកឧត្តម បន្តថា ការរីកចម្រើនជាបន្តបន្ទាប់នៃវិស័យទេសចរណ៍កម្ពុជា ដែលជាមាសបៃតង និងជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ គឺកើតចេញមកពីមរតកដ៏មានតម្លៃមហិមាមិនអាចកាត់ថ្លៃបាននៃស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹង និងសុខដុមនីយកម្មនៅក្នុងសង្គម។ ឯកឧត្តមបន្ថែមទៀតថា ក្រោមការដឹកនាំរបស់រដ្ឋាភិបាល កម្ពុជា បាននិងកំពុងឈរលើមាគ៌ាដ៏ត្រឹមត្រូវ ដើម្បីឆ្ពោះទៅសម្រេចឱ្យបានគោលដៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលខ្ពស់។
គួរបញ្ជាក់ថា គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានទទួលស្គាល់សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងសាកលវិទ្យាល័យដៃគូ ដែលបានអនុវត្ត គាំទ្រតាមកម្មវិធីសិក្សាអាស៊ានបានចំនួន ១៨ រាជធានី និងខេត្តគោលដៅ ដោយសាលាបានបណ្តុះបណ្តាលសិស្សសិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍ ប្រមាណ ៨,៩៨៩នាក់។
ក្នុងនោះដែរ បើគិតត្រឹមឆ្នាំ២០២៤ អ្នកជំនាញទេសចរណ៍ដែលបានឆ្លងកាត់ការវាយតម្លៃលើការសិក្សាស្របតាមស្តង់ដាអាស៊ានមានប្រមាណ ២,២០០នាក់។ ក្នុងនោះកម្ពុជាមានគ្រូបង្គោលអាស៊ាន ចំនួន ៣០នាក់ នៃសេវាកម្មសណ្ឋាគារលើផ្នែកការិយាល័យជួរមុខ ផ្នែកគេហកិច្ច ផ្នែកសេវាកម្មម្ហូបអាហារ និងសេវាកម្មធ្វើដំណើរ លើផ្នែកការីទេសចរណ៍ និងផ្នែកទីភ្នាក់ងារទេសចរណ៍ ព្រមទាំងមានគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ ចំនួន ៧៧៣នាក់ នៃសេវាកម្មសណ្ឋាគារ និងសេវាកម្មធ្វើដំណើរ៕
- Video Advertisement -