ត្រឹមឆ្នាំ២០៣០ ទីក្រុងភ្នំពេញត្រូវការលំនៅដ្ឋាន ៨០០.០០០ផ្ទះ

ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការលំនៅឋានក្នុងចំណោមប្រជាជនដែលមានចំណូលទាប និងមធ្យម ទីក្រុងភ្នំពេញនឹងត្រូវការបន្ថែមនូវលំនៅឋានចំនួន ៨០០.០០០ ខ្នងបន្ថែម នេះបើយោងតាម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

តាមរយៈសន្ទរកថាក្នុងវេទិកាលំនៅឋានថ្នាក់ជាតិក្រោមប្រធានបទ “លំនៅឋាននៅចំណុចមូលដ្ឋាន” ដែលបានប្រារព្ធឡើងកាលពីចុងខែមិថុនា ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានពន្យល់ថា ចាប់តាំងពីចំនួនប្រជាជនក្នុងទីក្រុងភ្នំពេញត្រូវបានប៉ាន់ប្រមាណពីកំណើនជិត ៨លាននាក់ ឬប្រហែល ៤០ភាគរយ នៃចំនួនប្រជាជនសរុប នៅឆ្នាំ ២០៣០ តំបន់រាជធានីក្រុងនឹងត្រូវការបន្ថែមនូវលំនៅឋាន ៨០០.០០០ ខ្នង បន្ថែមទៀតដើម្បីឆ្លើយតបចំពោះតម្រូវការនៃកំណើនប្រជាជននេះ។ ការព្យាករណ៍សម្រាប់រយៈពេល ១៥ឆ្នាំខាងមុខនេះ គឺផ្អែកតាមកំណើនប្រជាជនយ៉ាងគំហុកពីទីជនបទហូរចូលទីប្រជុំជននៃរាជធានីនាពេលបច្ចុប្បន្ន។

“ដើម្បីឆ្លើយតបនូវកំណើន ក្រសួងបានអនុវត្តនូវគោលនយោបាយលំនៅដ្ឋានថ្នាក់ជាតិ ដើម្បីលើកទឹកចិត្ត និងគាំទ្រដល់កង្វះនៃការអភិវឌ្ឍន៍លំនៅឋានដែលមានតម្លៃទាបក្រោម ៣០.០០០ដុល្លារអាមេរិក ក្នុងមួយខ្នង ជាមួយនឹងការទូទាត់រយៈពេលវែង” នេះបើតាមប្រសាសន៍របស់ឯកឧត្តម ជា សុផារ៉ា នៅក្នុងវេទិកានេះ។

មួយឆ្នាំទៅមួយឆ្នាំ តម្រូវការលំនៅឋាននៅក្នុងប្រទេសកម្ពុជាតែងតែបន្តកើនឡើងជាប្រចាំទៅតាម សន្ទុះកំណើនប្រជាជនយ៉ាងលឿនក្នុងរយៈពីរបីឆ្នាំចុងក្រោយ។ ខណៈដែលចំនួនប្រជាជនបច្ចុប្បន្នត្រូវ បានប៉ាន់ប្រមាណ ១៥,៨លាននាក់ នៅក្នងឆ្នាំ ២០១៧។ ចំនួននេះត្រូវបានព្យាករណ៍ចន្លោះ ១៨.៤ លាននាក់នៅឆ្នាំ ២០៣០ នេះបើយោងតាមការចុះផ្សាយដោយអង្គការមនុស្សជាតិនាំកម្ពុជា ហាប៊ីតាត ដែលបានរៀបចំនៅវេទិកាលំនៅឋានថ្នាកជាតិ។

ក្នុងរបាយការណ៍បានរកឃើញថា វិស័យឯកជនបានបង្ហាញថាខ្លួនមានការផ្តោតលើក្រុមប្រជាជនដែលមានចំណូលមធ្យម និងចំណូលលើមធ្យម ជាមួយនឹងចំណូលគ្រួសារលើសពី ៥០០ដុល្លារក្នុងមួយខែ ខណៈដែលការផ្តោតលើចំណូលគ្រួសារទាបជាងនេះមានសន្ទុះយឺតយ៉ាវ។

ការអភិវឌ្ឍន៍លំនៅឋានរបស់អ្នកមានចំណូលទាប់ត្រូវបានរំពឹងថានឹងផ្តល់ចំនួន ៧.៦៣៧ខ្នង នៅពាក់កណ្តាលឆ្នាំ ២០១៧។ បច្ចុប្បន្ន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ដៃគូជាមួយអ្នកអភិវឌ្ឍន៍ពីរក្រុមហ៊ុន គឺ Worldbridge Land និង ក្រុមហ៊ុន B&BM ដើម្បីអភិវឌ្ឍន៍ផ្ទះសមរម្យសម្រាប់គ្រួសារមានចំណូលទាប និងមធ្យម។ មានទីតាំងនៅស្រុកពញាឮ ខេត្តកណ្តាល ក្រុមហ៊ុន B&BM Development Co., Ltd. បានបើកការដ្ឋានកាលពីដើមខែឧសភា សម្រាប់ការអភិវឌ្ឍន៍គម្រោង ដែលមានផ្ទៃដីប្រហែល ៨២ហិកតា ជាមួយផ្ទះចំនួន ៥.៣៤០ខ្នង។ ក្រុមហ៊ុន Worldbridge Land បានចាប់ផ្តើមជំហាន១ របស់ខ្លួននៅក្នុងខែមករា លើផ្ទៃដីទំហំ ២៤ហិកតា ដែលមានទីតាំងនៅក្រុងតាខ្មៅ មានផ្ទះចំនួន ២.២៩៧ខ្នង ជាប្រភេទផ្ទះ ២ជាន់។

បន្ថែមពីនេះទៀត មានក្រុមហ៊ុនចងសម្ព័ន្ធអូស្រ្តាលី-ខ្មែរបានដាក់គោលបំណងចាប់ផ្តើមនៅគម្រោង ផ្ទះតម្លៃទាបនេះដើម្បីចាប់យកគ្រួសារដែលទើបរៀបការថ្មីថ្មោង និងស្វែងរកទិញផ្ទះជាលើកដំបូង។

ការចងសម្ព័ន្ធនេះ នឹងវិនិយោគទឹកប្រាក់ចំនួន ២៥លានដុល្លារ ជាជំហានទី១ នៃគម្រោងដែលមានទីតាំងនៅក្នុងសង្កាត់ពោធិ៍សែនជ័យ ខណ្ឌដង្កោ រាជធានីភ្នំពេញ នេះបើយោងតាមព័ត៌មានពីក្រុមហ៊ុន Australian Cate Group ចុះផ្សាយដោយខ្មែរថាម។

ថ្មីៗនេះ មានសិក្ខាសាលាលំនៅឋានបានផ្តោតលើបញ្ហាដែលប្រឈមក្នុងទីផ្សារដែលជោគជាំជាមួយ ជម្រើសអ្នកទិញដែលមានចំណូលខ្ពស់ និងជាឆន្ទះរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់ក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនដើម្បីផ្គត់ផ្គង់នូវផ្ទះតម្លៃទាបនៅតាមជាយរាជធានី។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Ministry of Public Works Supports Plastic-Modified Asphalt Technology for Sustainable Road Infrastructure

ក្រសួងសាធារណការ គាំទ្របច្ចេកវិទ្យាកែច្នៃផ្លាស្ទិកជាកៅស៊ […]

កម្មវិធីសំណង់ឌីជីថលអាចបង្កើតប្រយោជន៍អ្វីខ្លះចេញពីថាមពលកម្ដៅផែនដី?

បច្ចេកវិទ្យាឌីជីថលកំពុងជួយផ្លាស់ប្តូរការអភិវឌ្ឍថាមពលកម្ […]

Bentley ៖ AI មិនមែនជំនួសការងារវិស្វករទេ តែជួយឱ្យវិស្វករសម្រេចការងារធំជាងមុន

ក្រុមហ៊ុន Bentley Systems កំពុងប្រើប្រាស់បញ្ញាសិប្បនិម្ […]

ក្រុមហ៊ុនអាឡឺម៉ង់ និងក្រុមហ៊ុន OCIC សហការបើកដំណើរការសណ្ឋាគារដ៏ធំទី៣របស់ខ្លួននៅកម្ពុជា

ក្រុមហ៊ុនអាឡឺម៉ង់ Tui Hotels & Resorts សហការជាមួយក្ […]

ក្រុមហ៊ុន Bentley Systems ប្រកាសម្ចាស់ជ័យលាភីពានរង្វាន់ Year in Infrastructure Awards ឆ្នាំ២០២៦

រលកថ្មីនៃរបកគំហើញបច្ចេកវិទ្យា AI កំពុងជួយវិស្វករដោះស្រា […]