ថៃគ្រោងបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាបដិវត្តន៍ឧស្សាហកម្មទី៤ដល់យុវជនកម្ពុជា
ក្រុមហ៊ុនសាជីវកម្ម SNC Former Public Company Ltd របស់ប្រទេសថៃ គ្រោងនឹងបង្កើតវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកវិទ្យាកម្រិតខ្ពស់ ដើម្បីគាំទ្របដិវត្តន៍ឧស្សាហកម្មទី៤ នៅកម្ពុជា ដែលអាចជួយអភិវឌ្ឍធនធានមនុស្ស និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស។។ នេះបើតាមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ឯកឧត្តម អ៊ូក សោភ័ណ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២។
ក្នុងដំណើរទស្សនកិច្ចសិក្សាខ្សែសង្វាក់ចំនួន ២៣ រោងចក្ររបស់ក្រុមហ៊ុនខាងលើ ឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងថា គម្រោងបង្កើតវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកវិទ្យាកម្រិតខ្ពស់នេះ ដើរតួនាទីសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា ពីព្រោះវាមានសង្គតិភាពជាមួយផែនការអភិវឌ្ឍន៍ឧស្សាហកម្ម (IDP) ឆ្នាំ២០១៥-២០២៥ និងមានសក្តានុពលធ្វើឱ្យសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់។
វិទ្យាស្ថានបច្ចេកវិទ្យាលក្ខណៈស្តង់ដារស្វ័យប្រវត្តិទំនើបមួយនេះ នឹងបំពាក់បំប៉នជំនាញផលិតឧបករណ៍ និងគ្រឿងអេឡិចត្រូនិកដល់យុវជនកម្ពុជា សម្រាប់គាំទ្រការវិនិយោគពង្រីកទីផ្សាររបស់ក្រុមហ៊ុននាពេលអនាគត។
នេះជាគម្រោងថ្មី ដែលក្រុមហ៊ុនសាជីវកម្ម SNC ត្រៀមនឹងបង្កើតឡើង ក្រោយក្រុមហ៊ុនធ្លាប់បានសិក្សាលើវិស័យជាច្រើននៅកម្ពុជារួចមកហើយ ដូចជាការគ្រប់គ្រងកាកសំណល់ រហូតដល់ថាមពលកកើតឡើងវិញ។
ក្រុមហ៊ុនសាជីវកម្ម SNC បង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៤ ហើយបច្ចុប្បន្នបាននិងកំពុងធ្វើប្រតិបត្តិការធុរកិច្ចដោយប្រើប្រាស់រ៉ូបូតភាគច្រើន ដើម្បីផលិតគ្រឿងបន្លាស់ម៉ាស៊ីនត្រជាក់សម្រាប់គេហដ្ឋាន និងរថយន្ត ទូទឹកកក និងទូរទស្សន៍ សម្រាប់លក់ផ្ទាល់ជូនអតិជន ដែលជាម្ចាស់ម៉ាកយីហោល្បីៗនៅក្នុងប្រទេសថៃ និងតំបន់អាស៊ី។
- Video Advertisement -