ថៃនឹងជួយសង់មជ្ឈមណ្ឌលជាតិស្តារនីតិសម្បទាលើដី២០ហិកតា នៅខេត្តព្រះសីហនុ
រាជរដ្ឋាភិបាលថៃនឹងរួមចំណែកជួយសាងសង់មជ្ឈមណ្ឌលជាតិស្តារនីតិសម្បទានិងបណ្តុះបណ្តាលវិជ្ជាជីវៈ មួយកន្លែងលើផ្ទៃទំហំ ២០ហិកតា នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ នេះបើយោងតាមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ក្នុងដំណើរចុះត្រួតពិនិត្យប្លង់មេនេះកាលពីថ្ងៃទី ៦ សីហានេះ ឯកឧត្តម បានឲ្យដឹងថា មជ្ឈមណ្ឌលនេះស្ថិតនៅភូមិរីទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ដែលនឹងរួមចំណែកសាងសង់ដោយរាជរដ្ឋាភិបាលថៃ។
ឯកឧត្តមបន្តថា៖ «យើងនឹងដាក់ឱ្យមជ្ឈមណ្ឌលជាតិនេះដំណើរការស្របពេលខួបទី៧០ឆ្នាំនៃចំណងសាមគ្គីភាពនៃព្រះរាជាណាចក្រកម្ពុជា-ព្រះរាជាណាចក្រថៃ»។
មជ្ឈមណ្ឌលជាតិនេះ នឹងក្លាយជាមជ្ឈមណ្ឌលដែលផ្តល់ការបណ្តុះបណ្តាលផលិតធនធានមនុស្សពហុចំណេះជំនាញបម្រើដល់ទីផ្សារការងារនៅកម្ពុជាផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តម កែ គឹមយ៉ាន ក៏បានស្នើឱ្យមានការដាក់ដំណើរការនូវ មជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ នៅខេត្តព្រះសីហនុ នៅខែវិច្ឆិកា ២០២០ ខាងមុខ ដើម្បីបន្ថយការភាពចង្អៀតណែននៅមជ្ឈមណ្ឌលនៅរាជធានីភ្នំពេញ។

