ថៃ កម្ពុជា វៀតណាមរួមគ្នាបើកទេសចរណ៍ផ្លូវទឹកថ្មី គ្រោងនឹងដាក់ដំណើរការពីខែវិច្ឆិកានេះតទៅ

ប្រទេស​ថៃ កំពុងជំរុញកិច្ចសហការជាមួយកម្ពុជានិងវៀតណាម ដើម្បីអភិវឌ្ឍផ្លូវ​សមុទ្រ​ថ្មី​មួយ​ខ្សែ តភ្ជាប់​ប្រជុំ​កោះ​ក្បែរ​ខេត្ត​ត្រាត​ក្នុង​ប្រទេស​ថៃ​ជាមួយ​ខេត្ត​គៀនយ៉ាង​របស់​វៀតណាម ដោយឆ្លងកាត់តាម​ខេត្ត​ព្រះសីហនុ​របស់​កម្ពុជា។ គម្រោងដ៏ធំនេះ មានគោលបំណងជំរុញមិនត្រឹមតែវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ និងសកម្មភាពឧស្សាហកម្មនៅពាសពេញតំបន់ឆ្នេរនៃប្រទេសទាំងបីផងដែរ។ គំនិតផ្តួចផ្តើមថ្មីនេះ ត្រូវបានប្រកាសនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៤ ក្នុងអំឡុងពេលកិច្ចប្រជុំស្តីពី “ច្រករបៀងសេដ្ឋកិច្ចកម្ពុជា-វៀតណាម-ថៃ (CVTEC) – Trat Business Roadshow 2024 និងបានចុះផ្សាយដោយសារៈព័ត៌មាន Nationthailand នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤។​

ប្រធានក្រុមប្រឹក្សាទេសចរណ៍នៃប្រទេសថៃ (TCT) លោក Chamnan Srisawat បាននិយាយថា TCT កំពុងពន្លឿនការរៀបចំសន្និសីទត្រៃភាគី CVTEC ក្នុងនោះមាន ការិយាល័យពិព័ណ៌ពាណិជ្ជកម្មថៃ TCEB ជាអ្នកសហការរៀបចំ និងជាអ្នកឧបត្ថម្ភធំ។ គោលដៅចម្បងនៃការរៀបចំគម្រោងនេះ គឺដើម្បីជំរុញផ្លូវសមុទ្រតភ្ជាប់ប្រទេសទាំងបី ក្រោមចក្ខុវិស័យបង្កើត “ទីផ្សារមួយ ទិសដៅបី”។”

យោងតាមអនុប្រធានក្រុមប្រឹក្សាទេសចរណ៍ខេត្តត្រាត លោក Wiyada Suang ផ្លូវសមុទ្រថ្មីនេះ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមបើកឱ្យនាវា អាចចរាចរណ៍ធ្វើដំណើរឆ្លងកាត់បានចាប់ពីកំឡុងពេលរដូវទេសចរណ៍កំពុងពេញឡើង ពោលគឺចាប់ពីដើមខែវិច្ឆិកាឆ្នាំនេះតទៅ។

“ផ្លូវថ្មីនេះ នឹងផ្តល់ជូនអ្នកទេសចរនូវឱកាសដែលមិនធ្លាប់មានពីមុនមក ដែលអាចឱ្យគេធ្វើដំណើរផ្សងព្រេងលើកោះនានា ជាមួយនឹងបទពិសោធន៍ថ្មីដែលមិនអាចបំភ្លេចបាន ដោយការចេញដំណើរគឺចាប់ពីឆ្នេរប៉ាតាយ៉ាទៅឡាមឆាបាងក្នុងប្រទេសថៃ ហើយបន្ទាប់មកបន្តទៅត្រាត ខេត្តព្រះសីហនុ និងតំបន់គៀនយ៉ាងនៃប្រទេសវៀតណាម និងត្រឡប់មកវិញតាមផ្លូវដដែល។” ប្រសាសន៍របស់លោក  Apichai Somboonpakorn នាយករងការិយាល័យពិព័ណ៌ពាណិជ្ជកម្មថៃ TCEB ។

ជុំវិញការត្រៀមខ្លួនរបស់កម្ពុជាចំពោះគម្រោងនេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានលើកឡើងក្នុងបទសម្ភាសន៍ជាមួយ RFI កាលពីថ្ងៃទី ១៩ ខែមិថុនានេះ ថា “ខេត្តព្រះសីហនុគឺល្អបំផុតហើយ​ ពីព្រោះថា នៅក្នុងខេត្តយើងមានហេដ្ឋារចនាសម្ព័ន្ធស្រាប់ …យើងអត់ចាំបាច់កសាងអ្វីច្រើនទៀតទេ។ គ្រាន់តែបន្ថែមផលិតផលសេវាមួយចំនួនទៀតទៅ គឺយើងអាចទទួលភ្ញៀវបានហើយ។”

ក្រៅពីវិស័យទេសចរណ៍ ការតភ្ជាប់បីប្រទេសនេះ ត្រូវបានអ្នកជំនាញមើលឃើញពីសក្តានុពលអភិវឌ្ឍន៍ជាច្រើនទៀតផងដែរ។​ “បើយើងមានគម្រោងការតភ្ជាប់វាងបីប្រទេសនេះ វាជាឱកាសសម្រាប់ខេត្តព្រះសីហនុរបស់យើង សម្រាប់ជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម ដើម្បីឱ្យដំណើរការអគារដែលជាប់គាំងហ្នឹង ឱ្យកាន់តែច្រើនឡើងវិញ …និងអាចមានសំណង់ថ្មីៗសង់បន្ថែមទៀត។” ប្រសាសន៍លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។

ដោយឡែកលោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិច តាមរយៈបទសម្ភាសន៍ដដែលបានលើកឡើងពីបញ្ហាប្រឈមមួយចំនួន៖ “កន្លងមកចំនួនដែលទន់ខ្សោយរបស់យើង គឺនៅផលិតផល ទី២ គឺសេវាកម្ម។ ទី៣ ទីផ្សារ អាហ្នឹងគឺយើងមិនអាចប្រកួតប្រជែងគេបាន។ រហូតមកដល់សព្វថ្ងៃនេះ មិនថារដ្ឋមិនថាឯកជន គឺយើងនៅតែទៅពឹងដង្ហើមគេដក គឺយើងអត់ដែលបានទៅប្រកួតប្រជែងនៅទីផ្សារដោយផ្ទាល់ទេ…ចឹងយើងគ្រាន់តែជាប្រទេសបន្តដំណើរទេ មានន័យថា គេចាយលុយនៅវៀតណាមនៅថៃអស់ហើយ…យើងត្រូវតែហ៊ានចំណាយហើយបង្កើននៅទីផ្សារខ្លួនឯង។”

គួររំលឹកថាជាលទ្ធផលពីកិច្ចប្រជុំ CVTEC នេះ តំណាងសំខាន់ៗពីស្ថាប័នវិស័យឯកជន និងសាធារណៈនៃប្រទេសទាំងបី ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីរួមគ្នាពង្រឹងពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងសកម្មភាពជាលក្ខណៈកិច្ចប្រជុំ ការលើកទឹកចិត្ត សន្និសីទ និងការធ្វើពិព័រណ៌ពាណិជ្ជកម្ម ( MICE) នៅតាមបណ្តោយផ្លូវទឹកថ្មីនេះ ឱ្យកាន់តែមានភាពសកម្មភាព និងមមាញឹកបន្ថែមទៀតផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]