ទីបំផុតអ្នកទិញខុនដូអាចមានអារម្មណ៍ធូរស្បើយ
ដោយ Eric Wong Chon Lap
នេះគឺជាឆ្នាំដែលអ្នកទិញខុនដូទុករស់នៅ អាចមានអារម្មណ៍ធូរស្បើយដោយសារតែអ្នកអភិវឌ្ឍន៍ជាច្រើនបាននិយាយថាពួកគេនឹងផ្តោតលើការបញ្ចប់ការសាងសង់សំណង់ទាំងនោះ ហើយក៏ផ្តោតទៅលើខុនដូដែលមិនទាន់លក់ដាច់ផងដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការខុនដូដែលមានចំនួនតិចតួចនៅឡើយ ខណៈដែលការផ្គត់ផ្គង់កំពុងមានការកើនឡើង។
ហេតុផលដែលអ្នកទិញទុករស់នៅគួរតែរីករាយ គឺថាអ្នកអភិវឌ្ឍន៍ជាច្រើននឹងផ្តល់នូវការលើកទឹកចិត្ត សម្រាប់អ្នកទិញ រួមទាំងការបញ្ចុះតម្លៃ គួរឱ្យកត់សម្គាល់ ខណៈដែលអ្នកអភិវឌ្ឍន៍នឹងចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយយ៉ាងខ្លាំងដើម្បីលក់អចលនទ្រព្យរបស់ពួកគេនៅលើទីផ្សារ។
ទីផ្សារលំនៅឋានចាប់ពីឆ្នាំនេះតទៅនឹងមានសន្ទុះដោយសារតែអ្នកទិញទុករស់នៅមានកំណើនច្រើន ហើយចំនួនអ្នកផ្គត់ផ្គង់ក៏មិនមានចំនួនហើមប៉ោងដូចឆ្នាំកន្លងមកផងដែរ។ បើពិនិត្យមើលជាទូទៅ ទីផ្សារខុនដូនឹងមានសភាពយឺតនៅឆ្នាំនេះ។
អ្នកអភិវឌ្ឍន៍ខុនដូធំៗ នឹងផ្តោតអារម្មណ៍កាន់តែខ្លាំងទៅលើខុនដូដែលសាងសង់រួច ហើយមិនទាន់លក់ដាច់ ក៏ដូចជាការផ្ទេរឈ្មោះទៅឱ្យអ្នកទិញដែលមានស្រាប់ និង លក់យូនីតដែលនៅសេសសល់ ជំនួសឱ្យការបើកដំណើរសាងសង់ថ្មី។
ម៉្យាងវិញទៀត អ្នកអភិវឌ្ឍន៍ជាច្រើនបាននិយាយថាពួកគេនឹងផ្តោតការយកចិត្តទុកទៅលើលំនៅឋានតម្លៃសមរម្យ មានផ្ទះ និង ផ្ទះល្វែងជាយក្រុងភ្នំពេញ ជាជាងការអភិវឌ្ឍន៍តែខុនដូ។ ទីផ្សារលំនៅឋាន មានផ្ទះ ផ្ទះល្វែង ឬ ខុនដូដែលមានតម្លៃសមរម្យ នឹងមានតម្រូវការច្រើន ពីសំណាក់អ្នកប្រើប្រាស់ក្នុងស្រុក មិនមែនអ្នកទិញទុកជួល ជនបរទេស ឬ អ្នកទិញទុកចំណេញទេ។
និន្នាការបែបនេះហើយទើបធ្វើឲ្យគេរំពឹងថានឹងធ្វើឲ្យមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងការអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ហើយវាក៏បង្កើនកម្រិតនៃការប្រកួតប្រជែងក្នុងចំណោមអ្នកវិនិយោគនៅក្នុងវិស័យនេះផងដែរ។
សម្រាប់វិនិយោគិនទិញទុកជួល ត្រូវតែប្រយ័ត្នប្រយែងបន្តិចមុននឹងសម្រេចចិត្តទិញព្រោះចំនួនជនបរទេសដែលជាប្រភពដ៏សំខាន់នៃទីផ្សារជួលនៅភ្នំពេញមិនមានការកើនឡើងលឿនដូចចំនួនវិនិយោគិនឡើយ ហើយថវិកាជួលរបស់ជនបរទេសទាំងនោះក៏នៅមានកម្រិត។
សម្រាប់អ្នកទិញ ពួកគេនឹងអាចប្រមើមើលគម្រោងដែលសាងសង់រួចនៅលើទីតាំងជាក់ស្តែងដែលគេចង់បាន ហើយពួកគេអាចប្រៀបធៀបអចលនទ្រព្យទៅនឹងតំបន់ជុំវិញនោះ ជាជាងពឹងផ្អែកលើតែខិត្តប័ណ្ណ ឬ គម្រោងអភិវឌ្ឍដែលកំពុងសាងសង់។ ពួកគេអាចមើលឃើញយ៉ាងច្បាស់ នូវអ្វីដែលពួកគេនឹងទទួលបាន ព្រោះអ្នកអភិវឌ្ឍន៍ជាច្រើននៅក្នុងទីផ្សារអចលនទ្រព្យនេះក៏ធ្លាប់មានគម្រោងអភិវឌ្ឍមុនៗជាច្រើន ដែលធ្វើឱ្យការប្រៀបធៀបកាន់តែងាយស្រួល។
ចំពោះការអភិវឌ្ឍន៍ណា ដែលផ្តល់ជូនការបញ្ចុះតម្លៃដោយអ្នកអភិវឌ្ឍន៍ ការបញ្ចុះតម្លៃទាំងនោះនឹងមានតែសម្រាប់អគារណាដែលលក់មិនទាន់ដាច់ប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ តម្លៃអចលនទ្រព្យនៅទូទាំងរាជធានីភ្នំពេញមិនទាន់ឃើញមានសញ្ញាថាមានការធ្លាក់ចុះនៅឡើយ។ ផ្ទុយទៅវិញ តម្លៃនៅតែបន្តកើនឡើង ដូចជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្មថ្មីៗ និង តំបន់ដែលការអភិវឌ្ឍខ្លាំងស្រាប់ដូចជាបឹងកេងកង១ជាដើម ។
សរុបមក វិធានត្រជាក់នៃទីផ្សារទាំងនេះនឹងមានលក្ខណៈវិជ្ជមានក្នុងរយៈពេលវែង ដោយការពារកុំឱ្យបរិមាណនៃការផ្គត់ផ្គង់ច្រើនហួសប្រមាណ និង អនុញ្ញាតឱ្យមានតម្រូវការពិតប្រាកដទៅលើលំនៅឋានសម្រាប់រស់នៅ។
អ្នកអភិវឌ្ឍន៍នឹងមានការប្រុងប្រយ័ត្ន និង ផ្តោតកាន់តែខ្លាំងឡើងលើអ្នកទិញលំនៅឋានសម្រាប់ប្រើប្រាស់ ជាពិសេសសម្រាប់អ្នកវិនិយោគទើបចូលថ្មី ឬ អ្នកដែលចង់វិនិយោគក្នុងវិស័យអចលនទ្រព្យនេះដែលធនធាននៅមានកម្រិត។ នេះមានន័យថា ពួកគេនឹងត្រូវផ្តល់ផលិតផលដែលមនុស្សចង់បាន ទាក់ទងនឹងការរចនា ទំហំ និង ចំណុចពិសេសនានា ហើយត្រូវនៅក្នុងទីតាំងដែលពួកគេចង់បាន ហើយអ្នកទិញអាចមានលទ្ធភាព៕
- Video Advertisement -