ទីផ្សារខុនដូកម្ពុជារងសម្ពាធខ្លាំងដោយសារអត្រាលក់ធ្លាក់ចុះ
ដោយ៖ Eric Wong Chon Lap
ខណៈដែលការផ្គត់ផ្គង់លំនៅដ្ឋានកើនឡើងកាន់តែច្រើន អត្រាលក់បានធ្លាក់ចុះជាបន្តបន្ទាប់ ដែលធ្វើឱ្យសំណង់ជាច្រើនកន្លែងនៅទំនេរ ហើយដោយសារតែវិបត្តិកូវីដ១៩ ទីផ្សារមួយនេះគឺកាន់តែសម្ពាធខ្លាំងជាងមុន។
ដោយសារតែវិបត្តិកូវីដ១៩ គេបានសង្កេតឃើញថា មានសំណង់ជាច្រើនត្រូវបានពន្យារពេលការសាងសង់ អ្នកអភិវឌ្ឍន៍ខ្លះទៀតពន្យារពេលបើកការដា្ឋន គម្រោងខ្លះបញ្ចុះតម្លៃលក់ ឬខ្លះទៀតបានផ្អាកប្រកាសលក់ តែម្ដង។ ទាំងនេះសុទ្ធតែជាមូលហេតុ ដែលបានធ្វើឱ្យវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាកាន់តែដុនដាប។
លើសពីនេះ តម្រូវការរបស់អ្នកទិញជនជាតិចិនក៏ធ្លាក់ចុះយ៉ាងគំហុក ដោយសារតែការផ្អាកជើងហោះហើរចេញចូល ដែលមិនត្រឹមតែប៉ះពាល់វិស័យអចលនទ្រព្យទេនេះ តែប៉ះពាល់សេដ្ឋកិច្ចពិភពលោកទាំងមូល។
ក្នុងចំណោមវិស័យអចលនទ្រព្យទាំងអស់ ឃើញថាទីផ្សារខុនដូថមរថយគួរឱ្យកត់សម្គាល់។ គម្រោងជាច្រើនមិនមានទីផ្សារលក់ចេញ ដែលធ្វើឱ្យចំនួនផ្គត់ផ្គង់ លើសតម្រូវការ។
យ៉ាងណាម៉ិញ ម្ចាស់គម្រោងទាំងនោះ នៅតែមានគំនិតសុទិដ្ឋិនិយម ថាអ្នកទិញជនជាតិចិននឹងអាចវិលត្រឡប់មកប្រឡូកក្នុងទីផ្សារខុនដូរនៅកម្ពុជាម្តងទៀត ដោយសង្ឃឹមថា យ៉ាងលឿនបំផុតគឺចុងឆ្នាំនេះ។
បើគិតឱ្យវែងឆ្ងាយ ប្រទេសកម្ពុជា នៅតែជាទីតាំងដ៏ទាក់ទាញមួយ សម្រាប់អ្នកដែលចង់វិនិយោគលើខុនដូរ ដោយសារតែ ទី១ ផលចំណេញច្រើន ទី២ មិនមានការដាក់កម្រិតការចំណាយនោះទេ និង ទី ៣ ចំណាយទៅលើការថែទាំមានតម្លៃសមរម្យជាងគេបើប្រៀបធៀបជាមួយប្រទេសជិតខាង។ លើសពីនេះ អ្នកវិភាគមួយចំនួនបានរំពឹងថា ទីផ្សារនេះនឹងងើបឡើងវិញនៅចុងឆ្នាំនេះ ឬ ដើមឆ្នាំក្រោយ។
ខណៈដែលគម្រោងខុនដូរភាគច្រើនត្រូវបានគេប្រើប្រាស់ក្នុងការវិនិយោគ អចលនទ្រព្យផ្សេងៗដូចជា ផ្ទះល្វែង ផ្ទះពាណិជ្ជកម្ម និងវីឡា ភាគច្រើនត្រូវបានគេប្រើប្រាស់ក្នុងការរស់នៅ
ដូច្នេះ ក្នុងកាលៈទេសៈបែបនេះអ្នកអភិវឌ្ឍ គួរតែវិនិយោគដោយប្រុងប្រយ័ត្ន។ អ្នកវិនិយោគ គួរតែផ្តោតលើសំណង់លំនៅដ្ឋានតូចៗវិញ ដោយទីផ្សាររបស់គម្រោងទាំងនោះ គឺសមស្របនឹងតម្រូវការរបស់អ្នកទិញជាជនជាតិខ្មែរតែម្តង ដែលពួកគាត់ភាគច្រើនទិញផ្ទះទាំងនោះដើម្បីរស់នៅ ជាជាងអ្នកទិញបរទេស ដែលមានគម្រោងត្រឹមតែវិនិយោគដើម្បីចំណេញប៉ុណ្ណោះ។
ជាសរុប នេះគឺជាពេលវេលាល្អ ដែលអ្នកអភិវឌ្ឍគួរទាក់ទាញ និងផ្ដោតលក់ទៅកាន់អតិថិជនក្នុងស្រុក ពីព្រោះកាលៈទេសៈនេះ គឺពិបាកណាស់ក្នុងការទាក់ទាញរកអតិថិជនថ្មីពីក្រៅស្រុក៕
—
លោក Eric Wong Chon Lap មានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យពិគ្រោះយោបល់និងអភិវឌ្ឍន៍អចលនទ្រព្យក្នុងប្រទេសនានាជុំវិញពិភពលោក ជាពិសេសនៅក្នុងទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍។ លើសពីនេះ លោកក៏មានបទពិសោធន៍ជាច្រើនទៀតទាក់ទងនឹងការគ្រប់គ្រងថវិកាអភិវឌ្ឍគម្រោង យុទ្ធសាស្ត្រទីផ្សារ ការស្រាវជ្រាវ ក៏ដូចជាការវិភាគទីផ្សារអចលនទ្រព្យផ្សេងៗ រួមមានការិយាល័យ លំនៅដ្ឋាន សណ្ឋាគារ និង ផ្នែកលក់រាយឬ Retail ជាដើម។
- Video Advertisement -