ធនាគារពិភពលោកជួយកម្ពុជាជិត $៨០លាន ដើម្បីលើកកម្ពស់គ្រឹះស្ថានអប់រំជាង ១ពាន់កន្លែងទូទាំងប្រទេស

ធនាគារពិភពលោក (World Bank) បានសម្រេចផ្តល់កញ្ចប់ហិរញ្ញប្បទានបន្ថែមប្រមាណ ៧៩,៥លានដុល្លារ ​ សម្រាប់​ពង្រីកសកម្មភាពដែលកំពុងត្រូវ​បាន​អនុវត្ត​​ ក្នុង​គោល​ដៅ​​​លើកកម្ពស់លទ្ធ​ភាព​ទទួលបានការអប់រំ​ប្រ​ក​​បដោយគុណភាព នៅគ្រឹះស្ថានអប់រំ ១៥៩០កន្លែងទូទាំងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ចុះ​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។

ប្រភពដដែលនេះ បានឱ្យដឹងថា មូលនិធិថ្មី​នេះ នឹងត្រូវបាន​យក​ទៅ​ប្រើប្រាស់ ដើម្បីពង្រីកគម្រោងកែលម្អប្រព័ន្ធអប់រំទូ​ទៅ​នៅកម្ពុជា ដែលត្រូវបានអនុម័តកាល​ពី​​​ខែមករា ឆ្នាំ២០២២ ជាមួយកញ្ចប់​ហិរញ្ញប្បទានលើក​ដំបូងចំនួន ៦៩,​២៥​លានដុល្លារ។

កញ្ចប់​ហិរញ្ញប្បទានបន្ថែមនេះ ​មានឥណទានចំនួន ៦០លានដុល្លារពី សមាគមអភិវឌ្ឍន៍អន្តរជាតិ ដែល​ជា​មូលនិធិរបស់ធនាគារពិភពលោកសម្រាប់ជួយជនខ្វះខាត​បំផុត និងជំនួយ​ចំនួន ១៩,៥លានដុល្លារ​ផ្សេងទៀត​ពីអង្គការ ភាពជាដៃគូសកលសម្រាប់ការអប់រំ។

តាមរយៈសេចក្តីប្រកាសព័ត៌មានខាងលើ លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅ​កម្ពុជា បានឱ្យដឹងដែរថា ការផ្តល់ហិរញ្ញប្បទានបន្ថែមនេះ គឺ​ដើម្បី​ពង្រឹងថែម​ទៀត​នូវ​កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយភាពក្រីក្រក្នុងការសិក្សា និងកសាងធនធានមនុស្សដែលចាំបាច់​សម្រាប់ការ​លូតលាស់​នៃ​សេដ្ឋកិច្ច​ និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។

លោកស្រីបានបន្តថា កញ្ចប់​ហិរញ្ញប្បទានបន្ថែមនេះ​ នឹងពង្រីកសកម្មភាពគម្រោងទៅកាន់គ្រឹះស្ថាន​អប់​រំ​ផ្សេង​ទៀត​នៅ​ទូទាំង​ប្រទេស ក្នុងនោះ​មាន​ អនុវិទ្យាល័យចំនួន ៥០០ សាលាបឋមសិក្សាចំនួន ១០០០ និងសាលាមត្តេយ្យចំនួន ៩០។

គម្រោងកែលម្អការអប់រំលើគ្រឹះស្ថានអប់រំទាំងនេះ រួមមានសកម្មភាពសំខាន់ៗ៖

  • ពង្រីកការគ្រប់គ្រងតាមសាលារៀននៅក្នុងសាលាផ្សេងទៀត
  • ផ្តល់ឱកាសបណ្តុះបណ្តាល និងអភិវឌ្ឍវិជ្ជាជីវៈបន្ថែមទៀតសម្រាប់គ្រូបង្រៀន ថ្នាក់​ដឹកនាំ​ និងបុគ្គលិកសា​លា​
  • សាងសង់ និងជួសជុលថ្នាក់រៀន បន្ទប់ពិសោធន៍ និងអគារសិក្សាបន្ថែមទៀត ក្រោម​ការរចនាដែលធន់នឹងអាកាសធាតុ
  • សាកល្បងដាក់​ឱ្យ​ប្រើ​បច្ចេកវិទ្យាអប់រំ ដើម្បីបង្កើនម៉ោងសិក្សាប្រកបដោយគុណភាព
  • ធ្វើទំនើបកម្មសៀវភៅសិក្សា និងបង្កើតមគ្គុទ្ទេសក៍គ្រូបង្រៀនស្របតាមកម្មវិធីសិក្សាជាតិ
  • ពង្រឹងការធ្វើផែនការ ការត្រួតពិនិត្យ និងការវាយតម្លៃ នៅ​តាមនីមួយៗ។

គួរបញ្ជាក់ថា គម្រោងនេះ ត្រូវបានអនុវត្តឡើងដើម្បីជួយដល់កុមារមកពីក្រុមគ្រួសារដែលកំពុងជួបការលំបាក គ្រួសារក្រីក្រ ឬសហគមន៍ជនជាតិដើម​ភាគតិច រួមទាំងអ្នកដែលនៅតំបន់ដាច់ស្រយាល ឬរស់នៅក្នុង​ពិការភាព​ ដើម្បីបានទៅសាលារៀន និងទទួលបានឱកាសសិក្សាប្រកបដោយគុណភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកស្គាល់ពីវិធីគិតរបស់វិស្វករឆ្នើម និងនាយកផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley

លោក Julien Moutte ដែលជានាយកផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន […]

រដ្ឋសម្ពោធបើកដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីជាផ្លូវការ

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ត […]

កម្ពុជា-ចិន ប្រកាសរួមគ្នាពង្រឹង និងលើកកម្ពស់ស្តង់ដារជំនាញវិជ្ជាជីវៈ តាមរយៈបង្កើតមជ្ឈមណ្ឌល…

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ […]

កម្ពុជា និងចិន ចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលជំនាញបច្ចេកទេសសំណង់

កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា […]