ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ធនាគារពិភពលោក កាលពីព្រឹកថ្ងៃទី ១៧ កក្កដានេះ បានសម្រេចផ្តល់ឥណទាន ១០០លានដុល្លារ សម្រាប់គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅកម្ពុជា ដោយផ្តោតលើផ្លូវគមនាគមន៍ និងផ្លូវជនបទ ដើម្បីលើកកម្ពស់ការដឹកជញ្ជូន។
ប្រាក់ជំនួយនេះមានឈ្មោះថា គម្រោងកែលម្អបណ្តាញផ្លូវគមនាគមន៍នៅប្រទេសកម្ពុជា ដែលធ្វើឡើងដើម្បីជួយឱ្យអ្នកនៅជនបទ អាចធ្វើដំណើរទៅកាន់ទីកន្លែងចាំបាច់នានា ដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យ សាលារៀន និង ទីផ្សារ។
តំបន់គោលដៅរបស់គម្រោងនេះ គឺផ្លូវនៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ ដែលគ្របដណ្តប់លើប្រជាជនជាង ២លាននាក់ ក្នុងនោះ ៨០ភាគរយ រស់នៅតាមទីជនបទដាច់ស្រយាល។
លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «កង្វះលទ្ធភាពសម្រាប់ទទួលបានសេវាមន្ទីរពេទ្យ សាលារៀន និងសម្រាប់ដឹកទំនិញទៅកាន់ទីផ្សារ ជាពិសេសក្នុងរដូវវស្សា នៅតែចោទជាបញ្ហាប្រឈមធំមួយសម្រាប់ប្រជាជនកម្ពុជានៅតាមតំបន់ជនបទ»។
«គម្រោងថ្មីនេះនឹងជួយតភ្ជាប់ប្រជាជនទៅនឹងការទទួលបានសេវាសំខាន់ៗ កាត់បន្ថយការដាច់ផ្លូវ និងបង្កើតការងារសម្រាប់សហគមន៍មូលដ្ឋានក្នុងពេលសាងសង់ផ្លូវ ដែលរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញ ទៀតផង។» លោកស្រី បានបន្ត។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ នឹងជាភ្នាក់ងារអនុវត្តគម្រោងនេះ។
លោក វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅ ថ្ងៃទី១៧ កក្កដានេះ ថាគម្រោងនេះនឹងចូលរួមចំណែកយ៉ាងច្រើន ក្នុងការកសាង កែលម្អ និងលើកម្ពស់គុណភាពផ្លូវ ជាពិសេសផ្លូវតាមបណ្តាខេត្ត និងជនបទ។
គួរបញ្ជាក់ផងដែរថា ផ្លូវជនបទនៅកម្ពុជាមានជាង ៧៥% នៃបណ្តាញផ្លូវសរុបទូទាំងប្រទេស ប៉ុន្តែមានតែ ៥% ប៉ុណ្ណោះដែលជាផ្លូវក្រាលកៅស៊ូ។ លើសពីនេះការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យមានភ្លៀងនិងទឹកជំនន់ធំៗ ដែលបង្កហានិភ័យខូចខាតកាន់តែខ្លាំងដល់ប្រព័ន្ធផ្លូវនៅជនបទ។