ធនាគារពិភពលោក៖ ឥណទានលើវិស័យអចលនទ្រព្យកំពុងស្ថិតនៅកម្រិតខ្ពស់គួរឱ្យព្រួយបារម្ភ
ឥណទានសម្រាប់វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ទទួលបានចំណែកឥណទានធំបំផុតក្នុងចំណោមឥណទានទាំងអស់ ដែលអាចជាហានិភ័យដ៏ចម្បងមួយសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ នេះបើយោងតាមការវិភាគរបស់ធនាគារពិភពលោក។
យោងតាមរបាយការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ចនិងចក្ខុវិស័យ (Economic Development and Outlook Report ) ចុងក្រោយរបស់ធនាគារពិភពលោក ដែលចេញផ្សាយក្នុងខែវិច្ឆិកាឆ្នាំ ២០១៩ កន្លងមកនេះ ហានិភ័យសេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជាគឺកំពុងកើនឡើង ដោយសារតែកត្តា ៣ យ៉ាងធំៗ រួមមាន ភាពមិនប្រាកដប្រជាលើការដក EBA ការធ្លាក់ចុះនៃសេដ្ឋកិច្ចចិន ហើយជាពិសេសការកើនឡើងជាបន្តបន្ទាប់នៃឥណទានសម្រាប់វិស័យសំណង់ និងអចលនទ្រព្យ ដែលបណ្ដាលមកពីការរីកដុះដាលនៃវិស័យសំណង់រយៈពេលយូរ។
គិតត្រឹមខែមិថុនា នៃឆ្នាំ ២០១៩ ឥណទានធនាគារដែលបានផ្តល់ដល់វិស័យសំណង់ អចលនទ្រព្យ ក៏ដូចជាប្រាក់កម្ចីទិញផ្ទះ គឺមានប្រមាណ ៦,៤៥ ពាន់លានដុល្លារ ដែលកើន ៣៨,៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំនួននេះគឺស្មើនឹង ២៩,៦ ភាគរយនៃឥណទានសរុបដែលមានប្រមាណ ២១,៩ ពាន់លានដុល្លារអាមេរិក នៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ មិនមែនហិរញ្ញវត្ថុរបស់កម្ពុជាទាំងអស់ ដែលនេះជាតួលេខខ្ពស់បំផុតបើប្រៀបធៀបនឹងវិស័យផ្សេងៗទៀត។
ទន្ទឹមគ្នានេះដែរ អ្នកជំនាញផ្នែកអចលនទ្រព្យក្នុងស្រុក កាលពីថ្មីៗនេះ ក៏បានសំដែងពីការព្រួយបារម្ភចំពោះអ្នកទិញអចលនទ្រព្យនៅប្រទេសកម្ពុជាដែរ ថាងាយនឹងរងហានិភ័យខ្ពស់ពីការផ្ដល់កម្ចីអចលនទ្រព្យដែលមានភាពធូររលុង ជាពិសេសពីម្ចាស់គម្រោង។ (អានបន្ថែម)
ដោយមើលឃើញពីហានិភ័យដែលបណ្តាលមកពីឥណទានក្នុងវិស័យសំណង់ ធនាគារពិភពលោកក៏បានស្នើផងដែរថា រដ្ឋាភិបាលត្រូវតែមានគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រយ័ត្នប្រយែងមួយទាំងផ្នែកផ្គត់ផ្គង់ និងតម្រូវការ។
សម្រាប់ផ្នែកផ្គត់ផ្គង់ គឺត្រូវតែមានវិធានការណ៍ហ្មត់ចត់ជាងមុន ទៅលើប្រាក់កម្ចីដែលបានផ្តល់ទៅឱ្យវិស័យសំណង់ និងអចលនទ្រព្យ។
ទន្ទឹមនឹងនេះ សម្រាប់ផ្នែកតម្រូវការ ធនាគារពិភពលោកបានស្នើរដ្ឋាភិបាលគួរតែបង្កើនពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញអចលពទ្រព្យ ដើម្បីកាត់បន្ថយការទិញ។
ជុំវិញបញ្ហាហានិភ័យសេដ្ឋកិច្ចនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្មីនេះ ក៏បានបន្ទាបការព្យាករណ៍កំណើន GDP របស់កម្ពុជាសម្រាប់ឆ្នាំ ២០២០ ពី ៦.៥ ភាគរយ មកនៅត្រឹមប្រមាណ ៦,១ ភាគរយ។ នេះគឺដោយសារហេតុផលមួយចំនួនដូចជា សង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក ការរាតត្បាតនៃមេរោគកូរ៉ូណា ការប្រែប្រួលអាកាសធាតុ ជម្លោះអ៊ីរ៉ង់ និងអាមេរិក និងបញ្ហាជាច្រើនទៀត។




- Video Advertisement -