នាយករដ្ឋមន្ត្រីថៃថ្មីបង្ហាញមហិច្ឆតាទាក់ទាញភ្ញៀវទេសចរចិនឱ្យបាន ៣០លាននាក់ចុងឆ្នាំនេះ

បន្ទាប់ពីបានចូលកាន់តំណែងភ្លាម នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ បង្ហាញពីផែនការយុទ្ធសាស្ត្រក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យបានរហូតដល់ ៣០លាននាក់នៅចុងឆ្នាំនេះ។ ការដាក់ចេញផែនការស្តារសេដ្ឋកិច្ចថៃនេះ ធ្វើឡើងនៅថ្ងៃទី ២៥ ខែសីហា បន្ទាប់ពីលោកបានសង្កត់ធ្ងន់លើតួនាទីសំខាន់នៃវិស័យទេសចរណ៍នៅក្នុងការស្តារសេដ្ឋកិច្ចរយៈពេលខ្លីរបស់ប្រទេស យោងតាមសេចក្តីប្រកាសរបស់ channelnewsasia កាលពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២៣។

នៅក្នុងផែនការនេះ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃលោក ស្រេតថាថាវីស៊ីន បានកំណត់ឱ្យមាន ការលើកលែងតម្រូវការទិដ្ឋាការសម្រាប់អ្នកទេសចរដែលមកពីប្រទេសចិន និងឥណ្ឌា។ សំណើយុទ្ធសាស្ត្រនេះ បានបញ្ឆេះឱ្យមានការជជែកដេញដោលគ្នាយ៉ាងខ្លាំង ដោយមានអ្នកគាំទ្រសរសើរពីសក្តានុពលរបស់កំណែទម្រង់នេះ ក្នុងការជួយឱ្យសេដ្ឋកិច្ចប្រទេសថៃដែលកំពុងធ្លាក់ចុះមានដកដង្ហើមឡើងវិញ ខណៈក៏មានអ្នករិះគន់ខ្លះបានលើកឡើងពីការព្រួយបារម្ភអំពីទិដ្ឋភាពនៃចំនួនទេសចរណ៍ច្រើនហួសពេក និងផលប៉ះពាល់បរិស្ថានរបស់វា។

ហេតុផលនៃការលើកលែងទិដ្ឋាការនោះគឺ ប្រតិបត្តិករទេសចរណ៍ និងអ្នកវិភាគក្នុងវិស័យទេសចរណ៍ ចាត់ទុកការលើកលែងទិដ្ឋាការដែលបានស្នើឡើងថាជាកាតាលីករដ៏ខ្លាំងក្លាមួយសម្រាប់ការធ្វើឱ្យវិស័យនេះមានភាពរស់រវើកឡើងវិញ។ កន្លងមក អ្នករកស៊ីក្នុងវិស័យទេសចរណ៍ រអ៊ូអំពីដំណើរការដាក់ពាក្យសុំទិដ្ឋាការដ៏យូរដែលជាឧបសគ្គ ក្នុងការនាំចូលទេសចរណ៍របស់ប្រទេសថៃ។ ជាឧទាហរណ៍ នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣ ភ្ញៀវទេសចរចិន ត្រូវរង់ចាំជាមធ្យមជិត ១៥ ថ្ងៃដើម្បីទទួលបានទិដ្ឋាការទេសចរណ៍ ដែលជារឿយៗតម្រូវឱ្យមានពាក្យសុំជាបុគ្គល ហើយទេសចរអាចស្នាក់នៅក្នុងប្រទេសថៃបានត្រឹមរយៈពេល៦០ថ្ងៃប៉ុណ្ណោះ។

តែសម្រាប់ផែនការលើកលែងទិដ្ឋាការថ្មីនេះ ទាំងអ្នកទេសចរចិន និងឥណ្ឌា អាចស្នើសុំទិដ្ឋាការនៅនឹងកន្លែងផ្ទាល់ ដែលមានតម្លៃត្រឹម ២០០០បាត (ប្រមាណ ៥៧ដុល្លារ) និងអនុញ្ញាតឱ្យពួកគេស្នាក់នៅរយៈពេល ១៥ ថ្ងៃ ប៉ុន្តែត្រូវបំពេញលក្ខខណ្ឌបន្ថែមមួយចំនួន។

ប្រធានក្រុមប្រឹក្សាទេសចរណ៍នៃប្រទេសថៃ លោក Chamnan Srisawat បានប្រាប់ CNA ថា “តាមរយៈការសម្របសម្រួលដំណើរការទិដ្ឋាការ យើងមិនចាំបាច់ចំណាយថ្លៃវិនិយោគអ្វីធំដុំនោះទេ ប៉ុន្តែយើងអាចដោះស្រាយបង្ហាញដ៏សំខាន់មួយ ដើម្បីជួយស្តារសេដ្ឋកិច្ចរបស់យើងបាន”។

ខណៈមតិប្រឆាំងលើកឡើងអំពីបញ្ហានិរន្តរភាព​ បរិស្ថាននិងបញ្ហាផ្សេងទៀតជុំវិញផែនការបង្កើនចំនួនទេសចរនេះ ប៉ុន្តែនាយក​រដ្ឋមន្ត្រី​ថ្មីថៃ លោក ថាវីស៊ីន​ នៅ​តែ​មាន​សុទិដ្ឋិនិយម​ចំពោះ​ការដាក់ចេញគោលនយោបាយថ្មីនេះ។ លោក ថាវីស៊ីន​ បានលើកឡើងថា នៅក្នុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់លោកទៅកាន់តំបន់ទេសចរណ៍គោលដៅវិស្សមកាលភាគខាងត្បូងប្រទេស នៅខេត្តភូកេត លោកបានពិភាក្សាអំពីការអភិវឌ្ឍ ការគាំទ្រ និងវិធានការសន្តិសុខសម្រាប់វិស័យទេសចរណ៍រួចស្រេចហើយ។

រដ្ឋាភិបាលថៃថ្មីគ្រោង ទាក់ទាញភ្ញៀវទេសចរចិន ៣០លាននាក់នេះ នៅទាន់អំឡុងពេលបុណ្យជាតិដ៏ធំមួយរបស់ប្រទេសចិនដែលចាប់ផ្តើមនៅថ្ងៃទី១ ខែតុលានេះ តែអាចនឹងមានបញ្ហារាំងស្ទះខ្លះៗដោយសារតែច្បាប់ថវិកាដែលអនុម័តដោយរដ្ឋាភិបាលមុន មិនមានដាក់ចូលកម្មវិធីទេសចរណ៍នេះ។

បើសិនជាអាចទាក់ទាញចំនួនទេសចរចិនដ៏ច្រើនសន្ធឹកនេះបានដូចផែនការមែន អ្នកវិភាគសេដ្ឋកិច្ច Ratasak Piriyanont មកពីក្រុមហ៊ុន Kasikorn Securities រំពឹងថា នេះជាសក្តានុពលសេដ្ឋកិច្ចថ្មីដ៏អស្ចារ្យ តែទោះជាយ៉ាងណាក្តី វាក៏នៅតែមានអត្រាមួយមិនទាន់ច្រើនណាស់ណានៅឡើយទេ បើធៀបទៅនឹងកម្រិតទេសចរថៃខ្ពស់បំផុត កាលពីជំនាន់មុនកូវីដ១៩ គឺមានរហូតដល់ទៅ ៤០លាននាក់ឯណោះ ក្នុងឆ្នាំ ២០១៩។

 

ចុះកម្ពុជា អាចយកមកធ្វើជាមេរៀន ដើម្បីស្រូបទាញទេសចរមកកម្ពុជាបានដែរ ឬទេ?  

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]