និន្នាការផ្លាស់ប្តូរនៅក្នុងសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ

វិស័យ​ទេសចរណ៍​ជា​កត្តា​រួម​ចំណែក​ដ៏​សំខាន់​ចំពោះ​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ ហើយ​ខណៈ​ដែល​វា​នៅតែ​ជា​ចង្វាក់បេះដូង​សម្រាប់​ទីក្រុង​ឆ្នេរ​សមុទ្រ​នេះ មាន​ការផ្លាស់ប្តូ​រការ​ផ្តោត​ទៅលើ​តម្រូវការ​ផ្នែក​អចលនទ្រព្យ​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​វិនិយោគិន​ដែល​កំពុង​សម្លឹង​មើលទៅ​កាន់​តំបន់​នេះ​។​

​លោក Chhayleang Ngoun មក​ពី​ក្រុមហ៊ុន Ratanaka Realty បាន​ពន្យល់ថា “​ព្រះសីហនុ​ជា​ទីក្រុង​ស្រស់​ស្អាត​មួយ ប៉ុន្តែ​សកម្មភាព​ធុរកិច្ច​មិន​មាន​ការវិវត្តន៍​ច្រើន​ទេ​។ មនុស្ស​ជា​ធម្មតា​ចង់​ទិញ​អចលនទ្រព្យ​នៅក្បែរ​ឆ្នេរ​ដើម្បី​បាន​ទេសភាព​ស្អាត និង​ផាសុកភាព​”​។ លោកស្រី ចាន់ ម្លប់​សុខា មក​ពី​ការិយាល័យ​មេធាវី​សុខា បាន​ចែករំលែក​ការ​យល់​ឃើញ​ដោយ​លើកឡើងថា “​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ក្រុងព្រះសីហនុ​គឺ​ល្អ​។ ខ្ញុំ​គិតថា​មនុស្ស​ចង់​ទិញ​អចលនទ្រព្យ​នៅក្បែរ​ឆ្នេរ​”​។​

​ចំនួន​ភ្ញៀវទេសចរ​ដែល​ទៅ​ទស្សនា​ខេត្ត​ព្រះសីហនុ​បាន​កើនឡើង​រហូត ដែល​ក្នុងនោះ​ភ្ញៀវទេសចរ​ចិន​មាន​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់ជាង​គេ​។ កំណើន​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​បន្ត​នៅ​ក្នុង​ឆ្នាំ ២០១៧ ជាមួយ​នឹង​ការកើនឡើង​ចំនួន​នៃ​ការតភ្ជាប់​ជើងហោះហើរ​អន្ដរជាតិ​។ ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ចំនួន​ពីរ​ក្នុង​ប្រទេស​កម្ពុជា អង្គរ​អ៊ែរ និង​បាយ័ន​អ៊ែរ បច្ចុប្បន្ននេះ​មាន​ការហោះហើរ​ប្រចាំ​ថ្ងៃ​រវាង​ខេត្ត​ព្រះសីហនុ ភ្នំពេញ និង​ខេត្ត​សៀមរាប​។ ក្រៅពីនេះ​មាន​ជើងហោះហើរ​អន្ដរជាតិ​ដទៃ​ទៀត​ដែល​ចុះ​ចត​ក្នុង​ខេត្ត​ព្រះសីហនុ រួមមាន Lucky Air ពី​ប្រទេស​ចិន Cathay Dragon ពី​ទីក្រុង​ហុងកុង និង Silk Air ពី​ប្រទេស​សឹង្ហ​បុរី​។ និន្នាការ​សំខាន់​មួយទៀត​គឺ​ការពង្រីក និង​កំណើន​ចំនួន​កន្លែង​ស្នាក់នៅ​មាន​តំលៃ​សមរម្យ ដែល​បាន​បើក​ទីផ្សារ​សម្រាប់​ក្រុម​ភ្ញៀវទេសចរ​ធំៗ ។ នៅពេល​អនាគត ការពង្រីក​អាកាសយានដ្ឋាន​ព្រះសីហនុ​នឹង​ជួយ​សម្រួល​ដល់​កំណើន​បន្ថែមទៀតលើ​ផ្នែក​ទាំងអស់​នៃ​ទេសចរណ៍​។​

​វិស័យ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ​ក៏​មាន​និន្នាការ​វិវត្តន៍​ផងដែរ​។ មាន​ការផ្លាស់ប្តូរ​យ៉ាង​ច្បាស់​ឆ្ពោះទៅរក​ការវិនិយោគ​លើ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ ដែល​ការធានា​ផ្តល់ជូន​នូវ​ផលចំណេញ​បាន​ក្លាយជា​បទដ្ឋាន​ទីផ្សា​រ​។ ភាគច្រើន​នៃ​អ្នកទិញ និង​អ្នកវិនិយោគ មាន​ទំនោរ​ចាប់អារម្មណ៍​ទិញ​អចលនទ្រព្យ​ដែល​មាន​ការធានា​ពី​ផល​ចំណេញ​ដែល​គេ​អាច​ទទួលបាន ព្រមទាំង​រីករាយ​នឹង​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​អចលនទ្រព្យ​នៅក្បែរ​សមុទ្រ​។ ពួកគេ​ក៏​កំពុង​សម្លឹង​មើល​ទិញ​អចលនទ្រព្យ​ដែល​មិនសូវ​មាន​ជម្លោះ​ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិ និង​មាន​កម្មវិធី​គ្រប់គ្រង​ការជួល​ដើម្បី​ធានា​ថា​ម្ចាស់​អចលនទ្រព្យ​អាច​ទទួលបាន​ប្រាក់​ចំណូល​ជា​អតិបរមា​។ អចលនទ្រព្យ​លំនៅដ្ឋាន​ថ្មីៗ​ដែល​ស្ថិត​នៅក្នុង​ក្រុម​នេះ កំពុង​ត្រូវបាន​សាងសង់​នៅក្នុង​ខេត្ត​ព្រះសីហនុ ដូចជា Blue Bay Condominium, D’Seaview, Royal Bayview Condominium, Sunshine Bay និង​The Scarlett​។ ចំណុច​អវិជ្ជមាន​គឺ​បច្ចុប្បន្ន​នេះ​មាន​កង្វះ​នូវ​ក្រុមហ៊ុន​គ្រប់គ្រង​អចលនទ្រព្យ​ដែលមាន​ជំនាញ​វិជ្ជាជីវៈ និង​បទពិសោធន៍ ដែល​ការណ៍​នេះ​បាន​កម្រិត​នូវ​សក្តានុពល​សម្រាប់​កំណើន​។​

​ភាពខុសគ្នា​ដ៏​សំខាន់​រវាង វីឡា​លំដាប់​ខ្ពស់​ដែល​មាន​ទីតាំង​ស្ថិត​នៅលើ​កោះ​ក្បែរ​ខេត្ត​ព្រះសីហនុ និង​អគារ​ខុន​ដូនោះ គឺ​ភាពបត់បែន​នៃ​ការប្រើប្រាស់​។ អ្នកទិញ​ខុន​ដូ និង​អ្នកវិនិយោគ​លើ​ខុន​ដូ ច្រើន​ទទួលយក​លក្ខខណ្ឌ​ប្រើប្រាស់​អចលនទ្រព្យ​ដែល​មាន​ភាព​រឹតត្បិត ចំណែកឯ​អ្នក​ទិញ​អចលនទ្រព្យ​លំដាប់​ខ្ពស់​ជាធម្មតា​ត្រូវការ​ភាពបត់បែន​ច្រើន​លើ​ពេលវេលា​ដែល​ពួកគេ​អាច​ប្រើប្រាស់​អចលនទ្រព្យ​របស់​គេ​។ ផ្នែក​លាក់បាំង​ពិសេស​មួយ​នៃ​ទីផ្សារ គឺ​ការស្វែងរក​វីឡា​រី​សត​ប្រណីត​បំផុត ហើយ​អ្នក​ទិញ​ចាប់អារម្មណ៍​លើ​អ្វី​ដែល​កោះ​នៅ​ជិត​ទៅ​ខេត្ត​ព្រះសីហនុ​ផ្តល់ជូន ជាពិសេស​គឺ​គុណភាព​ឆ្នេរ​។​

​វា​គឺជា​ផ្នែក​ថ្មី​មួយ​នៃ​ទីផ្សារ​ដែល​ក្នុង​ពេល​អនាគត​ទំនង​នឹង​ក្លាយ​ជា​កត្តា​ជម្រុញ​នៃ​ទីផ្សារ​លំនៅដ្ឋាន​រី​ស​ត ដូច​នៅ​ភូ​កេត និង​កោះ​សាមុយ​ក្នុងប្រទេស​ថៃ ដែល​អចលនទ្រព្យ​លំដាប់​ខ្ពស់​ទាំងអស់​សុទ្ធតែ​មាន​ទេសភាព​សមុទ្រ ការផ្តល់​សេវាកម្ម​យ៉ាង​ពេញលេញ​ជាមួយនិង​ការគ្រប់គ្រង​បែប​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​។ ទោះជា​យ៉ាងណា វីឡា​ប្រណីត​ទាំងនេះ គឺជា​ទីផ្សារ​លាក់​បង្កប់​ណាស់ ដែល​មាន​តែ​បុគ្គល​ដែលជា​អ្នក​មាន​ធំៗ​ប៉ុណ្ណោះ​អាច​ដឹង ។ ផលិតផល​វិនិយោគ​ដែល​មាន​តំលៃ​សមរម្យ មាន​លក្ខណៈ​សម​ហេតុ​លើ​ហិរញ្ញវត្ថុ និង​ត្រូវ​បាន​ដាក់លក់​ច្រើន​ជាង​សម្រាប់​តម្រូវការ​ភាគច្រើន​នាពេល​បច្ចុប្បន្ន​។​

- Video Advertisement -