បច្ចុប្បន្នភាពគម្រោងលំនៅឋានតម្លៃសមរម្យទាំង៥ ថាសាង់សង់ដល់ណាហើយ? លក់អស់ប៉ុន្មានភាគរយ?

មកទល់បច្ចុប្បន្ន កម្ពុជាមានគម្រោងលំនៅឋានតម្លៃសមរម្យសរុបចំនួន ៥គម្រោងធំៗ ដោយក្នុងនោះ ៣គម្រោងជាផ្ទះជាប់ដីមានសរុប ៨ ៣៣១ ខ្នង និង ២គម្រោងទៀត ជាខុនដូដែលមានសរុប ៧ ២៥៦ យូនីត។ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

គម្រោងទាំងនោះរួមមាន៖

១) គម្រោងលំនៅឋានតម្លៃសមរម្យ អារ៉ាខាវ៉ា ដែលស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី រាជធានីភ្នំពេញ។ គម្រោងនេះជាខុនដូ ដែលមានចំណែកឯនជនសរុប ២ ៩៦០ យូនីត ហើយជារួម ដំណាក់កាលទី១ សម្រេចបានប្រមាណ ៩៧% ខណៈដំណាក់កាលទី២ សម្រេចបាន ៤៥%។ ដោយឡែក សម្រាប់ការលក់វិញ ក្រុមហ៊ុនបានលក់ដាក់អស់ជាង ១៨០០ យូនីតហើយ។

២) គម្រោងលំនៅឋានតម្លៃសមរម្យ ហ្រ្កេនផាក ដែលស្ថិតនៅភូមិទួលកី ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ គម្រោងនេះមានផ្ទះសរុប ២១៤ខ្នង ហើយជារួម ដំណាក់កាលទី១ សម្រេចបាន ១០០% ខណៈដំណាក់កាលទី២ សម្រេចបាន ១%។ ដោយឡែក គម្រោងលក់ដាក់អស់ផ្ទះសរុប ២០០ ខ្នងទៅហើយ។

៣) គម្រោងលំនៅឋានតម្លៃសមរម្យ បុរីសែនមនោរម្យព្រែកតាទែន ដែលមានទីតាំងស្ថិតនៅភូមិស្លែងដីដុះ ស្រុកពញាឮ ខេត្តកណ្ដាល។ គម្រោងនេះអភិវឌ្ឍដោយក្រុមហ៊ុន B&BM Development Co Ltd ដោយបច្ចុប្បន្នសម្រចបានជាង ៨២% ហើយ។ បច្ចុប្បន្ន ក្រុមហ៊ុនលក់ផ្ទះសរុបអស់ជាង ១៥០០ ខ្នង ហើយ។

៤) គម្រោងលំនៅឋានតម្លៃសមរម្យ ទីក្រុងរណបសិរីមង្គល របស់ក្រុមហ៊ុន WorldBridge Homes Co., Ltd ដែលមានទីតាំងនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ ដំណាក់កាលទី ១ បានបញ្ចប់១០០% ហើយ បច្ចុប្បន្នកំពុងសាងសង់ដំណាក់កាលទី២ ដែលមានផ្ទះសរុប ១៧៧៧ ខ្នង។ ដំណាក់កាលទី ២ សម្រេចបានប្រមាន ៧០% ហើយ ចំណែកកាលលក់សរុបវិញមានដល់ទៅជាង ២៣០០ ខ្នង។

៥) គម្រោងលំនៅឋានតម្លៃសមរម្យ សុខារេស៊ីដិន ដែលមានទីតាំងនៅក្រុងប៉ោយប៉ែត ហើយសាងសង់ជាខុនដូ ដោយមានចំណែកឯកជនសរុប ៤ ២៩៦ យូនីត។ គម្រោងនេះ បានបើកការដ្ឋានកាលពីចុងឆ្នាំ ២០១៩ ប៉ុន្តែត្រូវពន្យារពលសាងសង់ដោយសារវិបត្តិកូវីដ ១៩។

គួរបញ្ជាក់ផងដែរថា គិតត្រូវចុងខែកុម្ភៈ ឆ្នាំ ២០២១ នេះ ក្រៅពីគម្រោងទាំង៥ ខាងលើ ក្រុមហ៊ុនឯកជនមួយចំនួនក៏កំពុងស្នើសុំសាងសង់គម្រោងលំនៅឋានតម្លៃសមរម្យបន្ថែមទៀតផងដែរ។ ជាក់ស្ដែង ដូចជាគម្រោងនៅខេត្តកំពង់ឆ្នាំង និងសៀមរាប ដែលរដ្ឋាភិបាលកំពុងពិចារណា។ (អានបន្ថែម)

 

- Video Advertisement -