បណ្ឌិត គីម ហ៊ាង៖ វិស័យអចលនទ្រព្យក៏នឹងស្ទុះឡើងបើរដ្ឋធ្វើរឿងមួយនេះមែន

អ្នកជំនាញផ្នែកអចលនទ្រព្យ និងជាប្រធានក្រុមហ៊ុន KW Cambodia លោកបណ្ឌិត គីម ហ៊ាង បានសំដែងសុទិដ្ឋិនិយមថា វិស័យអចលនទ្រព្យក៏នឹងមានដង្ហើមឡើងវិញដែរ ក្រោយភាពស្ងប់ស្ងាត់មួយរយៈពេលធំ បើរដ្ឋាភិបាលសម្រេចបើកឱ្យភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួចចូលមកសៀមរាបអង្គរនៅចុងឆ្នាំនេះពិតមែន។

លោកបានឱ្យដឹងទៀតថា៖ «នេះគឺជំហានដ៏ឆ្លាតវៃមួយរដ្ឋាភិបាល ដូចនឹងប្រទេសផ្សេងៗទៀត ដែលបាននឹងកំពុងធ្វើដូចគ្នា។ ជាក់ស្ដែង ភ្ញៀវទេសចរណ៍នឹងជួយស្ដារសេដ្ឋកិច្ចមួយផ្នែកធំ ពិសេសវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច»។

លោកបន្តថា៖ «ធម្មតាបើសេដ្ឋកិច្ចឡើង វិស័យសំណង់ និងអចលនទ្រព្យ ក៏នឹងឡើងតាមដែរ។ នៅពេលទេសចរមកវិញ តម្រូវការមូលដ្ឋាននៃការរស់នៅប្រចាំថ្ងៃក៏កើនឡើងដែរ ការងារក៏មានច្រើនជាមុន ចំណូលប្រជាជនក្នុងស្រុកក៏កើនឡើង។ ដូច្នេះ វិស័យដីធ្លីក៏នឹងដើរឡើងវិញដែរ។ គ្រប់វិស័យទាំងអស់ជាសរសៃប្រទាក់ប្រទិនគ្នា ហើយជួយគ្នាទៅវិញទៅមក»។

គួរបញ្ជាក់ផងដែរ ផែនការបើកទទួលភ្ញៀវទេសចរអន្តរជាតិចូលមកសៀមរាបអង្គរនៅចុងឆ្នាំនេះ ស្នើឡើងដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី០៧ ខែមេសា កន្លងមកនេះ ក្នុងគោលបំណងដើម្បីស្ដារសេដ្ឋកិច្ច។

យ៉ាងណាមិញ រដ្ឋមិនទាន់សម្រេចជាក់លាក់នៅឡើយទេថានឹងបើកពិតមែន ឬយ៉ាង ដោយត្រូវសង្កេតស្ថានភាពជាក់ស្ដែងជាមុនសិន។

ដោយឡែក ខណៈពេលនេះ វិបត្តិកូវីដបានដាក់សម្ពាធលើទីផ្សារយ៉ាងខ្លាំង។ បើយោងតាមរបាយការណ៍របស់ CBRE Cambodia កាលពីថ្ងៃទី ៦ មេសា តម្រូវការស្ទើរគ្រប់វិស័យទាំងអស់ក្នុងវិស័យអចលនទ្រព្យធ្លាក់ចុះ ក្រោយព្រឹត្តិការណ៍ ២០ កុម្ភៈ។ (អានបន្ថែម)

ជាក់ស្ដែង ខុនដូកំពុងជួបបញ្ហាការផ្គត់ផ្គង់លើសតម្រូវការ ផ្សារទំនើបស្ថិតនៅកម្រិត -៥០% ក្រោមបន្ទាត់គោល ចំណែកឯតម្លៃលក់បូរីវិញធ្លាក់ចុះដល់ទៅប្រមាណ ១៥% ខណៈការទិញលក់ដីធ្លីគឺនៅទ្រឹង។

- Video Advertisement -