បណ្តុំហាងលក់ទំនិញបែបប្លែកថ្មីមួយបើកដំណើរការនៅផ្លូវ៦០ម៉ែត្រ

គម្រោងខុនដូ Urban Village កាលពីចុងសប្ដាហ៍កន្លងទៅនេះ បានបើកសម្ពោធទីធ្លាហាងលក់ទំនិញថ្មីមួយឈ្មោះ “Retail Street” នៅតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ ក្នុងមជ្ឈមណ្ឌល Factory Phnom Penh ជាមួយពិធីជប់លៀងបែបប្រទេសអេស្ប៉ាញ Street Fiesta ។

Retail Street ជាទីធ្លាលក់ទំនិញបែបច្នៃប្រឌិតថ្មីមួយ ដែលមានទីតាំងស្ថិតរវាង Factory Phnom Penh និងគម្រោងខុនដូ Urban Village។ ទីធ្លាលក់ទំនិញនេះនឹងរួមមាន ហាងលក់សម្ភារកីឡា ហាងច្នៃម៉ូតសំលៀកបំពាក់ ហាងលក់គ្រឿងសង្ហារិម កន្លែងផលិតស្រាបៀររសជាតិដើមអាឡឺម៉ង់ កន្លែងលោតលេងដំបូងគេនៅកម្ពុជា និងហាងជាច្រើនផ្សេងទៀត។

លោកស្រី Catherine Chan ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃគម្រោង Urban Village បានមានប្រសាសន៍ថា៖ «ការដាក់ឱ្យដំណើរការទីធ្លាហាងលក់ទំនិញនេះគឺ ពិតជាសំខាន់ខ្លាំងណាស់ ដោយសារយើងចង់ឱ្យអ្នករស់នៅទីនេះអាចរកទិញ និងទទួលបានសេវាកម្មផ្សេងៗសម្រាប់តម្រូវការប្រចាំថ្ងៃរបស់ពួកគេពីក្នុងសហគមន៍នេះផ្ទាល់»។

លោកស្រី បានបន្តថា «មិនត្រឹមតែបើកដំណើរការជាផ្លូវការនៃទីធា្លហាងលក់ទំនិញ Retail Street នោះទេ យើងក៏បានធ្វើពិធីជប់លៀងបែប Street Fiesta ដើម្បីឱ្យសហគមរបស់យើទទួលបានបទពិសោធន៍ថ្មីៗជាមួយវប្បធម៌ផ្សេងៗ»។

ទោះបីទើបតែបើសម្ពោធជាផ្លូវការក៏ដោយ ទីធ្លាលក់ទំនិញបែបថ្មីមួយនេះ បានទាក់ទាញម្ចាស់អាជីវកម្មជាច្រើនឱ្យមកជួលទីតាំង ដោយសារគម្រោងនេះស្ថិតនៅក្នុងទីតាំងសក្ដានុពល តម្លៃជួលទាបជាងផ្សារទំនើប ជាពិសេសគឺតែងតែមានសកម្មភាពប្លែកថ្មីដើម្បីទាក់ទាញអ្នកមកកម្សាន្តទាំងខ្មែរ និងបរទេស។

គួរបញ្ជាក់ផងដែរថា ទីតាំងនៅតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ គឺជាទីតាំងសក្ដានុពលមួយ ដោយមានគម្រោងអភិវឌ្ឍន៍ធំៗ ជាច្រើនបាន និងកំពុងបង្ហាញខ្លួនជាបន្តបន្ទាប់ដូចជាគម្រោងខុនដូ Urban Village ជាដើម។

 

- Video Advertisement -