បាត់ដំបង៖ រមណីយដ្ឋានភ្នំចំនួនពីរត្រូវដាក់ជាតំបន់បេតិកភណ្ឌធម្មជាតិ

រាជរដ្ឋាភិបាល បានសម្រេចបង្កើតរមណីយដ្ឋានភ្នំចំនួន០២ ក្នុងខេត្តបាត់ដំបង ជាតំបន់បេតិកភណ្ឌធម្មជាតិ ដែលមានផ្ទៃដីសរុបជាង៤០០ ហិកតា។ រមណីយដ្ឋានទាំងពីរនេះ ត្រូវប្រកាសក្លាយជាតំបន់បេតិកភណ្ឌធម្មជាតិដោយអនុក្រឹត្យចំនួនពីរផ្សេងគ្នា។

អនុក្រឹត្យលេខ៦៤ អនក្រ.បក ចុះថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០ បានសម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំប្រាំពីរ ដែលមានផ្ទៃដីទំហំ៣៥៨,៩ហិកតា (បីរយហាសិបបីហិកតា និងប្រាំបួនអា) ស្ថិតក្នុងភូមិសាស្ត្រឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ចំណែកឯ អនុក្រឹត្យលេខ៦៧ អនក្រ.បក ចុះថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០ បានសម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ទាក់ទ្រាំង ដែលមានទំហំផ្ទៃដី ៧៩,៨២ ហិកតា (ចិតសិបប្រាំបួនហិកតា និងប៉ែតសិបពីរអា) ស្ថិតក្នុងភូមិសាស្ត្រ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ការសម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំប្រាំពីរ និងភ្នំទាក់ទ្រាំងនេះ ធ្វើឡើងក្នុងគោលបំណងការពារតួនាទីផ្នែកប្រព័ន្ធអេឡូស៊ី សម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់ ព្រមទាំងផ្តល់សេវាកម្មធម្មជាតិ និងវប្បធម៌សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តភាព។

ការសម្រេចនេះ ក៏ដើម្បីលើកកំពស់ការចូលរួមរបស់សហរគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជន ក្នុងការចូលរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវចម្រុះ ធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់។​

យោងអនុក្រឹត្យខាងលើ ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំប្រាំពីរ និងភ្នំទាក់ទ្រាំង ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តបាត់ដំបង និងកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច ដើម្បីធានាដល់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព៕

- Video Advertisement -