បារាំងផ្តល់កម្ចីសម្បទាន100លានដុល្លារសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនៅបាក់ខែងដំណាក់កាលទី២
រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ ហៅកាត់ AFD ប្រចាំនៅកម្ពុជា បានសម្រេចផ្តល់ឥណទានសម្បទាន ១០១ លានដុល្លារអាម៉េរិកសម្រាប់សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដំណាក់កាលទី២ ដែលមានសមត្ថភាពផលិតទឹកស្អាត ១៩៥ ០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ។
យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី៣១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កិច្ចព្រមព្រៀងឥណទានសម្បទាននេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៤ ខែធ្នូ រវាង ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Ophille Bourhis នាយកទីភ្នាក់ងារ AFD ប្រចាំនៅកម្ពុជា។
តាមរយៈកិច្ចព្រមព្រៀងនេះ ឥណទានសម្បទាននឹងត្រូវបានសម្រាប់សាងសង់ស្ថានីយ៍បូមទឹក ដែលមានសមត្ថភាពផលិតទឹកស្អាតបាន១៩៥ ០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ បំពាក់បំពង់មេនាំទឹកស្អាត បំពង់ចែកចាយ និងសម្ភារៈតភ្ជាប់បំពង់ និងត្រួតពិនិត្យការងារសាងសង់ និងគាំទ្រដល់ការពង្រឹងសមត្ថភាពមន្ត្រីរបស់រដ្ឋាករទឺកស្វយ័តក្រុងភ្នំពេញលើការងារលទ្ធកម្ម និងតម្លើងបណ្តាញចែកចាយ។
គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដំណាក់កាលទី២ នេះ ធ្វើឡើងបន្ទាប់ពី រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដំណាក់កាលទីមួយ បានចាប់ផ្តើមសាងសង់។
មានសមត្ថផលិតទឹកស្អាត ១៩៥ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ដំណាក់កាលទីមួយ ប្រើប្រាស់ថវិកា សាងសង់ចំនួន ១៥៦លានដុល្លារ ក្នុងនោះ ១៣៦លានដុល្លារ គឺជាឥណទានសម្បទានរបស់ ទីភ្នាក់ងារ AFD និងធនាគារវិនិយោគអឺរ៉ុប ហើយ២០លានដុល្លារ ជាថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
យោងតាមការព្យាករណ៍របស់រដ្ឋាករទឹកក្រុងភ្នំពេញ តម្រូវការទឹកស្អាត នៅរាជធានីភ្នំពេញ នឹងមានរហូតដល់ ជាង៩០០ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ គិតត្រឹម ឆ្នាំ២០២៥ និងជាង១លានម៉ែត្រគូបក្នុង១ថ្ងៃត្រឹមឆ្នាំ២០៣០ សម្រាប់ បម្រើសេចក្តីត្រូវការទឹកស្អាត ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។
រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាខែង ជាគម្រោងទីទី៤ របស់រដ្ឋាករទឹកក្រុងភ្នំពេញ ក្រោយការដាក់ឲ្យដំណើរការ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី១នៅឆ្នាំ២០១៣ និងជំហានទី២នៅឆ្នាំ២០១៧ និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមុននៅឆ្នាំ២០១៩៕
- Video Advertisement -