បារាំង ប្រសិទ្ធនាមសួនច្បារមួយកន្លែងនៅទីក្រុងធំមួយរបស់ខ្លួន ថាជា “សួនច្បារ នរោត្តម សីហនុ”

ទីក្រុង Fère-en-Tardenois រំលឹកដល់មរតករបស់អតីតព្រះបរមរតនកោដ្ឋ និងប្រភពដើមនៃដំណើរការសន្តិភាពជាតិ។

ប្រទេសបារាំង បានសម្រេចប្រសិទ្ធនាមសួនច្បារមួយកន្លែងនៅទីក្រុង Fère-en-Tardenois ថា “សួនច្បារ នរោត្តម សីហនុ”  ដើម្បីរំឭកដល់ចំណងមិត្តភាពជាប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង ដែលផ្សព្វផ្សាយកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង បានបញ្ជាក់តាមរយៈសេចក្តីប្រកាសព័ត៌មានថា សួនច្បារមួយនៃសាលាឃុំ Fère-en-Tardenois ក្នុងខេត្ត Aisne ត្រូវបានក្រុមប្រឹក្សាឃុំប្រសិទ្ធនាម ជាផ្លូវការថា «សួនច្បារនរោត្តម សីហនុ”។

ស្ថានទូតបន្តថា ការប្រសិទ្ធនាមនេះ គឺជាការរម្លឹកដល់ចំណងមិត្តភាពជាប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅរវាងប្រទេសកម្ពុជា និងឃុំ Fère-en-Tardenois ដែលជាទីតាំងនិមិត្តរូបនៃជំនួបចរចាជាលើកដំបូងនាឆ្នាំ១៩៨៧ រវាងព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលកាលនោះ ជា នាយករដ្ឋមន្ត្រីកម្ពុជា។

ជំនួបជាប្រវត្តិសាស្ត្រនេះ គឺជាចំណុចចាប់ផ្តើមនៃដំណើរការស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ ដែលនាំឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។ កិច្ចព្រមព្រៀងនេះបានបើកនូវសករាជថ្មីនៃស្ថិរភាព និងការកសាងប្រទេសឡើងវិញសម្រាប់ប្រជាពលរដ្ឋខ្មែរ។

សូមជម្រាបថា ពិធីសម្ពោធសួនច្បារនេះជាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៦ នៅឃុំ Fère-en-Tardenois ក្រោមអធិបតីភាពរបស់ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកព្រឹទ្ធសភាកម្ពុជា ក្នុងនាមជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះមហាក្សត្រ។

ទន្ទឹមគ្នានេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងមានមោទនភាព ក្រៃលែងដែលឃើញការចងចាំចំពោះ ព្រះករុណា ព្រះបរមរតនកោដ្ឋ និងប្រវត្តិសាស្ត្រសន្តិភាពរបស់ កម្ពុជា ត្រូវបានតម្កល់តម្លៃយ៉ាងខ្ពង់ខ្ពស់នៅលើទឹកដីបារាំង៕

- Video Advertisement -