ប្រតិភូសមាគមអ្នកសាងសង់កម្ពុជាចូលរួមពិព័រណ៍ BMAM & GBR Expo Asia 2017 នៅប្រទេសថៃ
ពិពណ៌ BMAM & GBR Expo Asia 2017 ដែលជាពិពណ៌និងសន្និសីទអន្តរជាតិស្តីពីការថែទាំអាគារ ការគ្រប់គ្រងនិងប្រើប្រាស់អគារ និងអគារបរិស្ថានបៃតង បានបិទបញ្ចប់ការងារលើកទី១០ របស់ខ្លួនជាមួយនិងការកត់សម្គាល់ខ្ពស់នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧។
ពិពណ៌ពាណិជ្ជកម្មរយៈពេល៣ថ្ងៃនេះ ប្រារព្ធឡើងនៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី២២ ខែកញ្ញា ក្រោមការរៀបចំរបស់ក្រុមហ៊ុន IMPACT Exhibition Management Co., Ltd ។ ដោយទទួលបានលទ្ធផលយ៉ាងល្អនៅឆ្នាំនេះ IMPACT បានប្រកាសថា ព្រឹត្តិការណ៍លើកទី១១ របស់ BMAM & GBR Expo Asia 2017 នឹងប្រារព្ធធ្វើឡើងនៅខែកញ្ញា ឆ្នាំក្រោយ។

ព្រឹត្តិការណ៍នេះធ្វើឡើងនៅកន្លែងតាំងពិពណ៌ទំហំ ៦,៧៥០ម៉ែត្រការ៉េ ដោយមានការតាំងបង្ហាញចំនួន ១៥០ មកពីប្រទេសចំនួន ៩ និងសាលតាំងពិពណ៌អន្ដរជាតិពីរ (សិង្ហបុរី និងជប៉ុន) ហើយព្រឹត្តិការណ៍ប្រចាំឆ្នាំនេះបានទាក់ទាញភ្ញៀវចំនួន ៥,៤២១នាក់ មកពី ៣៣ប្រទេស រួមទាំង ប្រទេសអូស្ត្រាលី កម្ពុជា ចិន ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី សហរដ្ឋអាមេរិក និងវៀតណាម។
គណៈប្រតិភូជាន់ខ្ពស់ពីសមាគមអ្នកសាងសង់កម្ពុជា (CCA) ក៏ត្រូវបានអញ្ជើញឲ្យថ្លែងសុន្ទរកថានៅក្នុងវេទិកានៃកម្មវិធីនេះផងដែរ។ បណ្ឌិត តាន់ មុន្នីវណ្ណ តំណាងរបស់ CCA បានចែករំលែកទស្សនៈរបស់លោកលើឱកាសវិនិយោគនៅកម្ពុជាជាមួយនិងភ្ញៀវដែលចូលរួមក្នុងវេទិកានេះ។ នៅលើប្រធានបទផ្សេងពីគ្នា លោក បេង ហុងសុជាតិខេមរូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅដ្ឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើបទបង្ហាញស្តីពីលំនៅដ្ឋានតំលៃសមរម្យនៅកម្ពុជាទៅកាន់វេទិកាផងដែរ។

អំឡុងពេលពិពណ៌ពាណិជ្ជកម្មនេះ មានបច្ចេកវិទ្យាជាច្រើនតាំងបង្ហាញពីការគ្រប់គ្រងអគារឆ្លាតវៃ- ដូចជាសន្តិសុខនិងសុវត្ថិភាពឆ្លាតវៃ គ្រឿងបរិក្ខារឆ្លាតវៃ ការសន្សំថាមពលឆ្លាតវៃ និងការតាំងបង្ហាញ “Smart City” ។
ផ្នែកសំខាន់ “Smart Home Showcase” បានបង្ហាញពីគំនិតច្នៃប្រឌិតផ្ទះ និងអគារជំនាន់ក្រោយដែលភ្ជាប់ជាមួយនឹងឧបករណ៍ឆ្លាតវៃ 4.0 ចាប់ពីប្រព័ន្ធចំណត សន្តិសុខនិងសុវត្ថិភាព និងការថែទាំសុខភាព ហើយវាក៏មានការរស់នៅប្រកបដោយនិរន្តរភាពដែលរចនាឡើងដោយក្រុមប្រឹក្សាស្ថាបត្យករថៃ (Architect Council of Thailand) និងសមាគម Smart City Thailand ។ រថយន្តអេឡិចត្រូនិចយ៉ាងពេញលេញ និង”Tesla S Series” ក៏ត្រូវបានដាក់តាំងបង្ហាញផងដែរ ដើម្បីបន្ថែមនូវភាពរំភើប និងរីករាយដល់ព្រឹត្តិការណ៍នេះ។

យោងតាមអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន IMPACT លោក Loy Joon How នៅឆ្នាំនេះ IMPACT មានគោលបំណងផ្សព្វផ្សាយបច្ចេកវិទ្យាអគារឆ្លាតវៃដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាល “Thailand 4.0” ។
លោកបានឲ្យដឹងថា “ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ BMAM & GBR Asia Expo បានសម្របសម្រួលដល់អាជីវកម្ម និងផ្តល់ឱកាសសិក្សារៀនសូត្រ។ ចំនួនអ្នកតាំងពិពណ៌ និងអ្នកទស្សនានៅពិពណ៌ BMAM & GBR Asia Expo មានការកើនឡើងរហូត ហើយយើងពិតជារីករាយណាស់ក្នុងការធ្វើជាអ្នកសម្របសម្រួលក្នុងដំណើរការនេះ”។

លោក Pornthep Suwanlertlum អ្នកគ្រប់គ្រងផ្នែកលក់និងទីផ្សារនៃក្រុមហ៊ុន Furukawa Thailand (Platinum Sponsor) បានមានប្រសាសន៍ថា “យើងដាក់តាំងបង្ហាញនៅ BMAM ពីព្រោះយើងចង់ផ្សព្វផ្សាយម៉ាករបស់យើងទៅកាន់ទីផ្សារក្នុងស្រុកនិងអន្តរជាតិ។ Furukawa នឹងវិលត្រឡប់មកវិញជាថ្មីម្តងទៀតនៅឆ្នាំក្រោយព្រោះយើងជឿជាក់ថា ការមានវេទិការទីផ្សារត្រឹមត្រូវគឺជាជម្រើសត្រឹមត្រូវសម្រាប់ម៉ាករបស់យើង។ ក្រៅពីនេះ Furukawa នឹងបន្តឧបត្ថម្ភកម្មវិធីនេះនាពេលអនាគត។ ”
លោក Kittisak Khunwanich ផ្នែកយុទ្ធសាស្ត្រសាជីវកម្មនិងទីផ្សារ នៃក្រុមហ៊ុន C.I. Group Public Company Limited (Gold Sponsor) បានមានប្រសាសន៍ថា “នេះគឺជាលើកទីពីរហើយដែលយើងបានដាក់តាំងបង្ហាញនៅ BMAM & GBR Expo Asia ដោយសារតែយើងទទួលបានប្រតិកម្មតបមកវិញជាវិជ្ជមានកាលពីឆ្នាំមុន។” លោកបានបន្ថែមថា “កម្មវិធីនេះគឺជា one-stop platform ដែលបង្ហាញពីការសាងសង់ ការគ្រប់គ្រងអគារនិងគ្រឿងបរិក្ខារ និងបច្ចេកវិទ្យាអគារបរិស្ថានបៃតង ហើយយើងពេញចិត្តនឹងការតាំងបង្ហាញនៅឆ្នាំនេះពីព្រោះអ្នករៀបចំបានយកចិត្តទុកដាក់ចំពោះយើងយ៉ាងល្អ ហើយយើងបានបង្កើតការលក់ថ្មី។”

