ប្រយ័ត្នត្រូវពិន័យ ២ លាន! ស្វែងយល់ពីបទបញ្ញត្តិទុកដាក់សំរាម សម្រាប់ប្រភេទអចលនទ្រព្យនានា
ថ្មីៗនេះ រដ្ឋាភិបាល ពិសេសអាជ្ញាធររាជធានីភ្នំពេញ កំពុងព្យាយាមរឹតបន្ដឹងការទុកដាក់សំរាមឱ្យមានប្រសិទ្ធភាពជាងមុន ទិសដៅដើម្បីបង្កាបញ្ហាទឹកជំនន់ដោយសារសំរាមស្ទះក្នុងប្រព័ន្ធលូ ក៏ដូចជាបង្កើនសោភណភាពទីក្រុងផងដែរ។
ជាក់ស្ដែង តាមច្បាប់ការទុកដាក់សំរាមមិនត្រឹមត្រូវ អាចនឹងត្រូវពិន័យជាប្រាក់រហូតដល់ ២លានរៀល។ មកស្វែងយល់ទាំងអស់គ្នា ពីបទបញ្ញត្តិនៃការទុកដាក់សំរាម សម្រាប់ប្រភេទអចលនទ្រព្យនានា។
តាមអនុក្រឹត្យលេខ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងនៅតាមទីប្រជុំជន ម្ចាស់សំរាមត្រូវមានភារកិច្ចដូចខាងក្រោម៖
១) ម្ចាស់លំនៅឋាន ឬអគារអចលនទ្រព្យនានា ត្រូវវេចខ្ចប់ជាកញ្ចប់ ឬធុងសំរាម ហើយរក្សាទុកក្នុងរបង ឬបរិវេណនៃលំនៅឋាន អគារ និងត្រូវបញ្ចេញនៅតាមម៉ោងដែលកំណត់ដោយរដ្ឋបាលរាជធានី ក្រុង ស្រុក ខណ្ឌ។
២) ម្ចាស់ ឬអ្នកគ្រប់គ្រងផ្សារ ទីតាំងអាជីវកម្ម ទីតាំងសេវាកម្ម ក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម មណ្ឌលកំសាន្ត ត្រូវរៀបចំឱ្យមានធុងសំរាមនៅក្នុងទីតាំង ឬបរិវេណ សម្រាប់ការដាក់សំរាមរបស់ខ្លួន។
៣) ម្ចាស់កម្មសិទ្ធិ ឬអ្នកម៉ៅការការដ្ឋានវាយកម្ទេច ជួសជុល ឬសាងសង់លំនៅឋាន ឬអគារត្រូវទទួលខុសត្រូវលើសំរាម ដែលចេញពីការដ្ឋានរបស់ខ្លួន ឱ្យបានត្រឹមត្រូវផងដែរ ដោយត្រូវប្រមូល និងដឹកជញ្ជូនដោយខ្លួនឯងទៅទីលានទុកដាក់សំរាម ឬប្រើប្រាស់សេវាសម្អាត ដែលកំណត់ដោយរដ្ឋបាលរាជធានី ក្រុង ស្រុក ខណ្ឌ។
៤) ចំពោះការប្រារព្ធពិធី ឬដំណើរការកម្មវិធី នៅតាមទីសាធារណៈ អ្នករៀបចំ ត្រូវទទួលខុសត្រូវបង់ថ្លៃសេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម កាកសំណល់រឹង ឱ្យទៅអ្នកផ្តល់សេវាប្រមូលសំរាមក្នុងមូលដ្ឋាននោះ។
៥) សម្រាប់សំណល់គ្រោះថ្នាក់វិញ ម្ចាស់លំនៅឋាន ស្ថាប័ន ឬអគារសាធារណៈ រោងចក្រ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសេវាកម្មទេសចរណ៍ ត្រូវគ្រប់គ្រង ដោយមានការពិគ្រោះយោបល់ជាមួយរដ្ឋបាលរាជធានី ក្រុង ស្រុក ខណ្ឌ ជាមុនសិន។
ចំពោះការទុកដាក់សំរាមដែលមិនគោរពតាមការណែនាំខាងលើនេះ ម្ចាស់សំរាមទាំងអស់ នឹងប្រឈមមុខនឹងការពិន័យជាអន្តរការណ៍ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ចាប់ពី ១ម៉ឺនរៀល រហូតដល់ ២លានរៀល។
- Video Advertisement -