ប្រលានយន្តហោះភ្នំពេញ នឹងសង់បន្ថែម៣០ចំណតទៀតសម្រាប់យន្តហោះប្រភេទCនៅក្នុងខែធ្នូ
ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airports ទើបតែបានសម្ពោធដាក់ឱ្យប្រើប្រាស់ចំណតយន្តហោះថ្មី B នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃទី៨ វិច្ឆិកាកន្លងទៅ ដោយចំណាយទឹកប្រាក់ប្រមាណ ៨លានដុល្លារ ហើយវាជាចំណតយន្តហោះដែលអាចចតយន្តហោះប្រភេទC បានចំនួន ១២គ្រឿង។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Cambodia Airports ចំណតទាំងនេះនឹងត្រូវដាក់ប្រើជាចម្បងសម្រាប់ចតយន្តហោះដែលត្រូវការចតរយៈពេលយូរ ហើយនៅក្នុងខែធ្នូ ចំណតនឹងកើនឡើង៣០ ទៀតសម្រាប់យន្តហោះប្រភេទC ពោលគឺប្រលានយន្តហោះអន្តរជាតិភ្នំពេញនឹងមានចំណតសរុប ៤២ ដើម្បីទ្រទ្រង់កំណើនចរាចរណ៍បន្ថែមទៀតសម្រាប់ឆ្នាំក្រោយ។
ប្រភពខាងលើបន្តថា ចំណតថ្មីនេះប្រើសម្រាប់យន្តហោះប្រភេទ C ដូចជា A320 និង B737 ដែលជាប្រភេទយន្តហោះចាប់ពីខ្នាតតូច រហូតដល់ មធ្យម។
ដោយសារតែប្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ភាគច្រើនប្រើសម្រាប់យន្តហោះខ្នាតតូចនិងមធ្យម ហើយនេះក៏ទំនងជាហេតុផលដែលគម្រោងព្រលានយន្តហោះថ្មីភ្នំពេញតម្លៃ ១,៥ប៊ីលានដុល្លារ ស្ថិតក្នុងខេត្តកណ្តាល និងតាកែវទំហំ ២៦០០ហិចតា ត្រូវបានគ្រោងសាងសង់ឡើង។
បើតាមអ្នកនាំពាក្យអាកាសចរស៊ីវិលបានប្រាប់ AKP កាលពីពេលកន្លេងទៅថា នៅពេលប្រលានយន្តហោះថ្មីនេះសាងសង់រួចរាល់ វានឹងអាចប្រើប្រាស់សម្រាប់ឱ្យយន្តហោះធុនធំហោះហើរផ្លូវឆ្ងាយ រយៈពេលពី១២ ដល់ ១៦ម៉ោង ដូចជាទៅបារាំង ឬសហរដ្ឋអាមេរិក ឬ អាចហោះហើរចេញ និងចុះចតក្នុងពេលតែមួយ ហើយប្រលានយន្តហោះដែលមានទំហំរាប់ពាន់ហិចតានេះនឹងអាចប្រឡងប្រណាំងជាមួយប្រលានយន្តហោះសិង្ហបុរី ឬ សុវណ្ណភូមិរបស់ថៃបាន។
បច្ចុប្បន្ន ប្រលានយន្តហោះទាំង៣របស់កម្ពុជា គឺប្រលានយន្តហោះអន្តរជាតិភ្នំពេញ សៀមរាប និង ខេត្តព្រះសីហនុ បានហោះហើរទៅកាន់ទីតាំង៥៥គោលដៅ សរុបប្រមាណ ៧០០ ជើងហោះហើរក្នុង១សប្តាហ៍ ហើយកាលពីឆ្នាំ ២០១៧ អ្នកធ្វើដំណើរតាមជើងយន្តហោះឆ្លងកាត់ប្រទេសកម្ពុជាមានចំនួន ៨,៨លាននាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Cambodia Airports៕
- Video Advertisement -