ផែនការមេគ្រប់គ្រងទឹកកខ្វក់នៅខេត្តព្រះសីហនុតម្លៃជាង១៤០លានដុល្លារនឹងចាប់ផ្ដើមឆាប់ៗនេះ

កាលពីព្រឹកនៅថ្ងៃទី ២៣ សីហា កន្លងមកនេះ ក្រសួងសាធារណការនិងដឹកជញ្ជូន បានបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីធ្វើការពិភាក្សាលើកចុងក្រោយស្តីពីលទ្ធផលនៃការសិក្សាលទ្ធភាពនៃគម្រោងផែនការមេ សម្រាប់គ្រប់គ្រងប្រព័ន្ធទឹកកខ្វក់នៅខេត្តព្រះសីហនុ តម្លៃជាង១៤០លានដុល្លារ។

ក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កិច្ចប្រជុំនេះត្រូវបានចូលរួមដោយក្រុមហ៊ុន BUCG ដែលជាក្រុមហ៊ុនដែលទទួលខុសត្រូវលើគម្រោងនេះ ក៏ដូចជាមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

យោងតាមការសិក្សា ផែនការមេនេះរួមមាន ការសាងសង់រោងចក្រប្រព្រឹត្តកម្មចំនួន ៤ កន្លែង ការសាងសង់លូមេប្រវែង ១៥៧ គីឡូម៉ែត្រ លូរងប្រវែង ៦៥ គីឡូម៉ែត្រ និងលូភ្ជាប់ពីលំនៅដ្ឋានប្រវែង ២១០ គីឡូម៉ែត្រ។ ប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ថ្មីនេះនឹងមានសមត្ថភាពធ្វើប្រព្រឹត្តកម្មទឹកកខ្វក់រហូតដល់ ៤០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ ២០២១ និងពង្រីកឲ្យមានសមត្ថភាពរហូតដល់ ៦០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ ២០៣០ ។

ផែនការមេនេះនឹងត្រូវអនុវត្តជា៣ ដំណាក់កាល គឺ ដំណាក់កាលទី១ ពីឆ្នាំ២០១៩ ដល់២០២១ ដំណាក់កាលទី២ ពីឆ្នាំ ២០២១ ដល់ ២០២៣ និង ដំណាក់កាលទី៣ ពីឆ្នាំ ២០២៣ ដល់ ២០៣០។ដោយឡែកទុនវិនិយោគប៉ាន់ស្មានសម្រាប់ដំណាក់កាលទី ១ គឺប្រមាណ ១៤៣ លានដុល្លារអាមេរិក។

បច្ចុប្បន្ន ខេត្តព្រះសីហនុបច្ចុប្បន្នមានស្ថានីយប្រព្រឹត្តកម្មតែមួយគត់ដែលមានទីតាំងនៅលើផ្ទៃដីប្រមាណ ១៦ ហិកតា។ ស្ថានីយប្រព្រឹត្តកម្មមួយនេះធ្វើឡើងក្រោមជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានចាប់ផ្តើមដំណើរការនៅឆ្នាំ ២០០៦ ហើយមានសមត្ថភាពធ្វើប្រព្រឹត្តកម្មទឹកកខ្វក់បានត្រឹងតែ ៦០០០ ក្នុងមួយថ្ងៃប៉ុណ្ណោះ ដែលមិនគ្រប់គ្រាន់សម្រាប់ខេត្តនេះទេ។

យោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន BUCG បានបង្ហាញថា ដោយសារតែការរីកចម្រើនយ៉ាងឆាប់រហ័ស  ខេត្តនេះបច្ចុប្បន្នផលិតទឹកកខ្វក់ប្រមាណ ២៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ហើយចំនួននេះត្រូវបានគេព្យាករណ៍ថានឹងកើនឡើងដល់ ៤៧.០០០ ម៉ែត្រគូបនៅឆ្នាំ ២០២៣ និង ៦៤.០០០ ម៉ែត្រគូប  នៅឆ្នាំ២០៣០។

ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ៖ “ស្ថានីយប្រព្រឹត្តកម្មដែលយើងមាននាពេលបច្ចុប្បន្ន គឺមិនគ្រប់គ្រាន់នោះទេ ហេតុនេះហើយយើងត្រូវតែអនុវត្តប្លង់មេនេះឱ្យបានឆាប់រហ័សបំផុត ដើម្បីដោះស្រាយបញ្ហាដែលកំពុងចោទ។ បច្ចុប្បន្នយើងកំពុងសិក្សាពីលទ្ធភាព។ ខ្ញុំសង្ឃឹមថា កិច្ចប្រជុំលើកនេះ អាចការពិភាក្សាចុងក្រោយមុននឹងបញ្ជូនទៅក្រសួងពាក់ព័ន្ធដើម្បីអនុម័តថវិកា” ។

ក្រោយសាងសង់រួច គម្រោងនេះនឹងក្លាយជាប្រព័ន្ធលូធំដំបូងគេនៅខេត្តព្រះសីហនុ ដោយប្រើប្រព័ន្ធមេកានិច” ឯកឧត្តម​ បានបន្ត។

ក្រៅពីការគ្រប់គ្រងទឹកកខ្វក់ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានជំរុញឱ្យមន្រ្តីពាក់ព័ន្ធចុះត្រួតពិនិត្យបញ្ហាទឹកជំនន់នៅក្នុងខេត្តនេះផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-អារ៉ាប៊ីសាអូឌី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសក្តានុពលចំនួន៧

ក្នុងអំឡុងពេលជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ […]

ក្រុមហ៊ុនសំណង់លំដាប់ពិភពលោក Ferrovial ប្រើប្រាស់បច្ចេកវិទ្យា ២ នេះ ដើម្បីគ្រប់គ្រងគម្រោង!

Ferrovial ដែលជាក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធធំជាងគេមួយរបស […]

ខេត្តកំពង់ស្ពឺ បើកការដ្ឋានសាងសង់កំណាត់ផ្លូវលេខ ១៣០A ប្រវែងជិត ១០គីឡូម៉ែត្រជាផ្លូវការ

ក្រោមអធិបតីភាពរបស់អភិបាលខេត្ត ជាម ច័ន្ទសោភ័ណ គម្រោងក្រា […]

មកសិក្សាពីបច្ចេកវិទ្យាសាងសង់សណ្ឋាគារខ្នាតយក្សតម្លៃ ១,៣ ពាន់លានដុល្លារ នៅអាមេរិក

ក្រុមហ៊ុន Mortenson និង McCarthy បានរួមគ្នាបញ្ចប់ការសាង […]