ផ្ទៃបឹងជើងលោងទំហំប្រមាណ ១៤០០ ហិចតា នឹងត្រូវស្តារ យកដីចាក់បំពេញព្រលានយន្តហោះថ្មី
សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យម្ចាស់ក្រុមហ៊ុន OCIC ជួយស្តារបឹងជើងលោងឱ្យកាន់តែជ្រៅ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និង ផលចំណេញសម្រាប់ការសង់ព្រលានយន្តហោះថ្មីនេះផងដែរ។
ថ្លែងក្នុងឱកាសចុះពិនិត្យ ដំណើរការសាងសង់ព្រលានយន្តហោះថ្មី នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ សម្តេច ហ៊ុន សែន បានស្នើដល់អ្នកឧកញ៉ា ពុង ឃាវសែ ម្ចាស់ក្រុមហ៊ុន OCIC ឱ្យជួយស្តារបឹងជើងលោងឱ្យជ្រៅថែមទៀត ហើយយកដីពីការស្តារបឹងនេះ មកចាក់ធ្វើព្រលានយន្តហោះថ្មី។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីអត្ថប្រយោជន៍នៃការស្តារបឹងនេះ យ៉ាងដូច្នេះថា ៖ «ខ្ញុំបានប្រាប់ លោក ពុង ឃាវសែ ឱ្យជួយជីកបឹងជើងលោងឱ្យជ្រៅ ហើយយកអាចម៍ដី មកចាក់ឱ្យព្រលានយន្តហោះ។ ហេតុអីបានជាខ្ញុំត្រូវរំលឹករឿងនេះ បឹងជើងលោងនេះមានតួនាទីសំខាន់ណាស់ ដែលវាទាក់ទងទៅខេត្តដល់ទៅ ២ ស្រុក ៣ (ស្រុក២ នៅខេត្តតាកែវ ហើយស្រុកស្អាង១ ទៀត នៅខេត្តកណ្តាល)»។
សម្តេចបានបញ្ជាក់យ៉ាងលម្អិត ពីគុណប្រយោជន៍នៃបឹងជើងលោង នេះដែរថា «បឹងនេះជាប្រភពនៃការដោះស្រាយទឹក សម្រាប់កសិករធ្វើស្រែប្រាំង នៅតំបន់ពុតស និងផ្នែកមួយចំនួននៃស្រុកព្រៃកប្បាស ហើយវាធ្លាក់មកជាតំបន់នៃការធ្វើស្រែប្រាំង តាំងពីក្រាំងយូវរហូតចេញមកទន្លេបាសាក់ ដូច្នេះត្រូវតែស្តុកទឹកទុកឱ្យបានច្រើននៅទីនោះ» ។
ជាមួយគ្នានេះដែរ សម្តេច បញ្ជាក់ថា៖ «យើងកំពុងត្រូវការរកអាចម៍ដី អញ្ចឹងយកអាចម៍ដីពីក្នុងអាងយកមកចាក់ដីធ្វើព្រលានយន្តហោះ ជាផលចំណេញរបស់ក្រុមហ៊ុន តែជាផលចំណេញរបស់រដ្ឋ និងរបស់ប្រជាជនដែរ។ នៅពេលបឹងជើងលោងជ្រៅ វានឹងបង្កើតបាននូវការស្តុកត្រី របស់យើងនឹងធំធាត់នៅបឹងជើងលោង។ តែបឹងជើងលោង មិនមែនគ្រាន់តែដោះស្រាយបញ្ហាប្រភពទឹកសម្រាប់ស្រោចស្របមួយមុខទេ បឹងជើងលោងជាប្រភពនៃការដែលយើងជម្លៀសទឹកជំនន់ព្រែកត្នោត ព្រោះយូរៗម្តងជំនន់ព្រែកត្នោត នឹងកើតឡើង។ ជំនន់ព្រែកត្នោតធ្លាក់ទៅក្នុងទន្លេបាសាក់ ប៉ុន្តែនៅពេលទឹកទន្លេបាសាក់វាខ្ពស់ដែរ ពេលទឹកជំនន់មកវាទៅណា យើងត្រូវបញ្ចៀសវាទៅបឹងជើងលោង» ។
បឹងជើងលោង គឺជាបឹងធម្មជាតិដ៏ធំមួយភាគខាងត្បូងរាជធានីភ្នំពេញ បឹងធម្មជាតិនេះ មានផ្ទៃដី ប្រមាណ ១៤ គ.មក្រឡា ឬប្រមាណ ១៤០០ ហិចតា ដែលមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ២៦, ២៦ គ.ម ពីរាជធានីភ្នំពេញ និងប្រមាណជា ១០ គ.ម ពីទីតាំងព្រលានយន្តអន្តរជាតិភ្នំពេញថ្មី។
គួរបញ្ជាក់ផងដែរថា ដោយសារជាអាកាសយានដ្ឋានធំបំផុតលំដាប់ទី ៩ ក្នុងពិភពលោក ដែលនឹងត្រូវសាងសង់លើទំហំលើរហូតដល់ប្រមាណ ២.៦០០ហិកតា តម្រូវការដីចាក់បំពេញផ្ទៃព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ ត្រូវបានគេប៉ាន់ប្រមាណថា នឹងមានចំនួនច្រើនលានមែត្រគូបបន្ថែមទៀត៕
(អានបន្ថែម)
- Video Advertisement -