ផ្លូវជាតិលេខ ៥ គ្រោងបញ្ចប់ទាំងស្រុង ១០០% រលោងស្រិលពីភ្នំពេញដល់ប៉ោយប៉ែតឆ្នាំ ២០២៤

គម្រោងស្ដារផ្លូវជាតិលេខ ៥ កំណាត់បាត់ដំបង-សិរីសោភ័ណសាងសង់រួចរាល់១០០% ហើយ ខណៈ ៣ កំណាត់ទៀតគ្រោងនឹងបញ្ចប់ឆ្នាំ ២០២២ ២០២៣ ២០២៤ បន្តៗគ្នា។

នេះបើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកម្មវិធី MPWT Live Show ដែលពីថ្ងៃទី ៣០ សីហា។

«ការលើកកម្ពស់គុណភាពផ្លូវជាតិលេខ៥នេះ គឺសាងសង់បែងចែកជាកំណាត់ៗ។ កំណាត់បាត់ដំបង-សិរីសោភ័ណឌសាងសង់រួចហើយ ខណៈឯកំណាត់ពីព្រែកក្តាម-ពោធិ៍សាត់ និងពោធិ៍សាត់-បាត់ដំបង កំពុងសាងសង់ ដោយគ្រោងបញ្ចប់នៅឆ្នាំ២០២២ និង២០២៣ខាងមុខ» ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍។

«ដោយឡែក កំណាត់សិរីសោភ័ណ-ប៉ោយប៉ែត យើងកំពុងតែជ្រើសរើសក្រុមហ៊ុនសាងសង់ ដូច្នេះទាល់ឆ្នាំ២០២៤ ទើបធ្វើហើយ» ឯកឧត្តមបានបន្ដ។

គួរបញ្ជាក់ថា ត្រឹមខែមិថុនា ការដ្ឋានផ្លូវជាតិលេខ៥ ជារួមសម្រេចបានប្រមាណ ៦០% ហើយ ដោយកំណាត់ព្រែកក្តាម-ធ្លាម្អម សម្រេច ៤៦,០៥% និងកំណាត់ភាគកណ្តាលធ្លាម្អម-បាត់ដំបងសម្រេច ៣៨,០៨%។

សូមបញ្ជាក់ថាគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ មានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ ដែលជាការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់នេះ ចាប់ពី ២គន្លងទៅ ៤គន្លង មានទទឹង ២៣ ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូអាស្វាល់ (AC) និងមានសួនច្បារចំកណ្តាល ក្រោមទឹកប្រាក់ប្រមាណ ៥00លានដុល្លារអាមេរិក ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលជប៉ុន។ (អានបន្ថែម)

- Video Advertisement -