ផ្លូវដែកកម្ពុជាថៃ តភ្ជាប់ជាផ្លូវការហើយ
ប្រមុខរដ្ឋាភិបាលកម្ពុជា និងថៃបានរួមគ្នាចូលរួមសម្ភោធជាផ្លូវការនៃការតភ្ជាប់ផ្លូវដែក និងស្ពានមិត្តភាពស្ទឹងបត់-បានណុងអៀងនាព្រឹកថ្ងៃទី ២២ ខែ មេសា ឆ្នាំ២០១៩ ដែលសម្មិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធទាំងពីរនេះ នឹងរួមចំណែកជំរុញសកម្មភាពពាណិជ្ជកម្ម និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
សម្តេចតេជោរ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីថៃ ប្រយុទ្ធ ចាន់ អូចា បានសម្ពោធរួមគ្នា ស្ពានមិត្តភាពឆ្លងព្រំដែន និងជិះរថភ្លើងរួមគ្នា ជានិមិ្មតរូបសម្ពោធផ្លូវការនៃការតភ្ជាប់ផ្លូវដែករវាងប្រទេសទាំងពីរ នេះបើយោងតាមទំព័រហ៊្វេសប៊ុករបស់សម្តេច ។
កិច្ចព្រមព្រៀងដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនតាមរថភ្លើង ដែលទើបនឹងបញ្ចប់ ក៏បានចុះនៅក្នុងថ្ងៃសម្ភោធនេះផងដែរ។
ជាមួយគ្នានេះ ពិធីប្រគល់ទទួល រថភ្លើងដែលមានទូចំនួនបួន រដ្ឋាភិបាលថៃគ្រោងប្រគល់ជាផ្លូវការក្នុងថ្ងៃនេះ ជាមួយនឹងការជិះលើរថភ្លើងរួមគ្នា នៃមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលទាំងពីរ ចេញពីស្ថានីយ៍ខ្លងលឺក ប្រទេសថៃ មកកាន់ស្ថានីយ៍ប៉ោយប៉ែត នៅកម្ពុជា។
ប្រទេសថៃលើកឡើងថា ការប្រគល់រថភ្លើងនេះដល់រដ្ឋាភិបាលកម្ពុជា គឺជានិមិ្មតរូបនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ រថភ្លើងដើរដោយប្រេងម៉ាហ្សូតនេះ អាចផ្ទុកអ្នកដំណើរបានចំនួន៣២០នាក់ បានបញ្ជូនមកដល់ស្ថានីយ៍ប៉ោយប៉ែត ពីប្រទេសថៃ កាលពីថ្ងៃសុក្រ ដើម្បីពិនិត្យផ្នែកបច្ចេកទេស ដើម្បីត្រៀមសម្រាប់កម្មវិធីសម្ភោធនៅថ្ងៃច័ន្ទ។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា CAMFFA រំពឹងថា ការបើកច្រកព្រំដែន ស្ពានស្ទឹងបត់ បានណុង អៀង និងដំណើរការតភ្ជាប់ផ្លូវដែកជាមួយប្រទេសថៃ នឹងចូលរួមចំណែកសម្រួលដល់ការងារធ្វើពាណិជ្ជកម្ម ដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនប្រសើរឡើង។
«ច្រកនឹងយើងចឹងបានយូរហើយ ពីមុនដល់ឥលូវនេះ យើងឃើញថាច្រកប៉ោយប៉ែតយើងនេះ យើងប្រើដឹកទំនិញក៏នៅច្រកហ្នឹង ហើយភ្ញៀវទេសចរក៏ឆ្លងកាត់ច្រកហ្នឹង ការដឹងទំនិញឡានធំៗ និងភ្ញៀវទេសចរទៅចម្រុះតែផ្លូវមួយ ហើយលូវនេះ យើងមានច្រកថ្មី ដែលអាចធានាដល់ការដឹកcargo (ទំនិញ)។ បើយើងបានបើកច្រកហ្នឹងទៅ ប្រសើរណាស់ យើងមានកន្លែងស្រួលបួលសម្រាប់លើកដាក់ទំនិញ។ ហើយការតភ្ជាប់ផ្លូវរថភ្លើង ក៏យើងចង់បានយូរហើយ ព្រោះយើងចង់កាត់បន្ថយការកកស្ទះ»។
ការងារកសាង និងស្តារឡើងផ្លូវដែកភាគខាងជើងរបស់កម្ពុជា បានបញ្ចប់កាលពីខែសីហាឆ្នាំ២០១៨ បន្ទាប់ពីរងការខូតខាតច្រើនទសវត្សន៍ ដោយសារសង្រ្គាមស៊ីវិល។ ផ្លូវដែកភាគខាងជើងនេះ មានប្រវែង៣៨៦គីឡូម៉ែត្រ ភ្ជាប់រាជធានីភ្នំពេញ ទៅទីក្រុងប៉ោយប៉ែត ជាប់ព្រំដែន ស្រុកអារញ្ញាប្រថេត ខេត្តស្រះកែវ ប្រទេសថៃ។
បច្ចុប្បន្ននេះ ដំណើរការផ្លូវដែកភាគខាងជើង គ្រប់គ្រងដោយក្រុមហ៊ុន Royal Railway ដែលជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុន Royal Group រហូតដល់កុងត្រាថ្មីនៃការដាក់ដេញថ្លៃគ្រប់គ្រងដាក់ជាសាធារណៈនៅពេលខាងមុខ។
ជាមួយនឹងដំណើរការផ្លូវដែកឆ្លងកាត់ព្រំដែន រដ្ឋាភិបាលប្រទេសទាំងពីរ រំពឹងថានឹងរួមចំណែកជំរុញពាណិជ្ជកម្មទ្វេភាគីកើនឡើង។
ទេសរដ្ឋមន្តី្រ និងជារដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ធ្លាប់បានលើកឡើងថា ការភ្ជាប់ផ្លូវដែករវាងកម្ពុជាថៃ មិនត្រឹមតែសម្រួលដល់ការដឹកជញ្ជូនទំនិញនោះទេ ប៉ុន្តែផ្លូវដែកនេះ ថែមទាំងសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ជាពិសេសប្រជាពលរដ្ឋកម្ពុជា ធ្វើដំណើរ ពីរាជធានីភ្នំពេញ ឬពីក្រុងព្រះសីហនុ ទៅទីក្រុងបាងកក ម៉ាឡេស៊ី និងសឹង្ហបុរីទៀតផង៕ អានបន្ថែម

- Video Advertisement -