ផ្លូវដែកភ្នំពេញ-ប៉ោយប៉ែតសម្រច ១០០ ភាគរយ ដោយប្រើថវិកាសរុបជាង ៩៦ លានដុល្លារ

កាលពីព្រឹកថ្ងៃទី ០៤ កក្កដា នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាព ដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវកំណាត់ផ្លូវដែកពីពោធិ៍សាត់មកភ្នំពេញ ដែលជាការបញ្ចប់នូវកំណាត់ចុងក្រោយនៃគម្រោងស្ដារឡើងវិញនៃផ្លូវដែកទិសពាយ័ព្យភ្នំពេញ-ប៉ោយប៉ែតទាំងមូលប្រវែង ៣៨៦ គ.ម. ។

ចំពោះកំណាត់ផ្លូវដែកពីពោធិ៍សាត់-ភ្នំពេញនេះគឺមានប្រវែងសរុប ១៦៦គីឡូម៉ែត្រ ដែលតភ្ជាប់ពីខេត្តពោធិ៍សាត់មកដល់បាត់ដឹង (១៣៤ គ.ម.) ឆ្លងកាត់ខេត្តពោធិ៍សាត់-កំពង់ឆ្នាំង-កំពង់ស្ពឺ-កណ្តាល និងរាជធានីភ្នំពេញ ដោយចំណាយថវិកាសាងសង់សរុប ២៣.៤ លានដុល្លារ។

កំណាត់ផ្លូវដែកពីពោធិ៍សាត់-ភ្នំពេញនេះ គឺប្រើដែករ៉ៃចាស់ពីជំនាន់បារាំង កំណល់ដែក ដែលអាចបើកបរបានក្នុងល្បឿន ៣០ គ.ម/១ម៉ និងអាចទ្រទំងន់បាន ១៥តោន ក្នុង១ភ្លៅកង់ ហើយមានស្ថានីយចំនួន ២០ រួមមាន៖ ពោធិ៍សាត់-ទទឹងថ្ងៃ-កំរ៉ែង-បំណក់-ក្តុល-ក្រាំងស្គារ-រមាស-បារាំង-ក្រាំងល្វា-មានក-ត្បែងខ្ពស់-ដំណាក់ស្មាច់-ត្រាចទង-បាត់ដឹង-ទួលលៀប-ត្រពាំងត្នោត-សំរោង-ផ្លូវបំបែក-ពោធិ៍ចិនតុង-ភ្នំពេញ។

គួរបញ្ជាក់ផងដែរថា ពោធិ៍សាត់-ភ្នំពេញនេះ គឺជាសមិទ្ធិផលដំណាក់កាលទី ៤ និងជាដំណាក់កាលចុងក្រោយនៃការស្ដារឡើងវិញនៃផ្លូវដែកទិសពាយ័ព្យភ្នំពេញ-ប៉ោយប៉ែតទាំងមូលបន្ទាប់។

ដោយដំណាក់កាលទី១ គឺកំណាត់ផ្លូវប៉ោយប៉ែត-សិរីសោភ័ណ ប្រវែង៤៨គ.ម ដែលបានដាក់ឲ្យដំណើរការកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ (អានបន្ថែម)។

ដំណាក់កាលទី២ គឺកំណាត់ផ្លូវសិរីសោភ័ណ-បាត់ដំបង ប្រវែង៦៥គ.ម ដែលដាក់ឲ្យដំណើរការនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ កន្លងមកនេះ។ និងដំណាក់កាលទី ៣ គឺកំណាត់បាត់ដំបង-ពោធិ៍សាត់ ប្រវែង១០៧គ.ម និងដាក់អោយដំណើរការកាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨ (អានបន្ថែម)។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងថា ការស្តារឡើងវិញកំណាត់ផ្លូវដែកពីភ្នំពេញរហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ បានចំណាយថវិកាប្រមាណ ៩៦.៦លានដុល្លារអាមេរិក ដែលក្នុងនោះទឹកប្រាក់ប្រមាណ ១៣លានដុល្លារជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ហើយទឹកប្រាក់ជាង ៨៣.៦លានដុល្លារ ទៀតជាថវិការបស់រាជរដ្ឋាភិបាល។

ក្រោយការសម្រេចបាននូវសមិទ្ធិផលមួយនេះ ប្រទេសកម្ពុជានឹងមានខ្សែរថភ្លើងពីភ្នំពេញទៅប៉ោយប៉ែត ឬ អាចនិយាយបានថាទៅដល់ទីក្រុងបាងកកតែម្ដងដោយភ្ជាប់ជាមួយខ្សែរថភ្លើងថៃនៅព្រំដែនខ្មែរ-ថៃនៅប៉ោយប៉ែត។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានមានប្រសាសន៏ថា ផ្លូវដែកនេះ គឺជាផ្លូវសេដ្ឋកិច្ចមួយដ៏មានសក្ដានុពលក្នុងការដឹកជញ្ជូនផលិតផលនានារបស់បងប្អូនទៅកាន់ទីផ្សារក្នុងតំបន់ និងលើសពីនេះទៅទៀត គឺការធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃ ដែលបងប្អូនប្រជាពលរដ្ឋអាចដឹកទំនិញពីកម្ពុជាទៅថៃ និងដឹកទំនិញពីប្រទេសថៃមកកម្ពុជាវិញ ប្រកបដោយភាពងាយស្រួល សុវត្ថិភាពខ្ពស់ និងចំណាយតិច ព្រោះថាផ្លូវដែកនេះនឹងត្រូវតភ្ជាប់ជាមួយផ្លូវដែកនៃព្រះរាជាណាចក្រថៃ នាពេលខាងមុខដ៏ខ្លីនេះ។ មួយផ្នែកទៀត ផ្លូវដែកនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថា្នក់ចរាចរណ៍ និងផ្ដល់ការប្រកួតប្រជែងក្នុងវិស័យដឹកជញ្ជូនផងដែរ។

គួរបញ្ជាក់ផងដែរថា កំណាត់ផ្លូវដែកទិសពាយ័ព្យនេះត្រូវបានសាងសង់ឡើងអំឡុងឆ្នាំ១៩២៩ ដល់១៩៤២ ក្នុងសម័យអាណានិគមបារាំង ប៉ុន្តែផ្លូវដែកនេះ ត្រូវបានអាក់ខានប្រើប្រាស់ ក្នុងពេលកម្ពុជាជួបភ្លើងសង្គ្រាមទសវត្សរ៍ឆ្នាំ៧០។

ក្រៅពីការសម្រេចបាននូវគម្រោងមួយនេះ រាជរដ្ឋាភិបាល ក៏មានគម្រោងជាច្រើនទៀតក្នុងការធ្វើទំនើបកម្មលើផ្លូវដែកនេះ ដូចជា៖ ការសាងសង់និងជួសជុលស្ថានីយ៍រថភ្លើងព្រមទាំងបំពាក់ស្លាកសញ្ញាសុវត្ថិភាពផ្លូវដែកពីភ្នំពេញ-ប៉ោយប៉ែត ការសាងសង់ទីលានកុងកាន័រផ្លូវដែកនៅស្ទឹងបត់ ការសិក្សាដើម្បីរៀបចំឲ្យមានរថភ្លើងលើអាកាសដំណើរការដោយស្វ័យប្រវត្តិនៅក្នុងក្រុងភ្នំពេញ ការតភ្ជាប់ផ្លូវដែកពីភ្នំពេញទៅកំពង់ផែស្វយ័តភ្នំពេញថ្មី ការតភ្ជាប់ផ្លូវដែកទៅតំបន់សេដ្ឋកិច្ចពិសេសដូចជាពីស្ថានីយ៍ទូកមាសទៅរោងចក្រស៊ីម៉ង់ត៍ចក្រីទីង ពីស្ថានីយ៍វាលរេញទៅកំពង់ផែកែវផុស ការជំរុញឱ្យមានការវិនិយោគផ្លូវដែកភាគខាងជើងភ្នំពេញ-ស្នូល-ស្ទឹងត្រែង ប្រវែង២៤៨គ.ម ការជំរុញឱ្យមានការវិនិយោគផ្លូវដែកពីភ្នំពេញ-សៀមរាប សិរីសោភ័ណ និងការជំរុញឱ្យមានការវិនិយោគផ្លូវដែក តភ្ជាប់ទៅប្រទេសវៀតណាម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]