ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ ២០១៨ ចាប់ផ្តើម
ពេលនេះ ការតែងតាំងបេក្ខភាពចូលរួមសម្រាប់ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ ២០១៨ បានបើកទទួលអ្នកអភិវឌ្ឍន៍ និងសាធារណជនទូទៅ រហូតដល់ថ្ងៃទី ៥ ខែមករា ខណៈដែលការចូលរួមបើកទទួលរហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា របស់កម្មវិធីពានរង្វាន់នេះ។
កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា (Property Guru Cambodia Property Awards) ដែលត្រូវបានរៀបចំដោយក្រុមហ៊ុន Property Guru Group ដែលជាក្រុមហ៊ុនអចលនទ្រព្យអនឡាញដ៏ធំបំផុតរបស់អាស៊ី គឺជាផ្នែកមួយនៃកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ី ដែលត្រូវបានទទួលស្គាល់តាំងពីឆ្នាំ ២០០៥។ ឥឡូវនេះ កម្មវិធីនេះកំពុងរៀបចំកម្មវិធីលើកទី៣ របស់ខ្លួន ដែលជាកម្មវិធីឧស្សាហកម្មអចលនទ្រព្យធំបំផុត និងផ្តាច់មុខបំផុតនៅក្នុងប្រទេសកម្ពុជា។ ពិធីប្រគល់ពានរង្វាន់គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៨ នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra រាជធានីភ្នំពេញ ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅខែមីនា ឆ្នាំ២០១៧ របស់កម្មវិធីពានរង្វាន់ឆ្នាំ២០១៨ អ្នករៀបចំកម្មវិធីនេះបានលើកទឹកចិត្តឲ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងក្រុមហ៊ុនដែលមានការទទួលស្គាល់ជាពិសេសក្រុមហ៊ុននៅភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ចុះឈ្មោះនិងប្រកួតប្រជែងដណ្តើមពានរង្វាន់។
ប្រភេទពានរង្វាន់ត្រូវបានបែងចែកជាបីក្រុមធំៗគឺ អ្នកអភិវឌ្ឍន៍ ការអភិវឌ្ឍ និងការរចនា។ ការជ្រើសរើសពានរង្វាន់ពិសេស ក៏នឹងត្រូវផ្តល់សម្រាប់ការលើកកម្ពស់ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនសាជីវកម្ម (Corporate Social Responsibility=CSR) និងភាពល្អប្រសើរក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាព អគារបៃតង និងការរចនាសកល។
ពានរង្វាន់ដែលមានប្រព័ន្ធគ្រប់គ្រងពានរង្វាន់ប្រកបដោយវិជ្ជាជីវៈគ្រប់គ្រងដោយក្រុមហ៊ុន Binder Dijker Otte (BDO) ដែលជាក្រុមហ៊ុនគណនេយ្យ និងសវនកម្មដ៏ធំបំផុតរបស់ពិភពលោក ជាពានរង្វាន់ដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយចំពោះភាពយុត្តិធម៌ និងតម្លាភាពរបស់ពានរង្វាន់ និងត្រូវបានវិនិច្ឆ័យដោយក្រុមអ្នកជំនាញឯករាជ្យខាងឧស្សាហកម្មនេះ ។
ចំណុចផ្លាស់ប្តូរខុសពីឆ្នាំមុនគឺថាអង្គការអន្តរជាតិមិនមែនរដ្ឋាភិបាល Cooperative for Assistance and Relief Everywhere (CARE) ក៏នឹងចូលរួមក្នុងការវិនិច្ឆ័យក្នុងកម្មវិធីពានរង្វាន់នេះដែរ។ ការវិនិច្ឆ័យរបស់ CARE នឹងផ្តោតលើការប្តេជ្ញាចិត្តរបស់អ្នកអភិវឌ្ឍន៍ចំពោះវិស័យសំណង់និងសុខុមាលភាពរបស់កម្មករ។
លោក Sorn Seap ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Key Real Estate Co., Ltd. ដែលជាប្រធានគណៈកម្មាការដាក់ពិន្ទុឯករាជ្យ បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ ថា ក្រុមគណៈកម្មាការ នឹងធ្វើទស្សនកិច្ចទៅកាន់ទីតាំងគម្រោងទាំងអស់ដែលជាប់ដល់វគ្គជំរុះ ដើម្បីធ្វើការវាយតម្លៃលម្អិតដែលចំណាយពេលប្រហែលមួយទៅពីរសប្តាហ៍សម្រាប់គម្រោងនីមួយៗ។
លោកបានពន្យល់ថា “បន្ទាប់ពីការវាយតម្លៃចុងក្រោយ យើងនឹងធ្វើការប្រជុំវិនិច្ឆ័យពីរដងមុនពេលចេញសេចក្តីសម្រេចជាផ្លូវការថាតើគម្រោងណាមួយដែលគួរត្រូវបានជ្រើសតាំងជាអ្នកឈ្នះ” ។
លោកបានបន្ថែមថា “ពានរង្វាន់នេះបានក្លាយជាការរួមចំណែកដ៏ធំធេងដល់ឧស្សាហកម្មសំណង់ និងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ដោយសារវាបានទាក់ទាញវិនិយោគិនបរទេសមកពីជុំវិញពិភពលោកដើម្បីវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា” ។
លោក Terry Blackburn ស្ថាបនិកនិងជាប្រធានគ្រប់គ្រងកម្មវិធីពានរង្វាន់ Property Guru Asia Property Awards បានយល់ដូចគ្នានឹងលោក Sorn Seap ដោយលោកបានលើកឡើងថា ពានរង្វាន់នេះនឹងជំរុញឲ្យមានការសាងសង់ដែលមានគុណភាពកាន់តែប្រសើរ ការរចនាប្រកបដោយភាពច្នៃប្រឌិតកាន់តែច្រើន និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព នៅឆ្នាំខាងមុខ។
គម្រោងជាង ៣០ របស់ពីអ្នកអភិវឌ្ឍន៍ជាប់វគ្គជំរុះចំនួន១៣ ដែលស្ថិតនៅក្នុងគោលដៅវិនិយោគសំខាន់ៗនៅទូទាំងរាជធានីភ្នំពេញ ខេត្តសៀមរាប និងក្រុងព្រះសីហនុ បានចូលរួមការប្រកួតឆ្នាំ ២០១៧។ ក្រុមហ៊ុនបុរីប៉េង ហួត គ្រុប ដែលបានតែងតាំងបេក្ខភាពប្រកួតចំនួន ១១នោះ ទទួលបានពានរង្វាន់អ្នកអភិវឌ្ឍន៍ដ៏ល្អបំផុត (កម្ពុជា) សម្រាប់ពេលពីរឆ្នាំជាប់គ្នា។ ភ្ញៀវ VIP ប្រហែល ៣០០ នាក់បានចូលរួមក្នុងពិធីជប់លៀង Black-tie gala កាលពីឆ្នាំមុន នៅសណ្ឋាគារសូហ្វីតែភ្នំពេញភូគីត្រា។
សម្រាប់ជុំឆ្នាំ ២០១៨ អ្នករៀបចំកម្មវិធីរំពឹងថានឹងមានក្រុមហ៊ុនប្រហែល ១០០ ចុះឈ្មោះសម្រាប់ព្រឹត្តិការណ៍អចលនទ្រព្យប្រកបដោយកិត្យានុភាពនេះ គឺកើនឡើង ២០ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក Blackburn បានបញ្ជាក់ថា “កាលពីឆ្នាំមុន ក្រុមហ៊ុនរចនាស្ថិតនៅជួរមុខគេសម្រាប់ការចុះឈ្មោះ។ ដោយឡែក ឆ្នាំនេះយើងរំពឹងថាគម្រោងខុនដូនឹងមានចំនួនបេក្ខភាពនាំមុខគេ។”
ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ ដែលជាប្រព័ន្ធផ្សព្វផ្សាយឈានមុខគេក្នុងប្រទេសកម្ពុជាសម្រាប់វិស័យឧស្សាហកម្មសំណង់ និងអចលនទ្រព្យ គឺជាអ្នកឧបត្ថម្ភផ្នែកផ្សព្វផ្សាយសម្រាប់កម្មវិធីពានរង្វាន់ Property Guru Cambodia Property Awards។
- Video Advertisement -