ព្រឹត្តិការណ៍ប្រចាំថ្ងៃសំខាន់ៗក្នុងខែ ឧសភា-មិថុនា របស់សាលារាជធានីភ្នំពេញ (PPCH)

ស្ពានថ្មើរជើងឆ្លងផ្លូវជម្ពូវ័នបើកឲ្យដំណើរការ

៥ ឧសភា៖ ដើម្បីការពារអ្នកដំណើរថ្មើរជើង ពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតមានឡើងជាញឹកញាប់សាលារាជធានីភ្នំពេញបានបើកឲ្យដំណើរការស្ពាន ថ្មើរ ជើងឆ្លងកាត់ផ្លូវជម្ពូវ័នចំនួនពីរស្ថិតនៅជិតសាលាវិទ្យាល័យជម្ពូវ័ន។ ស្ពានទាំងពីរនេះនឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះអាចដើរឆ្លងកាត់ផ្លូវជាតិលេខ៤ ដើម្បីការពារសុវត្ថិភាព ហើយមិនតែប៉ុណ្ណោះ ថែមទាំងអាចជួយកាត់បន្ថយបញ្ហាកក ស្ទះចរាចរណ៍ពេលម៉ោងសិស្សចេញពីសាលាព្រមទំាងផ្សារដែលនៅតាមបណ្តោយផ្លូវជាតិលេខ៤ នេះផងដែរ។ 

ចិនផ្តល់ជំនួយរថយន្តក្រុង១០០គ្រឿងដល់កម្ពុជា

៩ ឧសភា៖ ប្រទេសចិនបានផ្តល់ជំនួយរថយន្តក្រុងចំនួន ១០០គ្រឿងជាលើកដំបូងរបស់ខ្លួនសម្រាប់ប្រតិបត្តិការនៅទីក្រុងភ្នំពេញ ខណៈបច្ចុប្បន្នមានរថយន្ត ៥៧គ្រឿងដំណើរការលើផ្លូវរត់ចំនួនបីខ្សែ។ ដើម្បីដំណើរការរថយន្តរបស់ចិនទាំង ១០០គ្រឿងនេះ សាលារាជធានីភ្នំពេញបានធ្វើការសិក្សាផ្លូវរត់បន្ថែម៥ខ្សែទៀត។ ទន្ទឹមនឹងនេះដែរ សាលារាជធានីភ្នំពេញរំពឹងថា រថយន្តថ្មីទាំងនេះនឹងកាន់តែធ្វើឲ្យប្រសើរឡើងនូវសេវាសារធារណៈនៅក្នុងទីក្រុងភ្នំពេញ ហើយរថយន្តក្រុងទាំងនោះបានមកដល់កំពង់ផែស្វ័យតព្រះសីហនុកាលពីថ្ងៃទី ២៥ ខែមិថុនា នេះ។ ម្យ៉ាងវិញទៀត ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក៏នឹងផ្តល់រថយន្តក្រុងចំនួន ១៨០គ្រឿងផងដែរសម្រាប់ប្រតិបត្តិការនៅទីក្រុងភ្នំពេញ។

អគាររដ្ឋបាលជ្រោយចង្វារបើកដំណើរការជាផ្លូវការ

១៧ ឧសភា៖ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលខណ្ឌជ្រោយចង្វារ មានកំពស់២ជាន់ ទំហំ ២៨មx១៥ម ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ។

ជប៉ុនបណ្តុះបណ្តាលមន្រ្តីកម្ពុជាស្តីពីការគ្រប់គ្រងប្រព័ន្ធលូបង្ហូរទឹក

២៧ ឧសភា៖ គណៈប្រតិភូមកពីទីក្រុង Kitakyosui ប្រទេសជប៉ុនបានជួបជាមួយមន្រ្តីមន្ទីរនាំក្រសួងសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញដើម្បីពិភាក្សាពីការបណ្តុះបណ្តាលស្តីពីបញ្ហាការថែទាំ និងការគ្រប់គ្រងនៃប្រព័ន្ធលូបង្ហូរទឹក និងបញ្ហានៃការសាយភាយទឹកដែលមានសារជាតិពុល។ ក្រោយចប់វគ្គបណ្តុះបណ្តាល គេរំពឹងថា ការគ្រប់គ្រងប្រព័ន្ធលូទឹកនៅកម្ពុជា នឹងត្រូវបានកែលម្អឲ្យកាន់តែប្រសើរជាងមុន។

PPCH ចូលរួមបើកសម្ពោធការដ្ឋានសាងសង់ផ្សារម៉ាក្រូ

២៩ ឧសភា៖ ផ្សារម៉ាក្រូកម្ពុជាបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី ២៩ ខែឧសភា នៅជិតផ្សារទំនើបអ៊ីអនម៉លទី ២ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាសុជាតិ វង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ ការសាងសង់ផ្សារលក់រាយដ៏ធំនៅកម្ពុជាមួយនេះ រំពឹងថានឹងរួចរាល់នៅចុងឆ្នាំ២០១៧ នេះ។ ម៉ាក្រូជាមជ្ឈមណ្ឌលលំដាប់អន្តរជាតិ ដែលនឹងផ្តល់ជូនប្រតិបត្តិករអាជីវកម្មជាច្រើន រួមមាន ហាងលក់រាយ ហាងចែកចាយបន្ត សណ្ឋាគារ ភោជនីយដ្ឋាន អាជីវកម្មជាច្រើនទៀត។

បង្កន់សាធារណៈនៅទីលានប្រជាធិបតេយ្យបើកឲ្យដំណើរការ

៧ មិថុនា៖ ការសាងសង់បង្គន់សាធារណៈថ្មីនៅទីលានប្រជាធិបតេយ្យ ដែលស្ថិតនៅក្នុងខណ្ឌ ឬស្សីកែវត្រូវបានបញ្ចប់ជាស្ថាពរកាលពីចុងខែឧសភាកន្លងមកនេះ។

ផ្្លូវជាតិលេខ៥ ចាក់បេតុង បើកឲ្យដំណើរការ

១៣ មិថុនា៖ ការដ្ឋានចាក់បេតុងនៃផ្លូវជាតិលេខ៥ បានសម្រេចបញ្ចប់ការសងសង់១០០ ភាគរយ។ ផ្លូវជាតិលេខ៥ មានប្រវែង ៣៩០០ ម៉ែត្រ ដែលមានទទឹង១៦ ម៉ែត្រ ហើយផ្លូវជាតិ នេះតភ្ជាប់ពីស្ពានព្រែកភ្នៅទៅកាន់តំបន់យឿត្រី។ បន្ថែមពីនេះ សាលារាជធានីភ្នំពេញក៏បាន ពង្រីកផ្លូវទំនប់កប់ស្រូវដែលមានប្រវែង ៦៣៨ ម៉ែត្រ ទទឹង៥ ម៉ែត្រដោយតភ្ជាប់ពីព្រែកភ្នៅ ទៅកាន់ផ្លូវជាតិលេខ៥។

សួនថ្មើរជើងតាមមាត់ទន្លេស្វាគមន៍ព្រះរាជពិធីបុណ្យអ៊ុំទូក

១៤ មិថុនា៖ គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ ការដ្ឋានកែលំអសួនមាត់ទន្លេ ចាប់ពីព្រះអង្គដង្កើដល់ព្រះគន្លង់ សម្រេចបាន ៦៥% ហើយសាលារាជធានីភ្នំពេញនឹងបញ្ចប់ការដ្ឋានការកែលំអទាំងស្រុង ដែលតភ្ជាប់ពីទីក្រុងកោះពេជ្រ ឆ្ពោះទៅកាន់ស្ពានជ្រោយចង្វារឲ្យបានមុនព្រះរាជពិធីបុណ្យអ៊ុំទូកឈានមកដល់។

 

កិច្ចពិភាក្សាលម្អិតពីការសាងសង់ស្ពានដែក

១៥ មិថុនា៖ ក្រុមការងារសាលារាជាធានីភ្នំពេញបានចុះពិនិត្យទីតាំងសាងសង់ស្ពានបណ្តោះអាសន្នអំពីដែកបាឡេឆ្លងកាត់ទន្លេសាបនៅត្រង់ចំណុចឃ្លាំងប្រេងឥន្ធនៈសូគីម៉ិច ឬស្សីកែវទៅកាន់តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ របស់ក្រុមហ៊ុន OCIC។ ស្ពានដែកបាឡេនេះ គឺធ្វើការសាងសង់ឲ្យឆ្លងបណ្តោះអាសន្នដើម្បីសម្រួលចរាចរណ៍ពីស្ពានជ្រោយចង្វារចាស់ដែលនឹងត្រូវធ្វើការជួសជុល បន្ទាប់ពីស្ពាននោះជួសជុលរួចស្ពានដែកបេឡេនេះនឹងត្រូវរួសរើសាងសាង់ជាស្ពានថ្មវិញក្នុងការតភ្ជាប់រវាងខណ្ឌជ្រោយចង្វារ និងខណ្ឌឬស្សីកែវ ដែលនឹងជួយសម្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

កិច្ចប្រជុំរៀបចំប្លង់មេអភិវឌ្ឍន៍តំបន់ជ្រោយចង្វារ

២១ មិថុនា៖ ឯកឧត្តម អៀង អូននី អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំប្រជុំរៀបចំប្លង់មេអភិវឌ្ឍន៍តំបន់ជ្រោយចង្វារ ដើម្បីឱ្យមានការគ្រប់គ្រង ការអភិវឌ្ឍន៍នានាឲ្យត្រូវតាមលក្ខណៈបច្ចេកទេស និងបទដ្ឋានដែលបានកំណត់ក្នុងប្លង់គោលអភិវឌ្ឍន៍រាជធានីភ្នំពេញឆ្នាំ២០៣៥៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល សម្រេចបានប្រមាណ ៦០% ហើយ

វឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន […]

កម្ពុជា-វៀតណាម គ្រោងសង់មជ្ឈមណ្ឌលជាតិព្យាបាលអ្នកញៀនគ្រឿងញៀន ទំហំ ៥៣ហិកតា

កម្ពុជា-វៀតណាម គ្រោងនឹងសាងសង់មជ្ឈមណ្ឌលជាតិព្យាបាល និងស្ […]

ខេត្តកំពង់ចាមក្លាយជាខេត្តដំបូងគេដែលសម្រេចបានការកំណត់ផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ច្បាស់លាស់

គំនិតផ្ដួចផ្ដើមក្នុងការរៀបចំកំណត់ផែនទីព្រំប្រទល់រដ្ឋបាល […]

ផ្លូវក្រវាត់ព្រំដែន​ខេត្ត​មណ្ឌលគិរី និង​រតនគិរី​សាងសង់​ជិត​បញ្ចប់ ១០០% ហើយ

គិតចាប់​ពី​ខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ […]

តើមានអ្វីថ្មីនៅក្នុងកម្មវិធី OpenUtilities Substation+ ថ្មី?

ក្រុមហ៊ុន Bentley Systems បានដាក់ឱ្យប្រើប្រាស់ OpenUtil […]

ក្រុមហ៊ុនចិនចំនួ​នពីរសម្រេចបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចមួយនៃខេត្តស្វាយរៀង​

ក្រុមហ៊ុនចំនួនពីរបានសន្យាបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋ […]