ភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាកើនជិតស្មើ​កម្រិត​មុនវិបត្តិសកល ប៉ុន្តែទេសចរចិននៅមានចំនួនតិចតួច បើធៀបនឹងប្រទេសជិតខាង

ចំនួនភ្ញៀវអន្តរជាតិចូលមកទេសចរណ៍ក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២៤ បានកើនឡើងដល់ ៤,៤ លាននាក់ក្នុងរយៈពេល ៨ ខែដំបូង ស្មើនឹងការកើនឡើង ២២,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ តួលេខដ៏ខ្ពស់នេះ បង្ហាញពីការងើបឡើងវិញនៃវិស័យទេសចរណ៍ជាបណ្តើរៗ ពោលគឺនៅសល់តែ១,៦% ទៀតតែប៉ុណ្ណោះ នឹងបានស្មើនឹងកម្រិតចំនួនទេសចរកាលពីកំឡុងពេលមុនមានវិបត្តិសាកល ដែលនៅពេលនោះ ចំនួនទេសចរអន្តរជាតិបានធ្លាក់ចុះយ៉ាងខ្លាំងពី ៦,៩ លាននាក់ក្នុងឆ្នាំ ២០១៩ មកត្រឹមតែ ២០០K នាក់ក្នុងឆ្នាំ ២០២១។ កំណើនទេសចរណ៍បានចាប់ផ្តើមឡើងវិញ នៅឆ្នាំ ២០២២ ជាមួយនឹងការមកដល់ ២,៣ លាននាក់ និងបានកើនឡើងបន្ថែមទៀតដល់ ៥,៤ លាននាក់នៅឆ្នាំ ២០២៣ ដែលឆ្លុះបញ្ចាំងពីស្ថានភាពប្រសើរឡើងវិញនៃវិស័យទេសចរណ៍ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ទិន្នន័យជាក់ស្តែងបង្ហាញពីចំនួនតិចតួចនៃទេសចរចិន បើធៀបនឹងប្រទេសថៃ និងវៀតណាម នេះបើយោងតាម ស្ថិតិទេសចរណ៍ចុងក្រោយ ដែលត្រូវបានចុះផ្សាយដោយ CBRE Cambodia នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤។

បច្ចុប្បន្នភាពទេសចរណ៍នៅកម្ពុជា

គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ ២០២៤ ប្រទេសកម្ពុជា​នេះ​ មានទេសចរអន្តរជាតិជាង៤លាននាក់ ក្នុងនោះមានភ្ញៀវ​ទេសចរជនជាតិ​ថៃ​ដែល​មាន​ចំនួន ៣៥% នៃ​ការ​មក​ដល់​អន្តរជាតិ​ទាំង​អស់។ វិស័យទេសចរណ៍កម្ពុជាក៏ទាញបានចំនួនគួរឱ្យកត់សម្គាល់ពីប្រទេសវៀតណាម (២០%) ប្រទេសចិន (១៤%) កូរ៉េ និងឡាវ ៣% ដោយបញ្ជាក់ពីភាពទាក់ទាញក្នុងតំបន់ និងគុណសម្បត្តិនៃភាពជិតស្និទ្ធទៅនឹងទីផ្សារជិតខាង។ ទោះយ៉ាងណាក៏ដោយប្រភពដដែល ហាក់នៅមិនទាន់បានរំលេចអំពីចំនួនទេសចរពីប្រទេសដទៃជាពិសេសពីតំបន់អ៊ឺរ៉ុប និងបណ្តាប្រទេសអាស៊ីផ្សេងទៀត។​

ប្រៀបធៀបប្រទេសកម្ពុជាជាមួយប្រទេសជិតខាង

ខណៈពេលដែលវិស័យទេសចរណ៍របស់កម្ពុជា ត្រូវបានជំរុញជាចម្បងដោយទីផ្សារក្បែរផ្ទះ ដែលហាក់បង្ហាញលក្ខណៈមានភាពចម្រុះភូមិសាស្ត្រតិចតួចនោះ ចំណែកឯប្រទេសវៀតណាមវិញ បង្ហាញពីមូលដ្ឋានអ្នកទស្សនាចម្រុះភូមិសាស្រ្តច្រើនជាង ដោយភ្ញៀវទេសចរកូរ៉េខាងត្បូងមាន ២៧% បន្ទាប់មកប្រទេសចិន (២១%) និងសហរដ្ឋអាមេរិក (៨%) តៃវ៉ាន់ ៥% និងជប៉ុន ៤%។

ផ្ទុយទៅវិញ ប្រទេសថៃបានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរចិន ដោយមាន ៤៣% នៃភ្ញៀវអន្តរជាតិទាំងអស់របស់ថៃ គឺជាជនជាតិចិន ខណៈជនជាតិវៀតណាមទៅទស្សនាប្រទេសថៃមាន ១១%នៃទេសចរសរុប  បន្ទាប់មានឥណ្ឌា ៩% និងចុងក្រោយគឺជនជាតិតៃវ៉ាន់ និងកូរ៉េ ៥%ស្មើគ្នា។

ភាពចម្រុះនៃភូមិសាស្ត្រសម្រាប់ភ្ញៀវទេសចរអន្តរជាតិនេះ ផ្តល់នូវគំរូសក្តានុពលសម្រាប់ប្រទេសកម្ពុជាក្នុងការធ្វើពិពិធកម្មប្រភពទេសចរណ៍របស់ខ្លួន និងពង្រីកការទាក់ទាញរបស់ខ្លួនទៅកាន់ទីផ្សារឆ្ងាយឱ្យដូចប្រទេសជិតខាង។ ទិន្នន័យកំណើនទេសចរជាង ២២% គឺសញ្ញាល្អសម្រាប់វិស័យទេសចរណ៍ និងឱកាសអភិវឌ្ឍន៍ប្រទេស ប៉ុន្តែគុណភាពនិងប្រភពនៃទេសចរ ក៏ជាកត្តាដ៏សំខាន់មួយសម្រាប់ពិចារណាលើគោលនយោបាយ ទេសចររបស់ប្រទេសផងដែរ។ ខណៈដែលកម្ពុជាប្រហែលជាពិបាកនឹងប្រកួតប្រជែង បើធៀបលើបរិមាណភ្ញៀវទេសចរចិនរបស់ប្រទេសថៃ ការពង្រឹងសមត្ថភាពក្នុងការទាក់ទាញ ក្នុងការទាញយកប្រយោជន៍ពីការអំពាវនាវក្នុងតំបន់របស់ខ្លួន និង ការធ្វើពិពិធកម្មឱ្យបានកាន់តែទូលំទូលាយជាងមុនបន្ថែមទៀត នឹងមានសារៈសំខាន់ក្នុងការរក្សាសន្ទុះ និងការធានាមុខមាត់របស់ខ្លួន នៅក្នុងទិដ្ឋភាពទេសចរណ៍អន្តរជាតិដែលកំពុងតែមានភាពប្រកួតប្រជែងខ្លាំងជាងមុន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]