ភ្នំពេញត្រូវការចំណតក្រោមដីកាន់តែច្រើនឡើងខណៈកំណើនយានយន្តកើនយ៉ាងឆាប់រហ័ស

នាយករដ្ឋមន្រ្តី សម្តេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ចំណតយានយន្តក្រោមដីគឺត្រូវការបន្ថែមទៀត ស្របពេលដែលរាជធានីភ្នំពេញមានការអភិវឌ្ឍន៍ទីក្រុងយ៉ាងឆាប់រហ័សនិងការកើនឡើងនូវចំនួនយានយន្តនៅក្នុងទីក្រុង។

ថ្លែងអំពីការអភិវឌ្ឍន៍ប្រទេសកម្ពុជាយ៉ាងឆាប់រហ័សក្នុងអំឡុងពេលជួបជាមួយប្រជាជនកម្ពុជាដែលរស់នៅក្នុងប្រទេសស្វីសកាលពីខែកក្កដា សម្តេច តេជោ ហ៊ុន សែនបាន មានប្រសាសន៍ថា បច្ចុប្បន្ននេះ រាជធានីភ្នំពេញកំពុងប្រឈមនឹងបញ្ហាខ្វះខាតកន្លែងចតយានយន្ត ខណៈដែលចំណតរថយន្តក្រោមដីកំពុងក្លាយជាដំណោះស្រាយដ៏ទាក់ទាញបំផុត។

សម្តេចថ្លែងថា៖ «បើយើងនិយាយអំពីទីក្រុងភ្នំពេញសព្វថ្ងៃ មានរឿងសំខាន់ពីរ។ ទី ១ គឺខ្វះកន្លែងចតរថយន្ត ហើយទី២គឺសំរាម ១ ថ្ងៃសំរាមដល់ទៅ ៣ តោន» ហើយសម្តេច បានណែនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលរាជធានីភ្នំពេញឲ្យពិនិ្យទៅលើបញ្ហានេះ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ប្រសិនបើ ៥០ ភាគរយនៃយានយន្តសរុបធ្វើដំណើរលើដងផ្លូវក្នុងពេលតែមួយ នោះរាជធានីភ្នំពេញនឹងមានការកកស្ទះនិងជាប់គាំងនៅមួយកន្លែង។

សម្តេចថ្លែងថា៖ «ខ្ញុំបានណែនាំដល់រដ្ឋមន្រ្តីក្រសួងដែនដី ជា សុផារ៉ា និងអភិបាលក្រុង ឃួង ស្រេង ឲ្យពិនិត្យមើលកន្លែងដែលអាចចតរថយន្តបាន។ កន្លែងចតខ្លះប្រើខាងក្រោមដី ពីរឬបីជាន់ ដើម្បីធ្វើចំណតរថយន្តនៅខាងក្រោម បើមិនដូចនេះទេ ចិញ្ចើមថ្នល់គឺពេញ»។

យោងតាមតួលេខរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន គិតត្រឹមខែមិថុនាឆ្នាំ ២០១៩ មានយានយន្តប្រមាណ ៥ លានគ្រឿងត្រូវបានចុះបញ្ជីតាមរយៈការចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដែលក្នុងនោះ ១ លានគ្រឿង គឺជារថយន្តហើយនៅសល់គឺជាម៉ូតូ។

លោកម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ថា សាលាក្រុងកំពុងធ្វើការដើម្បីមានចំណតរថយន្តក្រោមដីបន្ថែមទៀត។

លោកថ្លែងថា៖ «យើងត្រូវរៀបចំគម្រោងចំណតសាធារណៈបន្ថែមទៀត ដើម្បីឆ្លើយតបនឹងការកើនឡើងនៃការប្រើប្រាស់យានយន្តដែលចតនៅទីសាធារណៈ។ នៅក្រោមដី និងនៅលើដី [ចំណតរថយន្ត] ក្រុមការងាររបស់យើងនឹងត្រូវសិក្សាបន្ថែមទៀត»។

យោងតាមទិន្នន័យពីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ចំណតរថយន្តក្រោមដីដែលអភិវឌ្ឍជាសួនសាធារណៈមានទំហំចំនួន ៤១.៦៦៩.៩៦ ម៉ែត្រការ៉េ រីឯសួនចំនួន ១២ នៅក្នុងទីក្រុងមានទំហំសរុប ៩៣៧.៣២៨ ម៉ែត្រការ៉េ។

លោកបានមានប្រសាសន៍ថា៖« យើងនឹងពិនិត្យលើវា [ចំណតរថយន្តក្រោមដី] ហើយនឹងជំរុញ ឲ្យវិស័យឯកជនចូលរួមក្នុងការសាងសង់ចំណតសាធារណៈ ទោះបីជាត្រូវបង់ថ្លៃតិចតួចសម្រាប់ប្រតិបត្តិការក៏ដោយ» ។

បច្ចុប្បន្ននេះ រាជធានីភ្នំពេញមានចំណតរថយន្តក្រោមដីដែលប្រើប្រាស់ទីធ្លាសាធារណៈនៅចន្លោះសួនវឌ្ឍនៈនិងសួនកាណាឌីយ៉ា ហើយត្រូវបានវិនិយោគដោយ ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ខណៈដែលមានចំណតមួយផ្សេងទៀតក៏មាននៅបរិវេណណាហ្គាវើលក្នុងខណ្ឌចំការមន។

លើសពីនេះ សាលារាជធានីកំពុងធ្វើការរៀបចំចំណតរថយន្តក្រោមដីបន្ថែមទៀតដោយចាប់ផ្តើមពីចំណតរថយន្តក្រោមដី (ចន្លោះសួនវឌ្ឍនៈនិងកាណាឌីយ៉ា) រហូតទៅដល់មាត់ទន្លេដែលជាផ្នែកមួយនៃគម្រោងវិនិយោគមួយចំនួនរបស់ក្រុមហ៊ុនឯកជន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley បង្ហើបវិធីសាស្ដ្រថ្មីដោយប្រើ MicroStation រួមនឹង iModels ដើម្បី​បង្កើនតម្លាភាព

Bentley Systems កំពុងជួយក្រុមវិស្វករធ្វើទំនើបកម្មលើការអ […]

កម្ពុជា-ម៉ាឡេស៊ី ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យព័ស្តុភារកម្ម និងថាមពលកកើតឡើងវិញ

លទ្ធផលពីគណៈកម្មការចម្រុះលើកទី៣ ផ្តោតសំខាន់កិច្ចសហប្រតិប […]

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

និន្នាការ ៣ធំៗ ដែលនឹងប្ដូរអនាគតនៃហេដ្ឋារចនាសម្ព័ន្ធពិភពលោក

ក្រុមហ៊ុនកម្មវិធីសំណង់ឌីជីថលលំដាប់ពិភពលោក Bentley Syste […]