មកដល់បច្ចុប្បន្នរដ្ឋបានជួសជុលផ្លូវខូចខាតដោយទឹកជំនន់បានជាង ១១២គីឡូម៉ែត្រហើយនៅទូទាំងប្រទេស
គិតមកដល់បច្ចុប្បន្នរដ្ឋាភិបាលបានធ្វើការជួសជុលបន្ទាន់ទៅលើផ្លូវប្រវែងជាង ១១២ គីឡូម៉ែត្រ ហើយក្នុងចំណោមហេដ្ឋារចនាសម្ព័ន្ធជាង ៣ ពាន់គីឡូម៉ែត្រដែលរងគ្រោះទឹកជំនន់កាលពីប៉ុន្មានខែកន្លងទៅនេះ។
នេះបើយោងតាមការឱ្យដឹងពី ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «យុទ្ធសាស្រ្តកែលម្អការខូចខាត ដែលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ» កាលពីថ្ងៃទី ២៤ វិច្ឆិកា នេះ។
ឯកឧត្តមបានមានប្រសាសន៍ថា៖ «មកដល់ម៉ោងនេះ យើងបានធ្វើការជួសជុលបន្ទាន់ ដើម្បីតភ្ជាប់ឡើងវិញ បានប្រវែង ១១១,៥៥ គីឡូម៉ែត្រហើយ។»
បើយោងតាមការវាយតម្លៃចុងក្រោយបង្អស់ត្រឹមថ្ងៃទី ១៧ វិច្ឆិកា ផ្លូវដែលរងផលប៉ះពាល់ដោយសារជំនន់ (លិចទឹក) ទាំងអស់មានចំនួន ៦៥៩ខ្សែ ឬ ស្មើនឹង ៥ ៣២៩ គីឡូម៉ែត្រ ដោយក្នុងនោះខូចខាតប្រវែង ៣ ១២២ គីឡូម៉ែត្រ។
ជាមួយគ្នានេះ រដ្ឋាភិបាលក៏បាន ធ្វើការវាយតម្លៃ និងរកឃើញថាខេត្តចំនួន ៩ ដែលត្រូវរងការខូចខាតខ្លាំងជាងគេ រួមមានខេត្ត បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ កំពង់ស្ពឺ សៀមរាប ប៉ៃលិន កណ្ដាល កំពង់ឆ្នាំង ឧត្តរមានជ័យ ដែលត្រូវខូចខាតប្រវែង ១៧១០ គីឡូម៉ែត្រ។ ក្នុងនោះ ខេត្តបាត់ដំបង ខូចខាតប្រវែង ៥៨ គីឡូម៉ែត្រ ខេត្តពោធិ៍សាត់ ១៣៤ គីឡូម៉ែត្រ និងបន្ទាយមានជ័យ ១២១ គីឡូម៉ែត្រ។
គួរបញ្ជាក់ផងដែរថា ទឹកជំនន់នេះបានធ្វើឱ្យប៉ះពាល់ដល់ ១៩ រាជធានី ខេត្តរួមមាន ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្ដាល កំពង់ឆ្នាំង កំពង់ធំ។ (អានបន្ថែម)
ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជាក៏បានប៉ាន់ប្រមាណថា រដ្ឋនឹងត្រូវការថវិកាប្រមាណ ៩១ លានដុល្លារអាមេរិក ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធជាង ៣ពាន់គីឡូម៉ែត្រ ដែលខូចខាតដោយទឹកជំនន់នេះ។ ប៉ុន្តែមកទល់បច្ចុប្បន្នក្រសួងសេដ្ឋកិច្ចអនុម័តត្រឹម ១៥ លានដុល្លារប៉ុណ្ណោះ សម្រាប់ខេត្តអាទិភាពចំនួន៣។ (អានបន្ថែម)

