មនុស្សស្លាប់និងរបួសចំនួន៥៩នាក់ក្នុងគ្រោះថ្នាក់បាក់រលំអគារក្នុងខេត្តកែបបណ្តាលមកពីហេតុផល២

ក្រោយប្រតិបត្តិការសង្គ្រោះអស់រយៈពេលជាង៤៣ម៉ោងរួចមក ចំនួនមនុស្សស្លាប់និងរបួសដោយសារគ្រោះថ្នាក់បាក់រលំអគារក្នុងខេត្តកែប បានកើនឡើងដល់ចំនួន ៥៩នាក់ ហើយមូលចម្បងដែលធ្វើឱ្យអគារនេះរលំបាក់ គឺបណ្តាលមកពីហេតុផល២យ៉ាង នេះបើយោងតាមសន្និសីទកាសែតថ្លែងដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

តាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន គ្រោះថ្នាក់បាក់រលំអគារដែលមានទីតាំងស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប កាលពីថ្ងៃទី៣ ខែ មករា បានឆក់យកជីវិតមនុស្សចំនួន ៣៦​នាក់ (ស្រី១៤នាក់) និងបណ្តាលឲ្យមនុស្សចំនួន២៣នាក់ផ្សេងទៀតរងរបួស ក្នុងនោះ ប្រុស១៥ នាក់ និងស្រី៨នាក់។

ខណៈសម្តែងការសោកស្តាយចំពោះជនរងគ្រោះក្នុងហេតុការណ៍នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីហេតុផលបឋមចំនួនពីរយ៉ាងដែលបានបណ្តាលឲ្យអគារកម្ពស់៧ជាន់សម្រេចការសាងសង់ជាង៩០ភាគរយនេះត្រូវបាក់រលំផងដែរ។

សម្តេចថ្លែងថា៖ «ទីមួយគឺផ្នែកខាងគូសប្លង់ ដែកទំហំប៉ុននេះៗ!! គឺមេការសាងសង់ដាក់ដែកខុស បានសេចក្តីថា ដែកតូចជាងកម្រិតបច្ចេកទេសដែលគេផ្តល់។ អាហ្អឹងគឺជាកំហុសទីមួយទៅហើយ កំហុសទី២គឺទាក់ទិននឹងបញ្ហាប្លង់សេ គេត្រូវការ២៧​ ទៅ២៨ថ្ងៃទើបអាចដកក្តារពុម្ភបាន ក៏ប៉ុន្តែ តាមដែលយើងទទួលព័ត៌មាន ត្រឹមមិនដល់១០ថ្ងៃទេ គាត់ដកក្តារពុម្ពចេញតែម្តង ដើម្បីឈានឡើងទៅចាក់ជាន់ខាងលើ»។

តាមការលើកឡើងបន្តរបស់សម្តេច  មេការសំណង់ដែលបង្កការធ្វេសប្រហែសក្នុងកិច្ចការងារសាងសង់អគារខាងលើនេះ បានស្លាប់បាត់បង់ជីវិតជាមួយនឹងកូនក្នុងហេតុការគ្រោះថ្នាក់ខាងលើនេះ ក៏ប៉ុន្តែចំណាត់ការតាមផ្លូវច្បាប់គឺនៅតែមានបន្តសម្រាប់ម្ចាស់សំណង់ដែលបច្ចុប្បន្ននេះ អាជ្ញាធរបានធ្វើការឃាត់ខ្លួនរួចហើយនោះ។

ឆ្លើយតបទៅនឹងមតិរិះគន់ចំពោះការទទួលខុសត្រូវរបស់អភិបាលខេត្តកែបក្នុងរឿងនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចមិនដកដំណែងអភិបាលខេត្តកែបទេ ព្រោះសម្តេចគិតថានេះមិនមែនជាកំហុសរបស់អភិបាលខេត្តនោះដែរ វាគឺជាឧប្បទ្ទហេតុ។

សម្តេចតេជោ បានបញ្ជាក់ទៀតថា ប្រតិបត្តិការសង្គ្រោះជនរងគ្រោះនេះបានធ្វើឡើងដោយមានការសហការពីគ្រប់ស្ថានប័នពាក់ពន្ធ័ និងមានការប្រុងប្រយ័ត្នបំផុត និងមិនធ្វើដោយទទឹងទិសនោះទេ ដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងរក្សាទ្រង់ទ្រាយ និងគោរពសាកសពផងដែរ។

គិតត្រឹមថ្ងៃទី៥ ខែ មករា ឆ្នាំ២០២០ ថវិកាឧបត្ថម្ភដល់ជនរងគ្រោះពីសប្បុរសជននានាមានចំនួនជាង ១លានដុល្លារអាមេរិក ហើយក្នុងនោះ សំរាប់អ្នកដែលរងរបួសគឺទទួលបាន១ម៉ឺនដុល្លារ។ ដោយឡែកករណីពិសេសនៃការជួយសង្គ្រោះប៉ុន្មាននាក់ចុងក្រោយនេះ គឺម្នាក់ៗទទួលបាន២ម៉ឺនដុល្លារ។ សំរាប់គ្រួសារសពជនរងគ្រោះម្នាក់ៗទទួលបាន៥ម៉ឺនដុល្លារ និង បន្ថែម១០លានរៀលទៀតសម្រាប់ពិធីបុណ្យសព។

គួរបញ្ជាក់ផងដែរថា កាលពីខែមិថុនា កន្លងមកនេះក៏មានការបាក់រលំអគារកម្ពស់ ៧ជាន់ ដែលបានបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាង ៤០នាក់ នៅខេត្តព្រះសីហនុ  (អានបន្ថែម) ហើយសំណង់សាលាឆាន់នៃវត្តប្រាសាទគោកចក ស្ថិតនៅក្នុងក្រុងសៀមរាប បានបាក់រលំកាលពី ខែធ្នូ បានធ្វើអោយមនុស្សជិត២០នាក់របួស។ (អានបន្ថែម)

រូបភាពពី SPM

 


- Video Advertisement -