មន្ត្រីនាំពាក្យ៖ ផ្លូវជាតិលេខ២នឹងបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗខាងមុខ
បន្ទាប់ពីទន្ទឹងរងចាំអស់រយៈពេលជាច្រើនឆ្នាំមក ការស្ថាបនាពង្រីកផ្លូវជាតិលេខ២ ក្រោមជំនួយពីរដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗខាងមុខ នេះបើយោងតាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន។
ថ្លែងប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ យើងខ្ញុំតាមទូរសព័្ទកាលពីថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៩ មន្ត្រីនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម វ៉ា ស៊ឹម សុរិយា បានឲ្យដឹងថា និតិវិធីនៃគម្រោងស្ថាបនាពង្រីកផ្លូវជាតិលេខ២ គឺបានចប់សពគ្រប់អស់ហើយ រងចាំតែថ្ងៃចាប់ផ្តើមបើកការដ្ឋានសាងសង់តែប៉ុណ្ណោះ។
ឯកឧត្តមបានមានប្រសាសន៍ថា៖ «តាមខ្ញុំដឹងយើងផ្ញើព័ត៌មានទៅខាងកូរ៉េរួចហើយ ប៉ុន្តែគ្រាន់តែថា អត់ទាន់សម្រេចយ៉ាងម៉េចទេ ខ្ញុំមិនទាន់មានព័ត៌មានទេ ថាកូរ៉េផ្ញើមកដល់ហើយឬនៅ»។
«ក្រុមហ៊ុនម៉ៅការសាងសង់ ដេញថ្លៃហើយ តាំងពី ២-៣ខែមុនមកម្ល៉េះ [សម្រាប់និតិវិធីគ្រប់យ៉ាងគឺ] ហើយអស់ហើយ ចាំតែការសម្រេចពីខាងកូរ៉េ។ អាច [កូរ៉េផ្តល់ព័ត៌មាន] ឆាប់ៗនេះហើយ ប្រសិនជានេះ[មានការសម្រេច] យើងនឹងប្រកាសបើកការដ្ឋានភ្លាម» ឯកឧត្តម បានបន្ថែម។
គួរម្លឹកថា ផ្លូវមួយខ្សែនេះ នឹងត្រូវសាងសង់ទៅជាផ្លូវបេតុងអាហ្វ្រល់ AC មានគុណភាពយូរជាងមុន ដែលនឹងមានប្រវែងប្រមាណជា ៥៧ គីឡូម៉ែត្រ និងទទឹង ១៣ ម៉ែត្រ ក្រោមកម្ចីពីធនាគារនីហរ័ណអាហរ័ណកូរ៉េ។
ទាក់ទងនឹងកញ្ចប់ថវិការសាងសង់ផ្លូវនេះដែរ រដ្ឋាភិបាលកូរ៉េ កាលពីចុងឆ្នាំ ២០១៨ បានសម្រេចផ្តល់កម្ចីបន្ថែមទៀតទៅលើកម្ចីប្រមាណជា ១៣លានដុល្លារអាមេរិកដែលកូរ៉េបានផ្តល់កាលពី ៤ឆ្នាំមុនសម្រាប់គម្រោងផ្លូវជាតិលេខ២។ អានបន្ថែម
ជាការកត់សម្គាល់ តាមផែនការ ការស្ថាបនាផ្លូវមួយខ្សែនេះ គឺគ្រោងនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ ២០១៩ នេះ ក៏ប៉ុន្តែ ខកខានមិនបានដំណើរការទាន់ពេលវេលាដោយសារលក្ខខណ្ឌការងារមួយចំនួន។
«អាហ្នឹង [ការស្ថាបនាផ្លូវនេះ] មិនអាចធ្វើទៅតាមចិត្តយើងបានទេ យើងរហ័សណាស់ យើងចង់បាន ពួកខ្ញុំខាងផ្លូវនេះ គឺចង់បានលឿនជាងប្រជាពលរដ្ឋទៅទៀត ប៉ុន្តែយើងធ្វើវាអត់បានទេ ពេលខ្លះយើងមិនមែនបង្អង់ទេ វាមានលក្ខខណ្ឌខ្លះដែលយើងមិនអាចធ្វើចេញ» មន្ត្រីនាំពាក្យខាងលើបានពន្យល់យ៉ាងដូច្នេះ។
- Video Advertisement -