មហោស្រប Angkor Dynasty វិនិយោគដោយក្រុមហ៊ុនចិនគ្រោងបើកសាខានៅខេត្តព្រះសីហនុ
រូបភាពដោយ Angkor Zipline
បន្ទាប់ពីបើកដំណើរការឡើងវិញកាលពីខែចុងឆ្នាំ២០១៨កន្លងទៅនេះ ក្រុមហ៊ុនអភិវឌ្ឍមហោស្រប Angkor Dynasty ដែលជាកន្លែងសំដែងសិល្បៈស្តីពីប្រវិត្តិនៃការសាងសង់ប្រាសាទអង្គរ គ្រោងនឹងបង្កើតមហោស្របបន្ថែមមួយទៀត នៅខេត្តព្រះសីហនុ។
វិនិយោគរួមគ្នាដោយក្រុមហ៊ុន Cambodian Mega Asset Management និង ក្រុមហ៊ុន MeiYi Group មកពីប្រទេសចិន មហោស្រប Angkor Dynasty គឺត្រូវបានបើកសម្ពោធនៅខេត្តសៀមរាប ដែលជាទិសដៅទេសចរណ៍ដ៏សំខាន់ នៃប្រទេសកម្ពុជា។ កម្មវិធីសំដែងក្នុងមហោស្របស្តែងពីការកសាងប្រាសាទអង្គរ និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ នាសម័យអាណាចក្រអង្គរ។
លោក Li Yongxi នាយកនៃមហោស្រប Angkor Dynasty បានឲ្យដឹងថា ក្រុមហ៊ុនមានផែនការសាងសង់មហោស្របមួយទៀត នៅខេត្តព្រះសីហនុ ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរបរទេសក្នុងតំបន់ខេត្តមាត់សមុទ្រមួយនេះ ជាពិសេសភ្ញៀវទេសចរចិនតែម្តង។
ទោះបីមិនបានបញ្ជាក់ពីទំហំវិនិយោគ និងព័ត៌មានលំអិតនៃគម្រោងមហោស្របទីពីរនេះក៏ដោយ លោក Li Yongxi បញ្ជាក់ថា មហោស្របទីពីរនេះនឹងមានទំហំតូចជាងមហោស្រប Angkor Dynasty។
លោក Li Yongxi បានថ្លែងថា៖ «គម្រោងបើកមហោស្របមួយទៀតនៅខេត្តព្រះសីហនុ ព្រោះមានភ្ញៀវទេសចរបរទេសច្រើន ចង់ឲ្យភ្ញៀវទេសចរបានស្វែងយល់ពីប្រទេសកម្ពុជា ដូចនឹងមហោស្រប Angkor Dynasty ដែរ»។
ស្ថិតនៅលើផ្លូវ ទៅប្រាសាទអង្គរវត្ត មហោស្រប Angkor Dynasty វិនិយោគជាមួយនឹងទំហំវិនិយោគប្រមាណ ៣០លានដុល្លារអាមេរិក បានបើកដំណើរការរៀងរាល់ថ្ងៃ សម្តែងសិល្បៈចាប់ពីមោង៧ កន្លះ ដល់មោង៩យប់។ មហោស្របអាចទទួលអ្នកចូលទស្សនាសរុប ១២០០នាក់ ដែលសំបុត្រចូលទស្សនា មានតម្លៃ ២០ដុល្លារអាមេរិក សម្រាប់ភ្ញៀវបរទេសចរ និង៨ដុល្លារ សម្រាប់ជនជាតិខ្មែរ។
តាមការបញ្ជាក់របស់លោក Li Yongxi អ្នកចូលទស្សនាភាគច្រើនជាជនជាតិចិន កូរ៉េ និងជប៉ុន ហើយក៏មានជនជាតិខ្មែរចូលទស្សនាផងដែរ។
គួរបញ្ជាក់ថា ខេត្តព្រះសីហនុ កំពុងតែមានសន្ទុះនៃការវិនិយោគ លើគម្រោងសណ្ឋាគារ ទេសចរណ៍ និងវិស័យអចលនទ្រព្យ ដែលភាគច្រើនវិនិយោគដោយជនជាតិចិន៕
- Video Advertisement -