មានកិច្ចការជាច្រើនដែលត្រូវធ្វើដើម្បីជាប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍នៅតាមដងទន្លេ
សម្រាប់អ្នកអភិវឌ្ឍន៍តាមតំបន់មាត់ទន្លេនៅរាជធានីភ្នំពេញគឺជាទីតាំងមានការពេញនិយម ដោយមានលំនៅដ្ឋាន និងគម្រោងថ្មីៗជាច្រើន។ នេះបង្ហាញឲ្យឃើញនូវប្រជាប្រិយភាពនៃការអភិវឌ្ឍតាមមាត់ទន្លេក្នុងចំណោមអ្នកទិញជនជាតិខ្មែរ និងបរទេស។ មានការចាប់អារម្មណ៍កាន់តែច្រើនឡើងៗលើទីតាំងនៅតាមមាត់ទន្លេក្នុងរាជធានីភ្នំពេញ ជាពិសេសសម្រាប់ខុនដូរស្នាក់នៅ និងផ្ទះប្រភេទ Shop House។ តាមលោកស្រី ចាន់ ម្លប់សុខា មកពីក្រុមហ៊ុនមេធាវីសុខា “អចលនទ្រព្យនៅតាមមាត់ទន្លេគឺល្អសម្រាប់ការវិនិយោគ”។ ទោះជាយ៉ាងណា នៅមានកង្វះកន្លែងលក់រាយ និងកន្លែងកម្សាន្តនៅជ្រោយចង្វារ ហើយវាហាក់បីដូចជារាជធានីភ្នំពេញមិនទាន់បានប្រើប្រាស់តំបន់មាត់ទន្លេយ៉ាងល្អបំផុតនោះទេ។
ជាមួយនិងសម្រស់ធម្មជាតិ និងភាពស្រស់ស្អាតនៃទន្លេសាប និងទន្លេមេគង្គ តំបន់មាត់ទន្លេអាចទាក់ទាញអ្នកទិញក្នុងស្រុកនិងបរទេស។ តាមបណ្តោយដងទន្លេសាប កម្មវិធីទេសចរណ៍ដ៏ពេញនិយមនាពេលបច្ចុប្បន្ននេះរួមមានទេសចរណ៍តាមទូកទស្សនាកន្លែងទាក់ទាញទេសចរណ៍ និងពិសារអាហារពេលល្ងាចលើទូកដំណើរកម្សាន្តនៅលើទឹក។
យើងគួរតែមានមជ្ឈមណ្ឌលសហគមន៍ដែលបានបង្កើតឡើងយ៉ាងល្អ។ យើងអាចផ្លាស់ប្តូរផ្នែកមួយចំនួននៃកំពង់ផែទន្លេភ្នំពេញទៅជាតំបន់កម្សាន្តសហគមន៍មួយដែលសម្បូរទៅដោយហាងអាហារ និងហាងលក់ទំនិញ។ ឧទាហរណ៏ដ៏ល្អមួយគួរតែជាតំបន់មាត់ទន្លេ Asiatique Riverfront នៅទីក្រុងបាងកក ដែលជាកន្លែងពួកគេបានប្តូរពីឃ្លាំងចាស់ៗទៅជាមជ្ឈមណ្ឌលសហគមន៍មួយដែលអាចទាក់ទាញមនុស្សរាប់លាននាក់ នេះបើតាមលោក Chhayleang Nguon នាយកប្រតិបត្តិក្រុមហ៊ុន Retanaka Realty។
ក្រៅពីប្រទេសកម្ពុជា អចលនទ្រព្យតាមមាត់ទន្លេនៅទីតាំងសំខាន់ៗតែងតែមានតម្លៃខ្ពស់ និងជាកន្លែងវិនិយោគដ៏ល្អ។ នៅទីក្រុងបាងកក ទីតាំងសំខាន់បំផុតនៅតាមមាត់ទន្លេត្រូវបានផ្លាស់ប្តូរទៅជាកន្លែងទេសចរណ៍លំដាប់ពិភពលោកដែលរួមមានសណ្ឋាគារលំដាប់ផ្កាយ៥ធំៗ ខុនដូប្រណីត ផ្សារទំនើប និងអាគារប្រវត្ដិសាស្ដ្រផ្សេងៗទៀតដូចជា ប្រាសាទសំខាន់ៗ ផ្សារ និងរាជវាំង។
ដើម្បីប្រើបា្រស់តំបន់មាត់ទន្លេបានល្អបំផុត គេត្រូវការការគាំទ្រពីរដ្ឋាភិបាល ហើយត្រូវមានភាពយុត្តិធម៌ ហើយនេះមិនអាចធ្វើទៅបានក្រោមផែនការទីក្រុងបច្ចុប្បន្ននោះទេ។ ស្របជាមួយគ្នានេះដែរ នេះមិនមែនមានន័យថាត្រូវលើកកម្ពស់តែការអភិវឌ្ឍថ្មីៗប៉ុណ្ណោះទេ – ការថែរក្សាអាគារប្រវត្តិសាស្ត្រគឺកាន់តែមានសារៈសំខាន់ជាងទៅទៀត។ បើមិនដូច្នោះទេ ដីនៅមាត់ទន្លេអាចត្រូវបានលក់ដើម្បីអភិវឌ្ឍន៍ការអភិវឌ្ឍថ្មី ហើយទីក្រុងភ្នំពេញខ្លួនឯងនឹងបាត់បង់នូវភាពទាក់ទាញស្រស់ស្អាតនៃទន្លេ។
គួរមានការធ្វើសេចក្តីព្រាងពីការប្រើប្រាស់ដីនៅតាមបណ្តោយមាត់ទន្លេ ដោយអនុញ្ញាតចំពោះការប្រើប្រាស់ដីសមរម្យដែលជួយធ្វើឲ្យមានតុល្យភាពរវាងភាពទាក់ទាញ ភាពស្រស់ស្អាតនៃអគារទាបៗ សណ្ឋាគារ កន្លែងកំសាន្ត និងកន្លែងប្រវត្តិសាស្រ្តជាដើម។
បច្ចុប្បន្ននេះមានសួនច្បារ និងផ្លូវដើរតាមដងទន្លេសម្រាប់ការប្រើប្រាស់ជាសាធារណៈ ប៉ុន្តែនៅមានការងារនិងការធ្វើទំនើបកម្មបន្ថែមទៀតដែលគួរត្រូវធ្វើ។ ការដឹកជញ្ជូនដែលប្រសើរជាងមុនដោយមានផែ និងនាវាចម្លងច្រើនជាងមុន ដើម្បីតភ្ជាប់ផ្នែកផ្សេងៗនៃមាត់ទន្លេក៏នឹងបង្កើនប្រជាប្រិយភាពនៃអចលនទ្រព្យនៅតំបន់មាត់ទន្លេផងដែរ។
ខណៈដែលរាជធានីភ្នំពេញបន្តរីកចម្រើន ហើយមានការអភិវឌ្ឍជាច្រើនទៀតដែលត្រៀមខ្លួននឹងបង្ហាញរូបរាង ខ្ញុំជឿជាក់ថាយើងនឹងឃើញការផ្លាស់ប្តូរបន្ថែមទៀតនៃតំបន់មាត់ទន្លេភ្នំពេញ។ សំណួរគឺថាតើយើងអាចថែរក្សាភាពទាក់ទាញនិងភាពស្រស់ស្អាតនៃទន្លេ និងអាចទទួលផលចំណេញផ្នែកសេដ្ឋកិច្ចសម្រាប់វិនិយោគិនលើអចលនទ្រព្យនៅក្នុងតំបន់នេះស្របពេលជាមួយគ្នាដែរឬទេ។

- Video Advertisement -