មានដីព្រំជាប់គ្នា គួរយល់ដឹងអំពីអ្វីខ្លះ ដើម្បីជៀសវាសវិវាទ?

តើអ្នកដឹងទេ បើតាមក្រមរដ្ឋប្បវេណី ម្ចាស់ដីបិទជិត ឬដីដែលហ៊ុមព័ទ្ធដោយដីអ្នកដទៃ អាចទាមទារឱ្យបើកច្រកចេញចូលឆ្លងកាត់ដីជិតខាងបាន ហើយបើម្ចាស់ដីជិតខាងមិនព្រម អ្នកក៏អាចប្តឹងឡើងតុលាការបានដែរ។ នេះគ្រាន់តែសិទ្ធិមួយ ក្នុងចំណោមសិទ្ធិផ្សេងៗ សម្រាប់អ្នកមានដីដែលមានព្រំជាប់គ្នា។ មកស្វែងយកទាំងអស់គ្នាថាមានសិទ្ធិអ្វីផ្សេងទៀត?

ដើម្បីបញ្ជៀសបញ្ហាម្ចាស់ដីដែលមានព្រំប្រទល់ជាប់គ្នាគួរយល់ដឹងពីចំណេះដឹង និងប្រការគួរអនុវត្តមួយចំនួនដូចជា៖

១. ការធ្វើរបងលើដីជាប់ព្រំគ្នា (ភាសាច្បាប់ ហៅថារបងអឌ្ឍសិទ្ធិ)

មុនពេលធ្វើរបង ម្ចាស់ដីមានព្រំជាប់គ្នា ត្រូវសហការលើបន្ទុកចំណាយស្មើគ្នាលើការសាងសង់ ជួសជុល និងថែទាំ។ ភាគីម្ខាងនៃព្រំដី អាចបដិសេដមិនសហការចំណាយ ប៉ុន្តែភាគីម្ខាងទៀតនឹងមានសិទ្ធិទាំងស្រុងលើរបងអឌ្ឍសិទ្ធិនោះ។ (មាត្រ២២៤ នៃក្រមរដ្ឋប្បវេណី)

ការធ្វើរបងនេះទៀតសោត ម្ចាស់ដីម្ខាងអាចធ្វើលយចូលដីម្ខាងទៀតក៏បាន តែត្រូវចេញសំណងក្នុងករណីមានការប៉ះពាល់ផ្សេងៗ។ ដូច្នេះ ដើម្បីជៀសវាងវិវាទ នៅពេលធ្វើរបង ភាគីទាំងសងខាងអាចស្នើសុំឱ្យអាជ្ញាធរភូមិ ឃុំ សង្កាត់ និងមន្ត្រីសុរិយោដីជួយវាស់វែងជាមុនសិន។

២. ជញ្ជាំងជាប់គ្នា (ឬជញ្ជាំងអឌ្ឍសិទ្ធិ)
មិនខុសពីរបងអឌ្ឍសិទ្ធិទេ នៅពេលសាងសង់ជញ្ជាំង ម្ចាស់ទាំងសងខាង គួរសហការចេញថ្លៃសាងសង់ស្មើៗគ្នា ហើយមានសិទ្ធិប្រើប្រាស់ និងអាស្រ័យផលបានដូចគ្នា។

ប៉ុន្តែ ក្នុងករណី ភាគីម្ខាងបានសង់ជញ្ជាំងរួចរាល់តែម្នាក់ឯង បើភាគីម្ខាងទៀតចង់សាងសង់ផ្ទះ ឬអគារភ្ជាប់ទៅនឹងជញ្ជាំងនោះ ត្រូវស្នើសុំទៅភាគីម្ចាស់ជញ្ជាំង។ លើសពីនេះ ភាគីស្នើសុំក៏ត្រូវបង់ប្រាក់ពាក់កណ្តាលនៃថ្លៃជញ្ជាំង បូកជាមួយនឹងពាក់កណ្តាលនៃថ្លៃដី ដែលនៅក្រោមជញ្ជាំងនោះផងដែរ។ (មាត្រា២២០ នៃក្រមរដ្ឋប្បវេណី)

៣. ការដាំដើមឈើលើព្រំដី
ភាគីម្ខាងអាចដាំដើមឈើធ្វើជារបងនៅលើព្រំដីនោះបាន ប៉ុន្តែមិនឱ្យមានកំពស់លើសពី ២ម៉ែត្រ ហើយត្រូវមានការយល់ព្រមពីម្ចាស់ដីម្ខាងទៀត។ យ៉ាងណាមិញ ក្នុងករណីដើមឈើកម្ពស់លើសពី ២ម៉ែត្រ ត្រូវដាំឱ្យឆ្ងាយពីព្រំដីចម្ងាយចាប់ពី ២ម៉ែត្រឡើងទៅ។ (មាត្រា ១៥៤ នៃក្រមរដ្ឋប្បវេណី)

៤. ដីបិទជិត
មាត្រា១៤៤ នៃក្រមរដ្ឋប្បវេណី បានទុកសិទ្ធិឱ្យម្ចាស់ដីបិទជិត ឬដីដែលហ៊ុមព័ទ្ធដោយដីអ្នកដទៃហើយគ្មានច្រកចេញចូល មិនថាដីជាប្រភេទដីលំនៅឋាន ឬដីកសិកម្ម ឬដីឧស្សាហកម្មទេ អាចទាមទារសុំបើកច្រកចេញចូលឆ្លងកាត់ដីជិតខាងបាន ប៉ុន្តែត្រូវបង់ប្រាក់សំណងទៅតាមការខូចខាត។ លើសពីនេះ បើការចរចារសុំបើកផ្លូវមិនបានសម្រេច ម្ចាស់ដីបិទជិតក៏អាចប្តឹងសុំឱ្យតុលាការឱ្យសម្រេច អំពីទំហំផ្លូវ និងប្រាក់សំណងបានផងដែរ។

៥. ការចុះបញ្ជីដីធ្លី
ម្ចាស់ដីទាំងសងខាងត្រូវតែដឹងឮ និងចូលរួម នៅពេលមានការវាស់វែងចុះបញ្ជីដីធ្លីទាំងជាប្រព័ន្ធ និងដាច់ដោយដុំ ដោយមន្ត្រីសុរិយោដី។ ប្រសិនបើមានការជំទាស់ ភាគីនៃម្ចាស់ដីជាប់ព្រំអាចប្តឹងទៅគណៈកម្មការសុរិយោដី ដើម្បីស្វែងរកដំណោះស្រាយ។

ម៉្យាងវិញទៀត បន្ទាប់ពីបានកំណត់ និងកសាងប្លង់រួចរាល់ អាជ្ញាធរនឹងធ្វើការបិទផ្សាយជាសាធារណៈអំពីព័ត៌មាននៃដី (ដូចជាឈ្មោះម្ចាស់ដី ទំហំ ទីតាំង និងព្រំដីជាដើម) ក្នុងរយៈពេល៣០ថ្ងៃ។ ក្នុងរយៈពេលនេះ ម្ចាស់ដី ឬអ្នកពាក់ព័ន្ធនឹងដីនោះ អាចធ្វើការតវ៉ា ប្រសិនបើពិនិត្យទៅមានភាពមិនច្បាស់លាស់។

សរុបមក ការប្រើប្រាស់ដីជាប់គ្នាត្រូវធ្វើតាមផ្លូវច្បាប់ មិនអាចធ្វើតាមតែចិត្តឯងបានទេ ដើម្បីជៀសវាងមានវិវាទ។ ប៉ុន្តែក្នុងករណីមានមានវិវាទ គឺត្រូវដោះសា្រយតាមរយៈអាជ្ញាធរមានសមត្ថកិច្ច និងតុលាការ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]