រដ្ឋចាប់ផ្ដើមដាំបង្គោល និងកំណត់ព្រំដី សម្រាប់គម្រោងព្រលានយន្តហោះខេត្តបាត់ដំបង
អាជ្ញាធរមូលដ្ឋានខេត្តបាត់ដំបង បានចាប់ផ្តើមដាំបង្គោល កំណត់ព្រំដី និងចុះបញ្ជីកម្មសិទ្ធិដីធ្លីទីតាំង ស្ថាបនាព្រលានយន្តហោះខេត្តបាតដំបងហើយ។ នេះបើយោងតាមអភិបាលរង ខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ កាលពីថ្ងៃទី២៥ ខែមករា ។
លោក សឿម ប៊ុនរិទ្ធិ បានមានប្រសាសន៍ថា៖ «យើងចាប់ផ្ដើមចុះបញ្ជីដីធ្លីហើយ ដោយបានឆ្វៀលផ្ទៃដីព្រលានយន្តហោះទុកទំាងនៅស្រុកសង្កែ និងក្រុងបាត់ដំបង សម្រាប់ការសាងសង់ឡើងវិញនាពេលខាងមុខ»។
លោកបន្ថែមទៀតថា ប្រជាពលរដ្ឋដែលកំពុងធ្វើស្រែចំការនៅក្នុងដីព្រលានយន្តហោះទាំងដឹងថាជាដីរបស់រដ្ឋត្រូវចាកចេញ ព្រោះរដ្ឋមិនចេញបណ្ណកម្មសិទ្ធិជូនឡើយ។
«ការចាត់ចែងនេះ ទី១ គឺដើម្បីបញ្ឍប់បញ្ហាប្រជាពលរដ្ឋទន្រ្ទានកាន់កាប់ដីរដ្ឋ និងទី ២ ជាការត្រៀមដីឱ្យរួលរាល់ ពោលគឺដើម្បីកុំឱ្យខាតពេលមកដោះស្រាយរឿងដីធ្លី ពេលរដ្ឋាភិបាល និងវិនិយោគិន សម្រេចអនុវត្តគម្រោង» លោកបន្ត។
ដោយឡែក លោកបញ្ជាក់ថា ការងារលម្អិតទាក់ទិននឹងគម្រោង រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកំពុងសិក្សាបន្ថែមជាមួយអ្នកបច្ចេកទេស និងវិនិយោគិន ដែលលោកសង្ឃឹមថានឹងបញ្ចប់ក្នុងពេលឆាប់ៗ។
គួរបញ្ជាក់ផងដែរ ព្រលានយន្តហោះខេត្តបាត់ដំបង បានបើកដំណើរការដំបូង កាលពីឆ្នាំ១៩៦៧ ហើយត្រូវបានបិទដំណើរការទាំងស្រុងត្រឹម ឆ្នាំ១៩៧៥។ ដោយឡែក ហេដ្ឋារចនាសម្ព័ន្ធចាស់ដែលនៅសល់មានផ្លូវរត់ ប្រវែង ១ ៦០០ ម៉ែត្រ និងទទឹង ៣៤ម៉ែត្រ និងស្ថានីយ៍អ្នកដំណើរ។

