រដ្ឋចេញគោលការណ៍កំណត់តំបន់អភិរក្សការពារធម្មជាតិក្នុងខេត្តចំនួន ១៥
រដ្ឋាភិបាលកម្ពុជា បានចេញគោលការណ៍កំណត់តំបន់គ្រប់គ្រង និងសម្រាប់ប្រើប្រាស់អាស្រ័យផលជាក់ស្តែងក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ក្នុងភូមិសាស្ត្រខេត្តចំនួន ១៥ ទូទាំងប្រទេសកម្ពុជា។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ធ្វើឡើងដោយក្រសួងបរិស្ថាន។
ភូមិសាស្ត្រខេត្តទាំង ១៥ រួមមាន ខេត្តត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង កំពង់ធំ សៀមរាប ព្រះវិហារ ឧត្ដរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កំពត និងខេត្តតាកែវ។
រាជរដ្ឋាភិបាល បានចេញជាគោលការណ៍កំណត់តំបន់គ្រប់គ្រង និងសម្រាប់ប្រើប្រាស់អាស្រ័យផលដូចខាងក្រោម៖
- កែសម្រួលព្រំប្រទល់តំបន់ការពារធម្មជាតិនីមួយៗឡើងវិញ ដោយរៀបចំកំណត់តំបន់ជាបួនតំបន់ គ្រប់គ្រងរួមមាន៖ទី១.) តំបន់សហគមន៍ ជាដីភូមិករ និងដីស្រែចម្ការចាស់របស់ប្រជាពលរដ្ឋ ទី២.) តំបន់ប្រើប្រាស់ដោយចីរភាព ជាដីសម្រាប់រួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច ទី៣.) តំបន់អភិក្ស និងទី៤.) តំបន់ស្នូល ជាដីព្រៃឈើជម្រកសត្វព្រៃ និងសេវាប្រព័ន្ធអេកូឡូស៊ីស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
- កែសម្រួលព្រំនៃតំបន់របៀងអភិរក្សជីវៈចម្រុះ ដែលមិនប៉ះពាល់ជាមួយនឹងប្រជាជន និងកំណត់ជាតំបន់អភិរក្សនៃតំបន់ការពារធម្មជាតិនីមួយៗ។
- ប្រគល់ភារកិច្ចជូនអភិបាលនៃគណៈអភិបាលខេត្ត ដែលជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ ថ្នាក់ខេត្ត បន្តដឹកនាំធ្វើការកំណត់អត្តសញ្ញាណក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ក្បាលដី ជាក់ស្ដែងក្នុងតំបន់នីមួយៗឱ្យបានច្បាស់លាស់ ដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាពប្រើប្រាស់ដី ស្នើសុំចុះបញ្ជី និងចេញប័ណ្ណកម្មសិទ្ធិ ស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ច្បាប់ភូមិបាល និងបទប្បញ្ញត្តិលិខិតបទដ្ឋានគតិយុត្តជាធរមាន។
- រក្សាទុក និងចុះបញ្ជីជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ចំពោះទីតាំងមូលដ្ឋានកងទ័ព តំបន់ប្រវត្តិសាស្ត្រយោធា និងតំបន់ការពារសន្តិសុខព្រំដែន ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ ដែលមានក្រសួងបរិស្ថានជាអាជ្ញាធរកាន់កាប់ដីរដ្ឋ ដោយមិនអនុញ្ញាតផ្តល់កម្មសិទ្ធិជូនបុគ្គលឯកជន។
- Video Advertisement -