រដ្ឋចេញគោលការណ៍ថ្មីសម្រាប់ការអនុវត្តគម្រោងទេសចរណ៍ធម្មជាតិតូចជាង១០ហិកតា
ក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធ បានប្រកាសដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំក្នុងការ អនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចដែលមានទំហំផ្ទៃដីក្រោម ១០ហិកតា ស្ថិតនៅក្នុងតំបន់សំខាន់ចំនួន២ គឺតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។ នេះបើយោងតាមសក្ខាសិលាកាលពីថ្ងៃទី០៣ ខែ តុលា ឆ្នាំ ២០២២។
ឯកឧត្តម រ័ត្ន វិរៈ រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា “ការរៀបចំគោលការណ៍ណែនាំបច្ចេកទេស គឺជាសេចក្តីត្រូវការចាំបាច់ ក្នុងការតម្រង់ទិស និងចង្អុលបង្ហាញអំពីដំណើរការបំពេញបែបបទនីតិវិធី ការរៀបចំ និងអនុវត្តគម្រោង ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការប្រើប្រាស់ដី ការត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីធានាបាននូវការរៀបចំផលិតផល និងសេវាទេសចរណ៍ធម្មជាតិប្រកបដោយទទួលខុសត្រូវ។
ជាមួយគ្នានេះដែរ លោកស្រី Salimata D. Follea តំណាងធនាគារពិភពលោក បានឱ្យដឹងដែរថា គម្រោងនិរន្តភាពតំបន់ទេសភាពទេសចរណ៍ធម្មជាតិកម្ពុជា គឺក្នុងគោលបំណងក្នុងការលើកកម្ពស់គ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា។ លោកស្រីបន្តថា គម្រោងនេះ មានសមាសភាពចំនួន៣ គឺទី១_រៀបចំគម្រោងក្នុងការគ្រប់គ្រង ទី២_ការរៀបចំឱកាសក្នុងការអភិវឌ្ឍន៍ខ្សែសង្វាក់ផលិតកម្ម និងទី៣_ការផ្សារភ្ជាប់ទីផ្សារ។
សូមបញ្ជាក់ថា បើតាមក្រសួងបរិស្ថាន បានឱ្យដឹងថា អេកូទេសចរណ៍ និងទេសចរណ៍វប្បធម៌បានរីកចម្រើនជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ និងបានរួមចំណែកជាង១០% នៅក្នុងផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ។
ដោយឡែក បើតាមប្រភពដដែល បានបញ្ជាក់ដែរថា គិតមកដល់ពេលនេះ កម្ពុជាបានបង្កើតតំបន់ការពារធម្មជាតិចំនួន៧៣ និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិចំនួន០៣ (របៀងអភិរក្សជីវៈចម្រុះឦសាន របៀងអភិរក្សជីវៈចម្រុះឧត្តរ និងរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ) សរុបផ្ទៃដីមានប្រមាណជា ៧,២លានហិកតា ស្មើនឹង៤១% នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល៕
រូបភាពដោយ aiscc

