រដ្ឋចេញគោលការណ៍ថ្មី រឹតបន្ដឹងអាជីវកម្មកាស៊ីណូជាងមុន
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) កាលពីថ្ងៃទី ២០ តុលា បានចេញសេចក្តីណែនាំថ្មីមួយ ដើម្បីគ្រប់គ្រង និងរឹតបន្តឹងអាជីវកម្មកាស៊ីណូនៅកម្ពុជា ឱ្យមានសណ្ដាប់ធ្នាប់ ស្របច្បាប់ និងតម្លាភាព។
យោងតាមឯកសារ ខ្លឹមសារសង្ខេបនៃសេចក្ដីណែនាំ មានដូចខាងក្រោម៖
១. ប្រតិបត្តិករកាស៊ីណូ ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ឬបន្ត សុពលភាពអាជ្ញាបណ្ណកាស៊ីណូ មក គ.ល.ក. ដោយត្រូវផ្អែកលើគោលការណ៍នៃ សជណ បើមិនដូច្នេះនឹងត្រូវពិន័យតាមច្បាប់
២. ប្រតិបត្តិករកាស៊ីណូ ដែលទទួលបានអាជ្ញាបណ្ណ អាចធ្វើប្រតិបត្តិការកាស៊ីណូបានតែនៅក្នុងបរិវេណទីតាំងដែលបានកំណត់ប៉ុណ្ណោះ។
៣. ប្រតិបត្តិករកាស៊ីណូ ដែលធ្លាប់មានអាជ្ញាបណ្ណកាស៊ីណូពីក្រសួង សេដ្ឋកិច្ច អាចបន្ដអាជីវកម្មបាន តែស្ថិតនៅក្រោមការគ្រប់គ្រង និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងរបស់ គ.ល.ក.។
៤. ប្រតិបត្តិករកាស៊ីណូ ត្រូវដាក់តាំងបង្ហាញអាជ្ញាបណ្ណ ឬលិខិត បញ្ជាក់នីតិភាពច្បាប់ដើម នៅកន្លែងដែលអាចមើលឃើញ ក្នុងទីតាំងធ្វើអាជីវកម្មរបស់ខ្លួន។ការប្រើអាជ្ញាបណ្ណ ឬលិខិតបែបថតចម្លង នៅទីតាំងផ្សេងនឹង ចាត់ទុកថាជាការក្លែងបន្លំ ដែលត្រូវប្រឈមនឹងកាពិន័យជាធរមាន។
៥. ប្រតិបត្តិករកាស៊ីណូ ត្រូវបង់ចំណូលកាតព្វកិច្ចពីល្បែងគ្រប់ប្រភេទ ឱ្យបានគ្រប់ចំនួន និង ទាន់ពេលវេលា ទៅតាមច្បាប់។

