រដ្ឋចេញចក្ខុវិស័យ ៤ ចំនុច ប្ដូរមណ្ឌលគិរីជាតំបន់អេកូទេសចរណ៍លំដាប់អន្តរជាតិ

រដ្ឋាភិបាលកម្ពុជា បានកំណត់យកចក្ខុវិស័យចំនួន៤ចំនុចធំៗ ដើម្បីប្រែក្លាយខេត្តមណ្ឌលគិរីជាខេត្តអេកូទេសចរណ៍លំដាប់អន្តរជាតិ។

ចក្ខុវិស័យទាំង៤ចំនុចនេះ ត្រូវបានប្រកាសក្នុងពិធីផ្សព្វផ្សាយសមាសភាពនៃគណៈកម្មាធិការដឹកនាំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (គ.ដ.ផ.ម) កាលថ្ងៃទី៤ ខែកក្កដា។

ចក្ខុវិស័យនេះ គឺដើម្បីរួមចំណែកអនុវត្តផែនការមេ(២០២១-២០៣៥) ដោយរួមមាន៖

ទី១៖ ខេត្តមណ្ឌលគិរីនឹងក្លាយជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងក្រៅប្រទេស។

ទី២៖ ឆ្នាំ២០៣៥ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្តមណ្ឌលគិរីនឹងកើនឡើងដល់ប្រមាណ ៩០ម៉ឺននាក់ ខណៈដែលចំនួនភ្ញៀវទេសចរក្នុងស្រុកនឹងកើនឡើងដល់ប្រមាណ ២លាននាក់ បង្កើតការងារប្រមាណ៨ម៉ឺនកន្លែង និងបង្កើតចំណូលដោយផ្ទាល់ប្រមាណ ៥០០លានដុល្លារ និងដោយប្រយោលប្រមាណ ១,០០០លានដុល្លារ ជាមួយមេគុណប្រសិទ្ធភាពចំនួន២ដង ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចខេត្តមណ្ឌលគិរី។

ទី៣៖ រួមចំណែកធ្វើឲ្យភូមិភាគឦសានដែលមានខេត្តមណ្ឌលគិរីជាស្នូល ជាប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីតំបន់រាជធានីភ្នំពេញ តំបន់ឆ្នេរ និងតំបន់សៀមរាប និងធ្វើសមាហរណកម្មខេត្តមណ្ឌលគិរីជាមួយតំបន់ផ្សេងៗក្នុងប្រទេស និងក្នុងតំបន់។

ទី៤៖ រក្សាតុល្យភាពឲ្យបានម៉ឺងម៉ាត់រវាងការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និងអន្តរវិស័យគាំទ្រ ជាមួយការអភិរក្សធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ ជនជាតិដើមភាគតិច ឈរលើគោលការណ៍នៃការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌ទៅដល់ភាគីពាក់ព័ន្ធ។

នាឱកាសនោះដែរ ឯកឧត្ដម ថោង ខុន ក៏បានស្នើឲ្យបណ្តាក្រុមហ៊ុន និងអ្នកវិនិយោគនានាលើកជាគម្រោងអភិវឌ្ឍន៍ និងវិនិយោគនានា ទាំងក្នុងវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធនានាក្នុងខេត្តមណ្ឌលគិរី ដើម្បីរួមគ្នាសម្រេចឲ្យបានតាមចក្ខុវិស័យដែលបានដាក់ចេញប្រកបដោយប្រសិទ្ធភាព៕

- Video Advertisement -