រដ្ឋធ្វើទំនើបកម្មកាម៉េរាតាមផ្លូវជាតិលេខ ៣ ឱ្យឆ្លាតវៃ ចាំចាប់អ្នកមិនគោរពច្បាប់ចរាចរណ៍
ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងរៀបចំភ្ជាប់ប្រព័ន្ធអ៊ីនធើណេតជាមួយកាមេរ៉ាសុវត្ថិភាពនៅលើផ្លូវជាតិលេខ ៣ ដើម្បីចាប់អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍នៅលើដងផ្លូវ ហើយនឹងផាកពិន័យដល់ផ្ទះតែម្តង។
នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។
ឯកឧត្តមថា ការបំពាក់កាមេរ៉ាតាមបណ្តោយផ្លូវជាតិលេខ ៣ នៅមិនទាន់បានសម្រេចពេញលេញនៅឡើយ ដោយសារការតភ្ជាប់ប្រព័ន្ធអ៊ិនធើណេតមានការយឺតយ៉ាវ ប៉ុន្តែនឹងជំរុញឱ្យបានលឿនបំផុត។
ក្រៅពីនេះ ក្រសួងក៏នឹងដាក់កាមេរ៉ាឆ្លាតវៃដូចគ្នាលើ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ ៤១ ដែលត្រៀមនឹងសាងសង់ផងដែរ។
ឯកឧត្តមថា៖ «កាមេរ៉ាផ្លូវជាតិលេខ ៣ ថតច្បាស់ណាស់ ថតបានទាំងអស់ អីចឹងយើងត្រៀមដូចគ្នានៅផ្លូវជាតិលេខ៣១ ៣៣ និងផ្លូវលេខ៤១ ហើយយើងកំពុងពិភាក្សាជាមួយជប៉ុន ដាក់កាមេរ៉ាដែរ នៅផ្លូវជាតិលេខ៧។»
តាមរយៈកាមេរ៉ាទាំងអស់នេះ ខាងសមត្ថកិច្ចនឹងអនុវត្តច្បាប់ ដោយចាប់ល្បឿននៃអ្នកបើកបរហួសល្បឿនកំណត់ ខណៈពេលចាប់បានហើយ គឺចេញវិក្កយបត្រផាកពិន័យទៅដល់ផ្ទះតែម្តង។

