រដ្ឋបន្តលើកលែងពន្ធសម្រាប់វិស័យទេសចរណ៍ និងសណ្ឋាគារដល់ខែធ្នូ ២០២២

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដការលើកលែងពន្ធដល់វិស័យទេសចរណ៍ និងសណ្ឋាគារ ០៣ខែបន្ថែមទៀត ចាប់គិត​ពី​​ខែ​តុលា ​ដល់​ខែ​ធ្នូ ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។

រដ្ឋបានបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះ​សំណា​ក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយ អគ្គនាយកដ្ឋានពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និង ខេត្តព្រះសីហនុ សម្រាប់រយៈពេល ៣ ខែបន្ថែម​ទៀត គឺពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២២ ។

អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់​ការគ្រប់​គ្រង​​អាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនេះ ។

ជាមួយគ្នានេះផងដែរ រដ្ឋបានលើកលែងការបង់ពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ២០២២ ចំពោះសណ្ឋាគារ ផ្ទះ​សំណា​ក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និង មាន​សកម្មភាពអាជីវកម្ម នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ។

- Video Advertisement -