រដ្ឋបាលក្រុងភ្នំពេញ អនុញ្ញាតឱ្យអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ដំណើរការឡើងវិញហើយ
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃព្រឹកថ្ងៃទី ៣០ វិច្ឆិកា ចេញសម្ដេចសម្រេចថ្មី អនុញ្ញាតឱ្យបើកដំណើរការឡើងវិញចំពោះអាជីវកម្មខារ៉ាអូខេ រង្គសាល និងឌីស្កូតែក នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ តែត្រូវធ្វើតាមគម្លងប្រក្រតីភាពថ្មី។
តាមសេចក្តីសម្រេចថ្មីនេះ គឺកែប្រែទៅលើប្រកាសកាលពីម្សិលមិញ (២៩ វិច្ឆិកា) ដែលថាអាជីវកម្មខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ត្រូវផ្អាកសិនដោយត្រូវរង់ចាំរហូតដល់ក្រោយថ្ងៃទី៥ ខែធ្នូ។
ក្នុងសេចក្តីសម្រេចថ្មីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ទៅម្ចាស់ទីតាំង និងម្ចាស់អាជីវកម្មពាក់ព័ន្ធទាំងនោះ ឱ្យចាត់តាំងបុគ្គលិកប្រចាំការមុខច្រកចេញចូលដើម្បីត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង និងការអនុវត្តវិធានការសុខាភិបាលផ្សេងៗ។
ចំពោះករណីល្មើស រដ្ឋបាលនឹងចាត់វិធានការដកហូតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត និងឈានដល់ការបិទទីតាំងទាំងស្រុង រីឯបុគ្គលល្មើស នឹងត្រូវអនុវត្តទណ្ឌកម្មតាមច្បាប់ រួមទាំងការផ្សព្វផ្សាយជាសាធារណៈចំពោះបុគ្គលល្មើសទាំងនោះ។
ការបើកដំណើរការឡើងវិញសេវាកម្សាន្ត គឺធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញកាលពីដើមខែវិច្ឆិកា និងចាប់ទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងឡើងវិញ។

