រដ្ឋបាលខេត្តព្រះសីហនុកំពុងពិចារណាកាត់ដីឱ្យ៥៣ គ្រួសារនៅកោះរ៉ុង និងកោះរ៉ុងសន្លឹម
រដ្ឋបាលខេត្តព្រះសីហនុកំពុងធ្វើការសិក្សាកាត់ដីជូនប្រជាពលរដ្ឋ ៥៣ គ្រួសារ ដែលស្នាក់នៅ និងអាស្រ័យផលពិតប្រាកដ ក្នុងសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម។ នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី ២៩ ខែកញ្ញា របស់រដ្ឋបាលខេត្តព្រះសីហនុ។
សេចក្តីជូនដំណឹង ក៏បានបញ្ជាក់ឱ្យដល់ប្រជាពលរដ្ឋទាំង ៥៣ គ្រួសារនេះ ត្រូវផ្តល់ឯកសារពាក់ព័ន្ធការកាន់កាប់ដីធ្លី ជូនរដ្ឋបាលចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២០ ជាកំហិត បើមិនដូច្នោះទេ រដ្ឋនឹងមិនទទួលពិនិត្យស្រាវជ្រាវឯកសារទៀតឡើយ។
ឯកសារពាក់ព័ន្ធទាំងនោះរួមមាន៖
– អត្តសញ្ញាណប័ណ្ឌសញ្ជាតិខ្មែរ សៀវភៅគ្រួសារ និង/ឬសៀវភៅស្នាក់នៅ
– ឯកសារបញ្ជាក់ការកាន់កាប់ដីធ្លី (លិខិតទិញ-លក់ ឬ/និងពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី ឬ/និងលិខិតផ្ទេរសិទ្ធិ ឬ/និងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។ល។)
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជួលកោះរ៉ុង ទៅឱ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប សម្រាប់រយៈពេល ៩៩ឆ្នាំ ដើម្បីអភិវឌ្ឍជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម និងរមណីដ្ឋានទេសចរធម្មជាតិ។
កាលពីខែកក្កដាកន្លងទៅ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏បានបោះទុន ៣៥លានដុល្លារ សាងសង់ផ្លូវប៉េតង់ប្រវែង ៧០គីឡូម៉ែត្រ នៅលើកោះរ៉ុង ដែលនេះជាជំហានមួយនៃផែនការមេរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍន៍កោះរ៉ុងផងដែរ។ (អានបន្ថែម)


