រដ្ឋមន្ត្រីក្រសួងទេសចរណ៍ណែនាំអនុសាសន៍ ៥ចំណុច ដើម្បីធានាការគ្រប់គ្រង និងអភិវឌ្ឍតំបន់មាត់ឆ្នេរ

ឯកឧត្តមបណ្ឌិត ថោង​ ខុន​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រង និង​អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក)​ បានផ្តល់អនុសាសន៍ណែនាំចំនួន ៥ ចំណុច ដល់ខេត្តទាំង ៤ ជាប់​មាត់​​សមុទ្រ ដើម្បីធានាការគ្រប់គ្រង និងការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាព និង​បរិយា​បន្ន។

នេះជាការលើកឡើងក្នុងសិក្ខាសាលាស្តីពី បទដ្ឋានគតិយុត្តនានាក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា កាលពីថ្ងៃ៣០ ខែឧសភា ឆ្នាំ២០២២។

អនុសាសន៍ណែនាំទាំង ៥ ចំណុច រួមមាន៖

១-​ ការពារ និងថែរក្សាឆ្នេរសមុទ្រ ដីចំណីឆ្នេរសមុទ្រ និងអភិវឌ្ឍផ្លូវសាធារណៈ និងបណ្តាញ​បៃតង​តាមបណ្តោយ​ឆ្នេរ ដើម្បីជាលំហសាធារណៈប្រកបដោយសុខដុមរមនា និងទាក់ទាញភ្ញៀវទេសចរនៅតំបន់ឆ្នេរសមុទ្រ តាមរយៈ​ការ​រៀបចំផែនការប្រើប្រាស់ដី និងប្លង់លម្អិតនគរូបនីយកម្ម។

២-​ ការពារ និងថែរក្សាដៃសមុទ្រ ស្ទឹង ព្រែក ផ្លូវទឹកដែលតភ្ជាប់​ទៅនិងសមុទ្រដែលជាទ្រព្យសម្បត្តិ​សាធារណៈ​រប​ស់​​​​រដ្ឋ តាមរយៈការរៀបចំផែនការប្រើប្រាស់ដី និងប្លង់លម្អិតនគរូបនីយកម្ម ដើម្បីគ្រប់គ្រងការអភិរក្ស និង​អភិ​វឌ្ឍ​ប្រកប​​ដោយចីរភាព និងសុខដុមរមនា។

៣-​ ធានាការគ្រប់គ្រង ថែរក្សាស្រែអំបិល ដែលជាសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ និងប្រភព​នៃសន្តិសុខ​ស្បៀង​របស់​ប្រ​ទេ​ស​កម្ពុជា តាមរយៈការគ្រប់គ្រង​ ការអភិវឌ្ឍដី ស្របតាមបទប្បញ្ញត្តិនគរូបនីយកម្ម និងប្រើប្រាស់ដីជាធរមាន។

៤-​ ការពាររក្សា ភ្នំ ព្រៃឈើ និងទេសភាពធម្មជាតិនៃតំបន់ឆ្នេរសមុទ្រដែលជាមរតកប្រវត្តិសាស្រ្ត​ ឱ្យគង់វង្ស​តាម​រយៈ​​ការដាក់នូវវិធានការ​ ផែនការគ្រប់គ្រង និងតាមដានការភិវឌ្ឍន៍ជាប្រចាំ។

៥-​ លើកកម្ពស់ការគ្រប់គ្រងអភិរក្សកោះ និងប្រជុំកោះ ដោយធានាបាននូវធនធានធម្មជាតិ ទេសភាព និងជីវៈ​ចម្រុះ​នៅ​លើកោះ និងជុំវិញកោះប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយមានផែនការត្រួតពិនិត្យច្បាស់លាស់។

 

- Video Advertisement -