រដ្ឋមន្ត្រីព្រមានបិទអាវជីកម្មសំណង់ណាដែលមិនគោរពតាមបទដ្ឋានបច្ចេកទេស
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់ក្រុមហ៊ុនប្រកបអាវជីកម្មសំណង់នៅកម្ពុជាទាំងអស់ឲ្យគោរពទៅតាមច្បាប់បទដ្ឋានបច្ចេកទេស បើមិនដូច្នេះទេ ក្រសួងនឹងបិទអាជីវកម្មទាំងនោះ ដោយគ្មានការលើកលែង។
ការលើកឡើងខាងលើនេះ គឺធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការសិក្សាគម្រោងប្លង់ និងសាងសង់អគារ ជាមួយក្រុមហ៊ុនសិក្សាគម្រោងប្លង់ ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនរូបវ័ន្តបុគ្គល និងក្រុមជាងសំណង់ ដែលបានប្រព្រឹត្តឡើងនៅឯសណ្ឋាគារ សុខា ភ្នំពេញ កាលពីព្រឹកថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០១៩។
ថ្លែងអំពីកំណើនវិនិយោគយ៉ាងគំហុកនៅក្នុងវិស័យសំណង់ ទៅកាន់អ្នកចូលរួមប្រមាណជាជិត ១០០០ នាក់ ឯកឧត្តម ជា សុផារ៉ា បានមានប្រសាសន៍ថា៖ «ជាមួយនឹងការរីកចម្រើនដ៏ខ្លាំងខ្លានេះ ការគោរពច្បាប់ បទដ្ឋាន និងស្តង់ដារបច្ចេកទេស ជាប្រការចាំបាច់បំផុត។ ស្ថិតនៅក្នុងបរិការនេះ ការពង្រីកវិធានការច្បាប់ និងការចូលរួមគោរពច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈ និងគោរពកាតព្វកិច្ច ប្រកបដោយការទទួលខុសត្រូវជាកត្តាចាំបាច់មិនអាចខ្វៈបាន»។
ក្រៅពីធ្វើការអំពាវនាវឲ្យក្រុមហ៊ុនទាំងអស់ចូលរួមគោរពច្បាប់ ឯកឧត្តម ជា សុផារ៉ា ក៏បានព្រមានបិទរោងចក្រផលិតស៊ីម៉ងត៍មួយចំនួននៅក្នុងខេត្តព្រះសីហនុ ហើយហាមមិនឲ្យមានការនាំចូលផលិតផលដែកដែលគ្មានគុណភាព ដែលទាំងពីរនេះ សុទ្ធសឹងតែជាធាតុផ្សំដ៏សំខាន់សម្រាប់ការងារសាងសង់។
ឯកឧត្តម បានមានប្រសាសន៍ថា៖ «រោងចក្រផលិតស៊ីម៉ងត៍មួយចំនួនគាត់យកខ្សាច់មកលាយ តើសំណង់បែបនេះមានគុណភាពនឹងភាពរឹងមាំដែរឬទេ? អញ្ជឹង ថ្ងៃខាងមុខនេះមានបិទខ្លះទៅខេត្តព្រះសីហនុ»។
ឯកឧត្តមបន្តទៀតថា៖«ហើយខ្ញុំក៏បានសំណូមពរទៅវិទ្យាស្ថានជាតិបច្ចេកទេស គឺឲ្យគាត់ធ្វើសេចក្តីសន្និដ្ឋាន ហើយករណីដែលចាប់បានគឺមានតែបិទចោល ហើយពីថ្ងៃនេះទៅ កុំឲ្យមានអ្នកណាមកអន្តរាគមន៍»។
ជាងនេះទៀត ដើម្បីឲ្យការងារសាងសង់ធានាបាននូវគុណភាព សុវត្ថិភាព សោភណ័ភាព សណ្ឋាប់ធ្នាប់សាធារណៈ និងបរិស្ថានល្អ ឯកឧត្តម បានបញ្ជាក់ទៀតថា៖ «សំណង់ដែលគ្មានច្បាប់ មិនអនុញ្ញាតឲ្យសាងសង់ ក្នុងករណីល្មើសជាមួយនឹងការហាមឃាត់ វិធានការច្បាប់ត្រូវមានជាបន្ទាន់ ដោយគ្មានការលើកលែង»។
គួររម្លឹកថា សេចក្តីអំពាវនាវនេះ គឺធ្វើឡើងបន្ទាប់ពីមានហេតុការណ៍បាក់រលំអគារនៅក្នុងខេត្តព្រះសីហនុដោយសារសំណង់មិនមានគុណភាពស្របតាមលក្ខណៈបច្ចេកទេស ដែលបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន២៨នាក់។

- Video Advertisement -