រដ្ឋមន្រ្តី ស៊ុន ចាន់ថុល ស្នើអាមេរិកឱ្យជួយលើ ៣ ចំណុចធំៗ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើទៅកាន់សហរដ្ឋអាមេរិកឱ្យជួយលើ ៣ ចំណុចធំៗ ទិសដៅរួមគ្នាជួយលើកកម្ពស់វិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ការស្នើនេះ ធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល និងឯកឧត្ដម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។

សំណើទី ១ ឯកឧត្តម ស៊ុន ចាន់ថុល ចង់ឃើញក្រុមហ៊ុនអាមេរិកមកវិនិយោគនៅកម្ពុជាបន្ថែមក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ តួយ៉ាងដូចជាគម្រោងផ្លូវជាតិលេខ៤ ដែលសាងសង់ឡើងដោយសហរដ្ឋអាមេរិកនាពេលកន្លងមក។

លើសពីនេះ ឯកឧត្តមក៏បានស្នើឱ្យភាគីអាមេរិក ជួយផ្ដល់សម្ភារៈបច្ចេកទេសបរិក្ខារទំនើបៗផ្សេងៗ ដើម្បីពង្រឹងគុណភាពផ្លូវនៅកម្ពុជា ពិសេសឧបករណ៍សម្រាប់ខួងពិនិត្យមើលគុណភាពផ្លូវជាដើម។

លើសនេះ ឯកឧត្តមក៏បានស្នើឱ្យភាគីអាមេរិក ជួយផ្ដល់គ្រូបង្រៀន និងសហការគ្នាលើការពង្រឹងសមត្ថភាពវិស្វករ ដើម្បីកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់អាចកសាងផ្លូវថ្នល់ស្ពាន ដោយខ្លួនឯងបានថែមទៀត។ទាក់ទិន និងសំណើខាងលើ ឯកឧត្ដម Patrick Murphy ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រឹង និងពង្រីកកិច្ចសហការថែមទៀត ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន។

- Video Advertisement -